ឧត្តមសេនីយ៍ឯក ហេង ហុង មេបញ្ជាការរងកងទ័ពជើងគោក អញ្ជើញបិទវគ្គហ្វឹកហ្វឺនជំនាញការពារអាកាសនិង សម្ភោធ អគារទីបញ្ជាការវរសេនាតូចលេខ៩១ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ
នៅបញ្ជាការដ្ឋានការពារអាកាសកងទ័ពជើងគោក ឧត្តមសេនីយ៍ឯក ហេង ហុង មេបញ្ជាការរងកងទ័ពជើងគោកបានអញ្ជើញបិទបិទវគ្គហ្វឹកហ្វឺនជំនាញការពារអាកាស និងសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារ ទីបញ្ជាការវរសេនាតូចការពារអាកាសលេខ៩១ ភូមិព្រៃទា១ សង្កាត់ចោមចៅ៣ ខ័ណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០។
ឧត្តមសេនីយ៍ទោ សុខ ប៉ាង នាយសេនាធិការរងកងទ័ពជើងគោក មេបញ្ជាការ បញ្ជាការដ្ឋានការពារអាកាស បានឲ្យដឹងថា អគារទីបញ្ជាការវរសេនាសេនាតូចការពាអាកាសលេខ៩១ ជាអំណោយរបស់ក្រុមហ៊ុន ឆាយណា រ៉េលវេ 18TH ប្សូរ៉ូ គ្រុប ( ខេមបូឌា ) អង្គភាពសម្ព័ន្ធមេត្រីភាព ជាមួយវរសេនាតូចការពារអាកាស លេខ៩១ បញ្ជាការដ្ឋានការពារអាកាសកងទ័ពជើងគោក ដោយបានដំណើរការសាងសង់ កាលពីខែមេសា ឆ្នាំ២០២០ ចំណាយថវិការអស់១០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ។ ដោយឡែកចំពោះវគ្គហ្វឹកហ្វឺនជំនាញការពារអាកាសដែលបានប្រារព្ធបិទនាពេលនេះ បានដំណើរការបើករយៈពេល៣ខែ មានសិក្ខាកាមចំនួន១០០នាក់ គណៈគ្រប់គ្រងវគ្គ និងគ្រូយោធាចារ្យចំនួន ១០នាក់ ។ ក្រោយពេលបញ្ចប់វគ្គ សិក្ខាកាមទទួលបាននិទ្ទេសល្អប្រសើរស្មើរ ១៨% និទ្ទេសល្អ ៤៧% និទ្ទេសល្អបង្គួ៣១% និងនិទ្ទេសមធ្យម ៤% ។
ក្នុងឱកាសនោះឧត្តមសេនីយ៍ឯក ហេង ហុង បានសម្តែងនូវមោទនភាពខ្ពស់ចំពោះសិក្ខាកាមវគ្គជំនាញការពារអាកាស ដែលបានបញ្ចប់វគ្គសិក្សារៀនសូត្រវគ្គជំនាញនេះអស់ពេល០៣ខែ ដោយទទួលបានលទ្ធផលវិជ្ជមាន ។ ឯកឧត្តមមេបញ្ចាការរង បានគូសបញ្ជាក់ថាជំនាញការពារអាកាសជាជំនាញមួយមានសារសំខាន់មិនអាចខ្វះបាននៅក្នុងចំណោមជំនាញដ៏ទៃទៀត ហើយឧត្តមសេនីយ៍ឯក ហេង ហុង ក៏បានចាត់ទុក ជំនាញនេះថា បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការកម្ទេចគោលដៅសត្រូវទាំងនៅលើផ្ទៃអាកាស ផ្ទៃដី និងផ្ទៃទឹក និងមានភារកិច្ចការពារដែនអាកាសនៃព្រះរាជាណាចក្រកម្ពុជា និងទីតាំងមួយចំនួនទៀត ។ឧត្តមសេនីយ៍ឯក ហេង ហុង បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ត្រូវលើកកំពស់ស្មារតីស្នេហាជាតិ និងគោរពឲ្យបានម៉ឺងម៉ាត់រាល់បទបញ្ជារបស់ក្រសួងការពារជាតិ អគ្គបញ្ជាការ និងមេបញ្ជាការកងទ័ពជើងគោកបានប្រគល់ជូន ត្រូវគ្រប់គ្រងសម្ភារះ បរិក្ខា គ្រឿងបំពាក់អោយបានល្អ និងសុវត្ថិភាព ៕