ប្រធានាធិបតីជាប់ឆ្នោតអាមេរិកអះអាងថា មន្រ្តីជំនិតរបស់លោក ដូណាល់ ត្រាំ បានបង្កជាឧបសគ្គដល់ការផ្ទេរអំណាច
អាមេរិក៖ ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក ចូ បៃដិន បានអះអាងនៅថ្ងៃចន្ទនេះថា ទីភ្នាក់ងារសន្តិសុខអាមេរិកស្ថិតក្រោមរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ បានបង្កការរាំងស្ទះដល់ការផ្ទេរអំណាច ដែលនេះគឺជាទង្វើគ្មានភាពទទួលខុសត្រូវ នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ។
ប្រធានាធិបតីជាប់ឆ្នោតអាមេរិករូបនេះបញ្ជាក់ថា យើងបានជួបប្រទះការរារាំង ដែលបង្កឡើងដោយថ្នាក់ដឹកនាំនយោបាយមួយចំនួន នៃក្រសួងការពារជាតិ និងការិយាល័យគ្រប់គ្រងកញ្ចប់ថវិកា ។ លោកបានសង្កត់ធ្ងន់ថា បច្ចុប្បន្ន យើងមិនបានទទួលព័ត៌ មានគ្រប់គ្រាន់ តាមដែលយើងត្រូវការនោះទេ ពីសំណាក់រដ្ឋបាលជិតផុតអាណត្តិ ជាពិសេសពាក់ព័ន្ធនឹងការងារសន្តិសុខជាតិ ហើយសម្រាប់ខ្ញុំផ្ទាល់ នេះគឺជាទង្វើគ្មានភាពទទួលខុសត្រូវ ។
ការអត្ថាធិប្បាយខាងលើនេះរបស់លោក ចូ បៃដិន ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីជាប់ឆ្នោតអាមេរិករូបនេះ បានចូលរួមក្នុងកិច្ចប្រជុំមួយ ជាមួយក្រុមមន្ត្រីចាត់ចែង គោលនយោបាយការបរទេសរបស់លោក ៕