ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រទាក់ទងនឹងនយោបាយឈ្នះឈ្នះ «គោលនយោបាយ ឈ្នះ ឈ្នះ នាំមកនូវសុខសន្តិភាព ស្ថេរភាពពេញលេញ និងការអភិវឌ្ឍលើគ្រប់វិស័យនៅកម្ពុជា»​(វគ្គទី៣)

ការធ្វើសមាហរណកម្មកម្លាំងក្រោមបង្គាប់របស់លោក កែវ ពង្ស នៃទិសភ្នំឳរ៉ាល់ នៃខេត្តកំពង់ស្ពឺ បានប្រព្រឹត្តទៅ នៅថ្ងៃទី១១ កុម្ភៈ ឆ្នាំ១៩៩៦ ក្រោមការរៀបចំរបស់លោកឧត្តមសេនីយ៍ ប៉ុល សារឿន តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី។ យោងតាមសៀវភៅយុទ្ធសាស្ត្រឌីហ្វីដតេជោសែននៃកម្ពុជា លោកឧត្តមសេនីយ៍ ប៉ុល សារឿន នៅថ្ងៃទី៧កុម្ភៈឆ្នាំ១៩៩៦ បានដាក់បញ្ជាឲ្យបណ្តាកងឯកភាពនៃកងយោធពលខេមរភូមិន្ទ ដែលប្រតិបត្តិការនៅទិសឳរ៉ាល់ ត្រូវចាត់ចែងទទួលកម្លាំងផ្តាច់ខ្លួននិងអាវុធគ្រប់ធុននៃកងពលលេខ១៨របស់ លោក កែវ ពង្ស។ នៅជាមួយគ្នានោះផងទៀត ដំណើរការដោះមីននៅតាមផ្លូវនៃតំបន់ភ្នំឳរ៉ាល់ ដើម្បីការភ្ជាប់ទំនាក់ទំនង រវាងអតីតភូមិខ្មែរក្រហមលើកដំបូងភ្ជាប់មកតំបន់គ្រប់គ្រងរដ្ឋាភិបាល បានប្រព្រឹត្តទៅ ជាមួយនឹងការផ្សព្វផ្សាយ អប់រំដល់ក្រុមទាហានផ្តាច់ខ្លួននិងគ្រួសាររបស់ពួកគេទាំងឡាយនោះ ព្រមទាំងការជួយបង្កលក្ខណៈឲ្យពួកគេ កាន់តែមានអារម្មណ៍ជឿជាក់លើគោលការណ៍៣ចំណុចនៃនយោបាយឈ្នះឈ្នះ ដាក់ចេញដោយប្រមុខដឹកនាំ រាជរដ្ឋាភិបាល។
ក្រោយការរៀបចំនិងការជួយបង្កលក្ខណៈគ្រប់បែបយ៉ាងទាំងអស់នោះហើយ ពិធីប្រកាសជាផ្លូវការនៃការធ្វើ សមាហរណកម្មរបស់កងពលលេខ១៨ដឹកនាំដោយលោកកែវពង្ស ត្រូវបានប្រារព្ធ ឡើងនៅថ្ងៃទី១១កុម្ភៈឆ្នាំ ១៩៩៦ ដែលក្នុងនោះកម្លាំងខ្មែរក្រហម ដែលមករួបរួមក្នុងជួររដ្ឋាភិបាលមានចំនួន៣១៥នាក់, អាវុធច្រើនរយដើម និងសម្ភារៈសឹកជាច្រើនទៀត។ ប្រជាជននៃក្រុមគ្រួសារខ្មែរក្រហមមានចំនួន៤០០គ្រួសារដែលស្មើនឹងចំនួនពលរដ្ឋ១ពាន់៣៥០នាក់ ព្រមជាមួយទាំងរទេះគោ, រទេះក្របីនិង សម្ភារៈមួយចំនួនទៀត។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា ទីបំផុតសន្តិភាពបានចាប់ផ្តើម ចេញពីតំបន់ឳរ៉ាល់ដែលជាកន្លែងផ្ទុះមុនគេបំផុត។
