បច្ចុប្បន្នហាងកាហ្វេ ជាទីតាំងអំណោយផលដល់ការសិក្សារបស់យុវជន
ភ្នំពេញ ៖ នៅរាជធានីភ្នំពេញហាងកាហ្វេទំនើបៗមានសន្ទុះកើនឡើងគួរឱ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មាន
ចុងក្រោយនេះ។ ដើមឡើយអ្នកចូលហាងកាហ្វេទំនើបមានប្រជាប្រិយភាពសម្រាប់តែជនបរទេស ឬអ្នករក
ស៊ីតែប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្នហាងកាហ្វេទំនើបមួយចំនួនជាទីកន្លែងទាក់ទាញចិត្តយុវជន រាប់ទាំងសិស្ស-
និស្សិតកំពុងសិក្សាជាដើម។ យុវជន ដែលមានលទ្ធភាពចូលហាងកាហ្វេទំនើប បានចាត់ទុកហាងកាហ្វេជា
កន្លែងសិក្សា ជួបពិភាក្សាកិច្ចការងារ ខ្លះទៀតក៏ចាត់ទុកជាទីកន្លែងបន្ធូរបន្ថយភាពតានតឹងពីការងារផងក៏មាន។ ហាងកាហ្វេទំនើបមានច្រើន ហើយជម្រើសក៏មានច្រើនសម្រាប់យុវជនដែរ។
តើយុវជនចូលហាងកាហ្វេទំនើបធ្វើអ្វីខ្លះ? កញ្ញា គង់ សុមណីជាតិ ជានិស្សិតផ្នែកសិក្សាអន្តរជាតិ នៃវិទ្យាស្ថាន
ភាសាបរទេស (IFL) យល់ឃើញថា បរិយាកាសនៅហាងកាហ្វេបង្កភាពងាយស្រួលដល់ការពិភាក្សាកិច្ចការ
សាលា។ លើសពីនេះ សុមណីជាតិ បានបន្ថែមថា ទីតាំងហាងកាហ្វេជួយឱ្យនិស្សិតមានពេលវេលាគ្រប់គ្រាន់
ក្នុងការពិភាក្សាគ្នា និងងាយស្រួលធ្វើដំណើរទៅរក។
សុមណីជាតិ បានបន្តថា ជាទូទៅរូបគេនិងមិត្តភក្តិតែងចូលហាងកាហ្វេយ៉ាងហោចណាស់ 3-4 ដងក្នុងមួយ
សប្តាហ៍។ “ពីមុនខ្ញុំទៅញឹក ទើបតែពេល Covid-19 នេះទេ ដែលខ្ញុំនិងមិត្តភក្តិអត់សូវទៅហាងកាហ្វេ។ ពួកខ្ញុំអត់ដឹងទៅណាពេលជួបគ្នានៅទីសាធារណៈ អ៊ីចឹងមានតែហាងហ្វេ”។
សម្រាប់យុវជន អ៉ិត សេរីវឌ្ឍនៈ ជានិស្សិតនៃសាកលវិទ្យាល័យកម្ពុជា និងកំពុងស្វែងរកអាហារូបករណ៍សិក្សា
បន្តនៅក្រៅប្រទេស ក៏យល់ឃើញថា ហាងកាហ្វេជាទីតាំងបន្ធូរបន្ថយបរិយាកាសតានតឹងក្នុងចិត្ត និងជំរុញ
ប្រសិទ្ធភាពការគិតឱ្យកាន់តែប្រសើរ។
សេរីវឌ្ឍនៈ បានបញ្ជាក់ថា ៖ “ខ្ញុំចាត់ទុកហាងកាហ្វេជាទីតាំងដែលធ្វើឱ្យអារម្មណ៍ខ្ញុំស្រស់ស្រាយ ហើយផ្ដោត
ទៅលើកិច្ចការបានល្អ។ ខ្ញុំជ្រើសរើសតែហាងកាហ្វេណាដែលស្ងប់ស្ងាត់ មិនរំខានអារម្មណ៍ ហើយនៅពេល
សរសេរឯកសារស្នើសុំអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេស ខ្ញុំធ្វើបានល្អកន្លងទៅ”។
“ខ្ញុំមិនមែនជាអ្នកញៀនកាហ្វេទេ នៅថ្ងៃអាទិត្យចុងសប្តាហ៍ទើបខ្ញុំទៅហាងកាហ្វេម្ដងប៉ុណ្ណោះ… ហើយខ្ញុំទៅ
ហាងកាហ្វេ ក៏មិនមែនបង្ហាញភាពឡូយឆាយហ៊ឺហាអ្វីដែរ តែខ្ញុំមានគោលដៅច្បាស់លាស់”។ សេរីវឌ្ឍនៈ បាន
បញ្ជាក់ពីគោលជំហររបស់ខ្លួនមុននឹងសម្រេចចិត្តចូលហាងកាហ្វេ។
មិនមែនតែនិស្សិតនោះទេ ដែលយល់ថា ហាងកាហ្វេទំនើបជាទីតាំងសម្រាប់ការសិក្សានិងធ្វើការងារ។ កញ្ញា ចេន សុជាតា បច្ចុប្បន្នជាអ្នកសារព័ត៌មាន ក៏យល់ឃើញដែរថា ហាងកាហ្វេទំនើបជាទីដែលផ្តល់បរិយាកាស
ស្និទ្ធស្នាលនៅពេលជួបនិងពិភាក្សាការងារជាមួយនរណាម្នាក់។ កញ្ញាបានចាត់ទុកហាងកាហ្វេ ប្រៀបដូចជា
