មនុស្ស០៣នាក់របួសអំឡុងថ្ងៃបុណ្យណូអែល ដោយសារហេតុការណ៍បំផ្ទុះគ្រាប់បែកក្នុងទីក្រុង Nashville របស់សហរដ្ឋអាមេរិក
អាមេរិក៖ យ៉ាងហោចណាស់មានមនុស្ស០៣នាក់រងរបួស ប៉ុន្តែមិនមាននរណាម្នាក់រងរបួសធ្ងន់ធ្ងរដល់អាយុជិវិតនោះទេ បន្ទាប់ពីរថយន្តបង្កប់គ្រាប់បែកមួយគ្រឿងត្រូវក្រុមភេរវករមិនស្គាល់មុខ បានយកមកចតចោលលើដងផ្លូវក្នុងទីក្រុង Nashville និងបានបំផ្ទុះកាលពីព្រឹកថ្ងៃសុក្រសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ត្រូវជាថ្ងៃបុណ្យអូអែល នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ ។
តាមរយៈកាមេរ៉ាសុវត្ថិភាពបង្ហាញដោយស្នងការប៉ូលិសក្រុង Nashville គេឃើញ រថយន្តបង្កប់គ្រាប់បែកមួយនេះ ត្រូវជនមិនស្គាល់យកមកចតចោលតាំងពីម៉ោង ១ និង ២២នាទីរំលងអធ្រាត ហើយផ្ទុះនៅម៉ោង០៦ព្រឹក (ម៉ោងក្នុងតំបន់) ។
ភ្លាមៗ ចៅហ្វាយក្រុង Nashville លោក John Cooper បានបញ្ជាឲ្យកងកម្លាំងរបស់លោក ធ្វើការឡោមព័ទ្ធទីតាំងកើតហេតុ និងបាននិយាយថា ការបំផ្ទុះគ្រាប់បែកនេះ មិនបានគំរាមកំហែងសន្តិសុខដល់ទីក្រុងឡើយ ។ ហើយមកទល់នឹងពេលនេះ មិនទាន់មានក្រុមសកម្មប្រយុទ្ធណាចេញមុខទទួលខុសត្រូវចំពោះហេតុការណ៍នេះនៅឡើយទេ ៕