តំបន់ឳរ៉ាល់ គឺជាអតីតតំបន់សមរភូមិប្រយុទ្ធដ៏ក្តៅគគុករវាងកងយោធពលខេមរភូមិន្ទ និងក្រុមខ្មែរក្រហម។ តំបន់ឳរ៉ាល់នេះ ក៏ជាអតីតទីតាំងរឹងមាំមួយរបស់ខ្មែរក្រហម, ជាមូលដ្ឋានតស៊ូរបស់ទ័ពព្រៃ តាំងពីការ ចាប់ផ្តើមតស៊ូរបស់ក្រុមខ្មែរក្រហមនោះមកម្ល៉េះ។ ការចុះចូលរបស់លោក កែវ ពង្ស បានកាត់បន្ថយយ៉ាងច្រើននូវអំពើអុកឡុករបស់កម្លាំងទ័ពព្រៃខ្មែរក្រហមជាច្រើន ដែលមិនត្រឹមតែនៅក្នុងខេត្តកំពង់ស្ពឺប៉ុណ្ណោះទេ គឺមានតាមតំបន់ខ្លះក្នុងខេត្តពោធិ៍សាត់, ខេត្តព្រះសីហនុនិងខេត្តកោះកុងទៀតផង។
បន្ទាប់ពីគោលការណ៍៣ចំណុចត្រូវបានអនុវត្តដោយជោគជ័យនៅតំបន់ឳរ៉ាល់នោះមក ប្រមុខនៃប្រតិបត្តិករនយោបាយឈ្នះឈ្នះ បានបញ្ជាក់ថា គេបានរៀបចំទិសដៅទៅកាន់កន្លែងដទៃទៀតរបស់សំបុកខ្មែរក្រហម នាភាគពាយព្យនិងឧត្តរនៃប្រទេសកម្ពុជា ។
តាមពិតជ័យជំនះនៃការអនុវត្តនយោបាយឈ្នះឈ្នះជាលើកដំបូងនៅតំបន់ឳរ៉ាល់ បាននាំឲ្យមានជាភាព រំជើបរំជួលដល់បណ្តាជួរមេដឹកនាំខ្មែរក្រហមតាមកន្លែងដទៃទៀត។ នៅខែឧសភាឆ្នាំ១៩៩៦ មេដឹកនាំខ្មែរក្រហម លោកនួនជា បានកោះហៅបណ្តាមេៗខ្មែរក្រហមគ្រប់អង្គភាពដែលនៅតំបន់ខាងក្នុងនិងខាងកើតផ្លូវ៥៦ ដើម្បីរៀនសូត្រនិងពង្រឹងជាបន្ទាន់ដោយពួកគេភ័យខ្លាច តំបន់នៃសំបុកខ្មែរក្រហមទីនោះ នឹងអាចត្រូវធ្លាក់ចូលក្រោមការអូសទាញរបស់ក្រុមអ្នកអនុវត្តនយោបាយឈ្នះឈ្នះ។ ផ្លូវ៥៦ បច្ចុប្បន្នគឺជាផ្លូវលេខ៥៥ ដែលស្ថិតនៅក្នុងខេត្តពោធិ៍សាត់។
ទោះបីជាមានការពង្រឹងយ៉ាងណាក៏ដោយ ការរៀបចំអូសទាញជាសម្ងាត់នៃក្រុមប្រតិបត្តិករយុទ្ធសាស្ត្រឌីហ្វីដនៃនយោបាយឈ្នះឈ្នះ បន្តធ្វើឡើងនៅក្នុងក្រុមខ្មែរក្រហមតាមបណ្តោយព្រំដែន ដោយចេញពីក្នុងទឹកដីថៃនោះ វិញ។ កម្លាំងបង្កប់ដែលត្រូវបានលោក កែវ ពង្ស