រយៈពេល 9ឆ្នាំ កម្មវិធីលើកកម្ពស់អនាម័យជនបទរបស់អង្គការភ្លែនបានបញ្ចប់ដោយជោគជ័យ
ភ្នំពេញ៖ កម្មវិធីលើកកម្ពស់អនាម័យជនបទ និងអប់រំសុខុមាលភាពប្រជាពលរដ្ឋចំនួន 11ខេត្តក្នុងប្រទេស
កម្ពុជា របស់អង្គការភ្លែនអន្តរជាតិ ត្រូវបានបញ្ចប់ដោយជោគជ័យបន្ទាប់ពីអនុវត្តន៍រយៈពេល 9ឆ្នាំកន្លងទៅ។ ជាលទ្ធផលមានភូមិចំនួន 1,640 ឃុំចំនួន 88 និងស្រុកចំនួន 8 នៅកម្ពុជា បានប្រកាសបញ្ឈប់ការបន្ទោរបង់
ពាសវាលពាសកាលទាំងស្រុង។
អ្នកស្រី គ្វីននេត វ៉ង នាយិកាប្រចាំប្រទេសនៃអង្គការភ្លែនអន្តរជាតិកម្ពុជា មានប្រសាសន៍ថា៖ “ រយៈពេលជិត
ប្រាំបួនឆ្នាំហើយដែលអង្គការភ្លែនអន្តរជាតិកម្ពុជា និងដៃគូទាំងអស់ បានចូលរួមគាំទ្រដល់ក្រសួងអភិវឌ្ឍន៍
ជនបទដើម្បីកែលម្អស្ថានភាពអនាម័យជនបទនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង… គម្រោងយើងបញ្ចប់នៅ
ថ្ងៃទី31 ខែធ្នូ ឆ្នាំ 2020។ គម្រោងនេះ បានជួយគាំទ្របន្ថែមទៀតដល់រដ្ឋាភិបាលកម្ពុជា ដើម្បីសម្រេចគោល
ដៅលើកកម្ពស់អនាម័យជាយុទ្ធសាស្ត្រនៅឆ្នាំ 2030 និងកម្មវិធីថ្នាក់ជាតិ”។
សកម្មភាពមុនបញ្ចប់គម្រោងនេះ អង្គការភ្លែនអន្តរជាតិកម្ពុជា បានបញ្ជាក់ថា នៅក្នុងដំណាក់កាលជំងឺកូវីដ-19 កំពុងរីករាលដាល កម្មវិធីអប់រំអនាម័យសហគមន៍ខាងលើបានធ្វើការជិតស្និទ្ធជាមួយរាជរដ្ឋាភិបាល ដៃគូ
អភិវឌ្ឍន៍ និងអាជ្ញាធរមូលដ្ឋាន ផ្គត់ផ្គង់សម្ភារៈចាំបាច់ដូចជាសាប៊ូ អាកុល ទឹកលាងសម្លាប់មេរោគ សំឡី
អនាម័យ និងតំឡើងស្ថានីយលាងដៃនៅតាមទីសាធារណៈ។ ជាការកត់សម្គាល់ ប្រជាពលរដ្ឋនៅទីជនបទ បានផ្លាស់ប្តូរឥរិយាបទរស់នៅវិជ្ជមាន ព្រមទាំងអនុវត្តន៍ទម្លាប់អនាម័យនៅក្នុងគ្រួសារ។
កម្មវិធីលើកកម្ពស់អនាម័យជនបទរបស់អង្គការភ្លែន ចាប់ផ្តើមបង្កើតកាលពីឆ្នាំ 2011 មានគោលបំណងលើក
កម្ពស់និរន្តរភាពនៃការប្រើប្រាស់បង្គន់អនាម័យ បង្កើនទម្លាប់លាងសម្អាតដៃជាមួយសាប៊ូ និងផឹកទឹកមាន
សុវត្ថិភាពនៅក្នុងសហគមន៍ជនបទ។ ទន្ទឹមគ្នានេះ កម្មវិធីក៏បានចូលរួមអភិវឌ្ឍនិងពង្រឹងសមត្ថភាពអាជ្ញាធរ
មូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកពីការងារអនាម័យ។ បច្ចុប្បន្នប្រជាជនកម្ពុជាប្រមាណជាង 1,5លាននាក់ រួមទាំងស្ត្រី កុមារី និងជនមានពិការភាព ទទួលអត្ថប្រយោជន៍ពីកម្មវិធីនេះ។
តាមការប៉ានស្មានរបស់អង្គការសុខភាពពិភពលោកនៅក្នុងឆ្នាំ 2010 ទូទាំងពិភពលោក ជំងឺរាកបានសម្លាប់
មនុស្សប្រមាណ 2,2 លាននាក់ក្នុងមួយឆ្នាំ (ភាគច្រើនជាកុមារ)។ នៅកម្ពុជា 20% នៃមូលហេតុស្លាប់របស់
កុមារអាយុក្រោម 5ឆ្នាំ បណ្ដាលមកពីជំងឺរាក។ ចំនួន 88% នៃជំងឺរាក គឺបណ្ដាលមកពីកង្វះអនាម័យបរិស្ថាន ប្រតិបត្តិអនាម័យផ្ទាល់ខ្លួនមិនបានល្អ និងផឹកទឹកមិនមានសុវត្ថិភាព (យូនីសេហ្វ 2012)។ ទន្ទឹមគ្នានេះ ការ
ស្រាវជ្រាវបានបង្ហាញថា កង្វះទឹកស្អាតនិងអនាម័យ ផ្តល់ផលប៉ះពាល់យ៉ាងខ្លាំងដល់សុខភាព រាងកាយ (កុមារក្រិន) និងការលូតលាស់ខួរក្បាលរបស់កុមារ។ ប្រទេសកម្ពុជា ខាតបង់ប្រមាណ 448 លានដុល្លារក្នុង
មួយឆ្នាំ ដោយសារកង្វះអនាម័យ។
សូមបញ្ជាក់ផងដែរថា អង្គការភ្លែនអន្តរជាតិកម្ពុជា ជាអង្គការអភិវឌ្ឍន៍និងមនុស្សធម៌មួយ ធ្វើការងារលើកកម្ពស់
សិទ្ធិកុមារ និងសមភាពសម្រាប់ក្មេងស្រី។ អង្គការភ្លែនអន្តរជាតិកម្ពុជាបានចាប់ផ្តើមប្រតិបត្តិការនៅកម្ពុជាចាប់
តាំងពីឆ្នាំ ២០០២៕