បារាំងរកឃើញករណីឆ្លងដំបូងនៃវីរុស Covid-19 ទម្រង់ថ្មី
បារាំង៖ ប្រទេសបារាំងបានរាយការណ៍ពីការរកឃើញករណីឆ្លងដំបូងនៃវីរុស COVID-19 ទម្រង់ថ្មី ដែលមានប្រភពចេញពីអង់គ្លេស ចំពេលដែលប្រទេសមានសេដ្ឋកិច្ចធំបំផុតលំដាប់ទី ២ នៅអឺរ៉ុបមួយនេះ កំពុងប្រឈមមុខនឹងការចម្លងវីរុសរលកថ្មី នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ ។
ក្រសួងសុខាភិបាលបារាំងបញ្ជាក់ថា ប្រជាជនបារាំងម្នាក់ដែលរស់នៅអង់គ្លេស បានធ្វើដំណើរចាកចេញពីទីក្រុងឡុងដ៍ កាលពីថ្ងៃទី១៩ ខែធ្នូ មកកាន់បារាំងវិញ ហើយក៏បានធ្វើតេស្តរកឃើញវីរុស COVID-19 ទម្រង់ថ្មី ។ ករណីឆ្លងថ្មីនេះ គឺជាករណីឆ្លងគ្មានរោគសញ្ញា ហើយអ្នកជំងឺកំពុងដាក់ខ្លួនឯងឲ្យនៅដាច់ដោយឡែកនៅក្នុងផ្ទះ ស្ថិតនៅតំបន់ ធួរ ភាគកណ្តាលប្រទេសបារាំង ។
ឆ្លើយតបនឹងបញ្ហាខាងលើនេះ អាជ្ញាធរសុខាភិបាលបារាំងបាននិងកំពុងតាមដាន រកអ្នកទាំងឡាយណា ដែលបានប៉ះពាល់ជាមួយករណីឆ្លងខាងលើ ជាពិសេសអ្នកដែលធ្លាប់មានទំនាក់ទំនងជិតសិ្នទ្ធ គឺតម្រូវឲ្យធ្វើចត្តាឡីស័ក ៕