ទាក់ទាញបាននាពេលនោះ ឈ្មោះហៅថាលោក ផាន វ៉ាន ។ លោក ផាន វ៉ាន់ គឺជាអតីតជំនួយការរបស់ប៉ុលពតក្នុងឆ្នាំ១៩៩៣។ លោក ផាន វ៉ាន ត្រូវប៉ុលពតបានចោទថាជាមនុស្សរបស់លោកខាងលិច ដែលការចោទនោះបានបង្ខំចិត្តឲ្យលោកផានវ៉ាន់ រត់គេចជ្រកលាក់ខ្លួនក្នុងទឹកដីនៃប្រទេសថៃ។ នៅខែមីនាឆ្នាំ១៩៩៦ លោក ផាន វ៉ាន បានទទួលដំណឹងថាលោកកែវពង្ស មិនត្រឹមតែបានធ្វើសមា ហរណកម្មជាមួយនឹងរាជរដ្ឋាភិបាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានការទទួលយកចិត្តទុកដាក់ពីរដ្ឋាភិបាលនិង អតីតពលរដ្ឋក្នុងភូមិក្នុងព្រៃខ្មែរក្រហម ក៏បានទទួលសេចក្តីសុខនិងការជួយយកអាសារនិងការផ្តល់ឧបត្ថម្ភពី រដ្ឋាភិបាលនោះទៀត។ លោក ផាន វ៉ាន ជាមួយនឹងការទទួលដំណឹងនោះ បានធ្វើដំណើរមកជួប លោក កែវ ពង្ស នៅភ្នំពេញ និងក្រោយមក ក៏ទទួលបានការអនុញ្ញាតជួបជាមួយនឹងលោកឧត្តមសេនីយ៍ ប៉ុល សារឿន ដែលជា ប្រមុខនៃប្រតិបត្តិករអនុវត្តយុទ្ធសាស្ត្រឌីហ្វីដ។

ក្រុមការងារប្រតិបត្តិករ បានប្រគល់ភារកិច្ចឲ្យ លោក ផាន វ៉ាន់ធ្វើសកម្មភាពនៅពីខាង ក្រោយក្រុមខ្មែរក្រហមពីក្នុងទឹកដីថៃ ចាប់ពីភូមិសាស្ត្រខេត្តកោះកុង រហូតដល់ភ្នំដងរែក។ ភារកិច្ចរបស់ លោក ផានវ៉ាន់ នាពេលនោះ គឺរកច្រកដើម្បីជ្រៀតចូលពីខាងក្រោយ ធ្វើការផ្សព្វផ្សាយគោលនយោបាយបង្រួបបង្រួមជាតិទាំង៣ខនៃនយោបានឈ្នះឈ្នះ និងការផ្សព្វផ្សាយឲ្យផ្ទៃក្នុងជួរខ្មែរក្រហម បានដឹងអំពីសេរីភាពដែលរដ្ឋាភិបាល បានផ្តល់ឲ្យលោក កែវ ពង្ស និងអតីតកងពលលេខ១៨ រួមជាមួយនឹងប្រជាជនដែលបានមករួបរួមទាំងអស់នឹងរដ្ឋាភិបាលវិញ។ ដើម្បីបើកច្រកចូលទៅកាន់តំបន់ម៉ាឡៃ ដែលមានអតីតមេបញ្ជាការខ្មែរក្រហម លោក សុខ ភាព គ្រប់គ្រង នៅទីនោះក្រុមការងាររបស់លោកឧត្តមសេនីយ៍ ប៉ុល សារឿន បានដាក់ទិសឲ្យ លោក កែវ ពង្ស ធ្វើទំនាក់ទំនង ជាមួយលោក ផាន វ៉ាន់ ក្នុងទិសដៅថ្ពក់ឲ្យជាប់ជាមួយលោកសុខភាព ដែលមេបញ្ជាការកង ពលខ្មែរក្រហមលេខ ៤៥០ដែលគ្រប់គ្រងតំបន់ម៉ាឡៃនោះ។
