រថយន្តដឹកដើមរាំងគ្មានច្បាប់អនុញ្ញាត ត្រូវសមត្ថកិច្ច តាមឃាត់នៅស្រុកខ្សាច់កណ្តាល
កណ្តាល៖ លោកឧត្តមសេនីយ៍ត្រី លី សុជាតិ ស្នងការរងទទួលផែនការងារប្រឆាំងបទល្មើសសេដ្ឋកិច្ច ដឹកនាំកម្លាំងតាមឃាត់រថយន្តចំនួន២គ្រឿង ដែលដឹកដើមរាំងគ្មានច្បាប់អនុញ្ញាត នៅចំណុចផ្លូវជាតិលេខ៨ ភូមិតាំងឫស្សីឃុំរកាជន្លឹង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល កាលពីវេលាម៉ោង១០ និង ៣០នាទី ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ ។ ប្រតិបត្តិការនេះ ធ្វើឡើងដោយមានការចង្អុលបង្ហាញនិងបញ្ជាពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ។
លោកឧត្តមសេនីយ៍ត្រី លី សុជាតិ បានថ្លែងថា ម្ចាស់រថយន្តដឹកដើមរាំងចំនួន ២នាក់ មានឈ្មោះ ភោគ សុខា ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិទូរីកណ្ដាល ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម មុខរបរបើកបររថយន្ត និងឈ្មោះ សេង ឈន់ ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិដូង ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង មុខរបរបើកបររថយន្ត ។
ក្រោយពេលឃាត់បាន កម្លាំងសមត្ថកិច្ចសង្កាត់រដ្ឋបាលជលផលខ្សាច់កណ្តាល និង សង្កាត់រដ្ឋបាលជលផលរការកោង បានត្រួតពិនិត្យរថយន្តខាងលើ រកឃើញវត្ថុតាងដូចជា៖
១-រថយន្តមួយគ្រឿងម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2E- 2321 ម្ចាស់ឈ្មោះភោគ សុខា ។
២-រថយន្តម៉ាកសាំយ៉ុងពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ 2E-4484 ម្ចាស់ឈ្មោះសេង ឈន់ ។
៣-ដើមរាំង១គល់ប្រវែង៤ម៉ែត្រសង្កត់ផ្ចិត0.50 m
៤-ដើមរាំង១គល់ប្រវែង១,៥០ម៉ែត្រ អង្កត់ផ្ចិតប្រហែល 0.40m ។
៥-ដើមរាំងចំនួន២គល់ ប្រវែង៣ម៉ែត្រ អង្កត់ផ្ចិតហែល 0 ; 50 ម៉ែត្រ ។ សរុបចំនួន៤គល ។
បន្ទាប់ពីក្រុមការងារបានត្រួតពិនិត្យរួច ម្ចាស់រថយន្តដឹកដើមរាំង បានយល់ព្រមបង់ប្រាក់ពិន័យអន្តរការណ៍ តាមច្បាប់ស្ដីពីជលផល ៕ ដោយ ប៊ុនធី និងវណ្ណលុក