ការិយាល័យធ្វើការ ហើយពេលខ្លះចំណាយពេលធ្វើការងារនៅហាងកាហ្វេទៀតផង។
“អាចថាខ្ញុំចូលចិត្តហាងកាហ្វេក៏ថាបាន ឬអាចថាខ្ញុំញៀន កាហ្វេក៏បាន ប៉ុន្តែពេលដែលខ្ញុំចូលហាងកាហ្វេខ្ញុំមាន
អារម្មណ៍ថាស្រស់ស្រាយ។ មិនត្រឹមតែញ៉ាំកាហ្វេទេពេលខ្លះយើងអាចញ៉ាំអ្វីផ្សេងក្រៅពីកាហ្វេ ពិភាក្សាការងារ
ក៏បាន ណាត់ជួបភ្ញៀវសម្ភាសន៍ក៏បាន… និយាយទៅវាដូចជាកន្លែងធ្វើការដែរអញ្ចឹង” កញ្ញា ចេន សុជាតា។
ចេន សុជាតា បានបន្តទៀតថា នៅហាងកាហ្វេមានអ៊ីនធឺណិតគ្រប់គ្រាន់សម្រាប់ស្វែងរកឯកសារ និងធ្វើកិច្ច
ការផ្សេងៗ។
ស្របនឹងការលើកឡើងនេះ ជាការកត់សម្គាល់នៅរាជធានីភ្នំពេញនាពេលបច្ចុប្បន្ន មានយុវជនជាសិស្ស-និស្សិត
ជាច្រើននិយមចូលហាងកាហ្វេ។ អ្នកខ្លះបានចាត់ទុកខាងកាហ្វេជាទីតាំងសម្រាប់ការកម្សាន្តរបស់ខ្លួន ឯខ្លះ
ទៀតចាត់ទុកហាងកាហ្វេជាទីតាំងជួយសម្រួលដល់ប្រសិទ្ធភាពការងារនិងការសិក្សា។ សម្រាប់ការចំណាយប្រាក់និងពេលវេលានៅហាងកាហ្វេ ដើម្បីបំពេញតម្រូវការខាងលើ ក៏យុវជនកម្ពុជាពិសេស
សិស្ស-និស្សិតមិនគួរមើលរំលងដែរ។
និយាយក្នុងនាមអ្នកចូលហាងកាហ្វេញឹកញាប់ផង និងមានបទពិសោធន៍ជាអ្នកគ្រប់គ្រងហាងកាហ្វេឬស្សីត្រឹប នៃរាជបណ្ឌិត្យសភាកម្ពុជាផង កញ្ញា ម៉ៅ សុគន្ធា ក៏បានលើកឡើងដែរថា កញ្ញាចូលចិត្តចំណាយពេលសិក្សា
និងធ្វើកិច្ចការនៅតាមហាងកាហ្វេ។
កញ្ញា ម៉ៅ សុគន្ធា ៖ “ការពិតចូលហាងកាហ្វេយើងត្រូវចំណាយលុយច្រើន មិនមែនសម្រាប់ផឹកតែកាហ្វេមួយ
កែវនោះទេ ព្រោះយើងត្រូវអង្គុយរយៈពេលយូរ ដូច្នេះចំណាយក៏ច្រើនដែរ។ អញ្ចឹងហើយសំណួរសម្រាប់ខ្លួនឯង ថាតើខ្ញុំអាចចំណេញអ្វីខ្លះពេលដែលចូលទៅអង្គុយនៅក្នុងហាងកាហ្វេ ថែមទាំងចាយលុយទៀត។ សម្រាប់ខ្ញុំ
ទាញយកប្រយោជន៍បានច្រើន…។
“ខ្ញុំអាចនិយាយបានថា ជោគជ័យក្នុងការសិក្សាកន្លងទៅ ក៏ដោយសារតែខ្ញុំចូលហាងកាហ្វេដែរ”។ និយាយផង
កាយវិការលើដៃពន្យល់ផង កញ្ញា ម៉ៅ សុគន្ធា បានឱ្យ AMS ដឹងបន្តថា ការជ្រើសរើសប្រភេទហាងកាហ្វេដែល
សមស្របតាមចំណង់ចំណូលចិត្ត មានសម្ភារៈនិងបរិយាកាសអំណោយដល់ការសិក្សានិងការងារ ទើបទទួល
ផលចំណេញពីហាងកាហ្វេពិតប្រាដក។
កញ្ញា សុគន្ធា បានបញ្ជាក់យ៉ាងខ្លឺថា ហាងកាហ្វេគួរជាទីកន្លែងផ្ដល់ប្រយោជន៍ដល់យុវជន។ “អាជីវកម្មហាង
កាហ្វេមិនត្រូវគិតតែពីរឿងប្រាក់ចំណេញនោះទេ តែក៏ត្រូវផ្ដល់ប្រយោជន៍អ្វីមួយដល់យុវជនដែរ”។
គួរបញ្ជាក់ថា សព្វថ្ងៃអាជីវកម្មហាងកាហ្វេហាក់មានសន្ទុះកើនឡើងគួរឲ្យកត់សម្គាល់។ ហាងកាហ្វេទំនើបនី
មួយៗមានលក្ខណៈពិសេសដោយឡែកពីគ្នា ដែលរចនាឡើងតម្រូវដល់អតិថិជនជាក្រុមគោលដៅ។ ចំណែក
ទីកន្លែងដែលផ្ដល់បរិយាកាសល្អប្រសើរ ក៏មិនប្រាកដថាមានតែហាងកាហ្វេទំនើបៗដែរ អាស្រ័យលើការថ្លឹង
ថ្លែង និងលទ្ធភាពផ្ទាល់ខ្លួនម្នាក់ៗតែប៉ុណ្ណោះ៕