តាមគោលការណ៍ណែនាំរបស់លោកឧត្តមសេនីយ៍ ប៉ុល សារឿន គឺនៅក្នុងខែកក្កដាឆ្នាំ១៩៩៦ លោកកែវ ពង្ស បានជួបជាមួយលោកសុខភាពនៃបញ្ជាការកង ពលខ្មែរក្រហមលេខ៤៥០ ជាលើកទីមួយ ដែលជំនួបនេះ បាន ធ្វើឡើងតាមរយៈការជួយធ្វើទំនាក់ទំនងរបស់លោក ផាន វ៉ាន។ ជំនួបលើកដំបូងរវាងលោក កែវ ពង្ស និងលោក សុខ ភាពនេះ បានធ្វើលើទឹកដីប្រទេសថៃនៃខេត្តចាន់ថាក់បុរី។ ក្រោយជំនួបនោះមក លោក កែវ ពង្ស បានរាយការណ៍ជុំវិញលទ្ធផលទៅលោកឧត្តមសេនីយ៍ ប៉ុល សារឿន។ ក្រោយសេចក្តីរាយការណ៍អំពីលទ្ធផល និងតាមរយៈអនុសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន ថែមទៀតនោះ លោកឧត្តមសេនីយ៍ ប៉ុល សារឿនក៏បាន ចាកចេញពីរាជធានីភ្នំពេញដើម្បីជួបជាមួយលោក សុខភាព តាមការគ្រោងទុក។ ជំនួបរវាងលោកឧត្តមសេនីយ ប៉ុលសារឿនជាមួយនឹងលោក សុខ ភាព បានធ្វើនៅថ្ងៃទី១សីហាឆ្នាំ១៩៩៦ រៀបចំធ្វើក្នុងសណ្ឋាគារ អ៊ីម ផន ក្នុង ស្រុកអារញ្ញប្រាថេតនៃទឹកដីថៃ។ កិច្ចពិភាក្សាបានប្រព្រឹត្តទៅរយៈពេលប្រមាណ៣ម៉ោង។ លោកឧត្តមសេនីយ៍ ប៉ុល សារឿន បានព្យាយាមពន្យល់លោកសុខភាពនូវនយោបាយបង្រួបបង្រួមជាតិនិងគោលការណ៍៣ចំណុចនៃ នយោបាយឈ្នះឈ្នះរបស់សម្តេចតេជោសែន។ លោក សុខ ភាព បានសម្តែងក្តីត្រេកអរនិងបានសំណូមពររក ការជួបក្រុមការងាររដ្ឋាភិបាលមួយដងឬពីរដងទៀតរហូតដល់មានការផ្តាច់ខ្លួន។ ក្នុងជំនួបនាពេលនោះផងដែរ លោកសុខភាពបានស្នើសុំគ្រាប់កាំភ្លើងមួយចំនួនសម្រាប់ត្រៀមការពារក្រែងលោមានកម្លាំងរឹងរូសរបស់តាម៉ុក ឬនួនជា ប្រឆាំងនឹងក្រុមរបស់លោកសុខភាពនោះ។ លោកឧត្តមសេនីយ៍ប៉ុលសារឿន បានយល់ព្រមទទួលនូវ សំណើទាំងនោះ ជាមួយនឹងការផ្តល់ថវិកាចំនួន២៥ម៉ឺនបាតដែលពេលនោះស្មើនឹង១ម៉ឺនដុល្លារអាមេរិកដើម្បីការ ត្រៀមទុកទិញស្បៀងសម្រាប់អ្នកត្រៀមផ្តាច់ខ្លូននោះថែមទៀត។ កិច្ចប្រជុំរវាងលោកឧត្តមសេនីយ៍ប៉ុលសារឿន និងលោកសុខភាព