៣ចំណុចសំខាន់ ជាគន្លឹះ ដើម្បីវិវឌ្ឍខ្លួនអោយក្លាយជាកីឡាករបាល់ទាត់ឆ្នើម

អតីតកីឡាករបាល់ទាត់ជម្រើសជាតិ មានបទពិសោធន៍ច្រើនលើទីលានវាលស្មៅ ទាំងឆាកជាតិនិងអន្តរជាតិ កែវ សុខង៉ន បានបង្ហាញគន្លឹះ៣ចំណុចសំខាន់ៗ ជួយឲ្យរីកចំរើនក្លាយជាកីឡាករបាល់ទាត់ឆ្នើមតំណាងឲ្យកម្ពុជាលើឆាកអន្តរជាតិ ។

កែវ សុខង៉ន បានប្រកាសចូលនិវត្តពីបាល់ទាត់ ក្នុងឆ្នាំ២០១៧ បានអះអាងថា គន្លឹះ៣ចំណុចសំខាន់ៗឆ្ពោះទៅរកភាពខ្លាំង ក្នុងអាជីពជាកីឡាករបាល់ទាត់ គឺទី១ គោរពវិន័យ ទី២ របបអាហារត្រូវរៀបចំឲ្យបានត្រឹមត្រូវ និងសម្រាកឲ្យបានគ្រប់គ្រាន់ ទី៣ ប្រើប្រាស់ពេលវេលាហ្វឹកហាត់ និងពេលវេលាសម្រាប់តាំងអាម្មណ៍ ។ អតីតជម្រើសជាតិបាល់ទាត់រូបនេះ អះអាងទៀតថា ប្រសិនបើកីឡាករ ជំនាន់ក្រោយយកគន្លឹះសំខាន់ៗទាំង៣នេះទៅអនុវត្ត ពួកគេនឹងជោគជ័យក្នុងអាជីពបាល់ទាត់ ក្លាយជាកីឡាករជួរមុខ និងទទួលបានតម្លៃខ្លួនខ្ពស់ពីក្លិបបាល់ទាត់ក្នុងស្រុក និងឈានទៅក្រោស្រុកផងដែរ ។

គួររំលឹកថា កែវ សុខង៉ន បានចូលលេងបាល់ទាត់ តាំងពីអាយុ១១ឆ្នាំ ធ្លាប់លេងឲ្យក្រុមជម្រើសជាតិទាំងឈុតថ្នាល និងជម្រើសជាតិឈុតធំ និងធ្លាប់លេងឲ្យក្លិបបាល់ទាត់ល្បីៗក្នុងស្រុកចំនួន៤ មានដូចជា ក្លិបបាល់ទាត់មហាគ្រុឌ ខេមរាកីឡា កីឡារិទ្ធ និងក្លិបភ្នំពេញក្រោន ចំណែកឯក្លិបក្រៅស្រុក គឺក្លិបសមុទ្រសាខន របស់ប្រទេសថៃ ។


សូមបញ្ជាក់ថា អតីតកីឡាករដែលធ្លាប់ប្រឡូកក្នុងវិស័យកីឡាបាល់ទាត់១៨ឆ្នាំ ក្នុងតួនាទីជាខ្សែប្រយុទ្ធ និងខ្សែបំរើប្រយុទ្ធ កែវ សុខង៉ន មានបងប្អូនបង្កើតចំនួន៥នាក់ តែប្រកបអាជីពជាកីឡាករបាល់ទាត់២នាក់ គឺកែវ សុខង៉ន និងប្អូនពៅ កែវ សុខផេង ហើយបច្ចុប្បន្ន សុខង៉ន ទទួលតំណែងជាអ្នកចាត់ការទូទៅ ក្រុមបាលទាត់ឈុតធំ ក្លិបភ្នំពេញក្រោន បន្ទាប់ពីចូលនិវត្តន៍ពីបាល់ទាត់ ក្នុងឆ្នាំ២០១៧ ៕
