ថៃចាប់ខ្លួនជនអន្តោប្រវេសន៍ភូមា១១នាក់ ឆ្លងដែនពីម៉ាឡេស៊ី ខណៈផ្ទុះកូវីដឡើងវិញផ្តើមពីពលករខុសច្បាប់
ជនអន្តោប្រវេសន៍មីយ៉ាន់ម៉ា១១នាក់ត្រូវបានអាជ្ញាធរថៃចាប់ខ្លួន ក្នុងខេត្តណារ៉ាធីវ៉ាត់ បន្ទាប់ពីឆ្លងដែនពីម៉ាឡេស៊ីចូលប្រទេសថៃ ដែលកំពុងផ្ទុះជំងឺកូវីដ១៩ជាថ្មី ជាទ្រង់ទ្រាយធំ ហើយរដ្ឋាភិបាលបានស្តីបន្ទោសលើពលករមីយ៉ាន់ម៉ាចំពោះករណីផ្ទុះជាថ្មីនេះ។
អភិបាលស្រុក Sungai Kolok លោក Rungreung Thimabutr កាលពីថ្ងៃសុក្រ ទី២៥ ធ្នូម្សិលមិញ បានប្រកាសពីការចាប់ខ្លួនជនអន្តោប្រវេសន៍ជាបុរសទាំង១១នាក់នេះ ខណៈដែលពូកគេព្យាយាមចូលមកក្នុងទឹកដីថៃ ដោយធ្វើដំណើរតាមកាណូតនៅលើទន្លេ ក្នុងតំបន់ Pasemat ជាចំណុចព្រំដែនរវាងថៃនិងម៉ាឡេស៊ី។
ប្រភពបន្ថែមទៀតថា ជនជាតិមីយ៉ាន់ម៉ាដែលគ្មានឯកសារត្រឹមត្រូវទាំង១១នាក់នេះត្រូវបានបញ្ជូនទៅសាកសួរ និងតេស្តវីរុសកូវីដ១៩ដែរ ហើយបញ្ចូនទៅដាក់នៅកន្លែងដាច់ដោយឡែកផងដែរ រង់ចាំតេស្តបន្តទៀត៕ ប្រភពពី The Nation