បានបញ្ចប់នៅម៉ោងជិត២ទាបភ្លឺថ្ងៃទី២សីហាឆ្នាំ១៩៩៦។ ពេលនោះលោកសុខភាពបានវិល ត្រឡប់មកតំបន់ម៉ាឡៃវិញ ចំណែកក្រុមប្រតិបត្តិការយុទ្ធសាស្ត្រឌីហ្វីដនៃនយោបាយឈ្នះឈ្នះ បានប្រញាប់ ចាកចេញពីសណ្ឋាគារអ៊ីមផននោះផងដែរនៅប្រមាណម៉ោង៤កន្លះទាបភ្លឺ។ លទ្ធផលនៃជំនួប ត្រូវបានរាយ ការណ៍ដោយផ្ទាល់តាមសំណេអក្សរដៃនាថ្ងៃទី២សីហានោះ ទៅសម្តេចតេជោហ៊ុនសែន។ សម្តេចតេជោហ៊ុន សែននៅថ្ងៃទី៣សីហាឆ្នាំ១៩៩៦ ក្នុងពិធីសម្ពោធមួយដាក់ឲ្យប្រើប្រាស់ស្ថានីយ៍វិទ្យុនិងទូរទស្សន៍ប៉ុស្តិ៍លេខ៣ រាជ ធានី បានប្រកាសថា បងប្អូនខ្មែរក្រហមកងពល៤៥០ដែលដឹកនាំដោយលោកសុខាភាពនៃតំបន់ម៉ាឡៃ និងកង ពល៤១៥ដឹកនាំដោយលោកអ៊ីឈាន នៃតំបន់ប៉ៃលិន រួមជាមួយនឹងលោកអៀងសារី បានសម្រេចចិត្តផ្តាច់ ខ្លួន ចេញពីក្រុមខ្មែរក្រហមក្បាលរឹងប៉ុលពតមករួមរស់ជាមួយនឹងរាជរដ្ឋាភិបាល។ ក្នុងការប្រកាសនោះ សម្តេចនា យករដ្ឋមន្ត្រីបានថ្លែងស្វាគមន៍យ៉ាងកក់ក្តៅដល់លោកអៀង សារីនិងចលនាផ្តាច់ខ្លួនរបស់លោក។
ការប្រកាសនាពេលនោះរបស់ប្រមុខដឹកនាំយុទ្ធសាស្ត្រឌីហ្វីដ ត្រូវគេនិយាយថា គឺជានយោបាយជម្រុញផ្លូវចេញ តែមួយដើម្បីឲ្យក្រុមខ្មែរក្រហមចង់ផ្តាច់ខ្លួន មិនអាចងាករើចេញវិញបានពីនយោបាយបង្រួបបង្រូមជាតិឡើយ។ ការប្រកាសរបស់សម្តេចតេជោហ៊ុនសែននាពេលនោះ បានធ្វើឲ្យមេដឹកនាំធំៗរបស់ខ្មែរក្រហមនៅអន្លង់វែងមាន ការខឹងសម្បារជាខ្លាំងដល់លោកអៀងសារី និងមេបញ្ជាការខ្មែរក្រហមដទៃទៀតដែលស្ថិតនៅភាគពាយព្យប្រ ទេស។ វិទ្យុនៃការផ្សាយរបស់ក្រុមខ្មែរក្រហមនៅអន្លងវែងថ្ងៃទី៨សីហា បានផ្សាយចោទថាលោកអៀងសារី និងអ្នកក្រោម បង្គាប់ បានក្បត់នឹងពួកគេ ហើយបានមកចុះចូលជាមួយនឹងរដ្ឋាភិបាលកម្ពុជា។ ក្រោយមកនៅ ថ្ងៃទី១៥សីហាឆ្នាំ១៩៩៦ លោកអៀងសារី បានចេញសេចក្តីប្រកាសជាផ្លូវការបញ្ជាក់ការផ្តាច់ខ្លួនចេញពីក្រុម ដឹកនាំរបស់ប៉ុលពត។ (នៅមានត)

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner