ថៃព្រមានថា ចំនួនអ្នកឆ្លង Covid-19 ថ្មីៗអាចនឹងកើនឡើងដល់ខ្ទង់ម៉ឺននាក់ បើគ្មានវិធានការគ្រប់គ្រងបាន ក្រោយទើបរកឃើញអ្នកឆ្លង១៥៥ករណីទៀត
ថៃ៖ អាជ្ញាធរសុខាភិបាលថៃ នៅថ្ងៃអង្គារ៍នេះ បានរាយការណ៍ពីការរកឃើញអ្នកឆ្លង Covid-19 ថ្មីៗចំនួន១៥៥ករណីបន្ថែមទៀត ក្នុងនោះមាន១៣៤ជាករណីឆ្លងក្នុងសហគមន៍, ១១ករណីជាជនចំណាកស្រុក និង១០ជាករណីនាំចូលពីក្រៅប្រទេស នេះបើតាមសារព័ត៌មានបាងកកប៉ុស្តិ៍នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ។
អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩ លោកវេជ្ជបណ្ឌិត តាវីសិប វីសានុយោធិន បញ្ជាក់ថា ១០ករណីថ្មីគឺជាការនាំចូលពីប្រទេសអាល្លឺម៉ង់ វៀតណាម ឥណ្ឌា ស៊ុយអែត សហរដ្ឋអាមេរិក ទួរគី និងបារ៉ែន ។ ករណីថ្មីចំនួន១២ត្រូវបានផ្សារភ្ជាប់ទៅនឹងការរីករាលដាលនៅផ្សារលក់គ្រឿងសមុទ្រក្នុងខេត្ត សាមុត សាខន និងករណីថ្មីចំនួន២ទៀតត្រូវបានផ្សារភ្ជាប់ទៅនឹងវង់ល្បែងក្នុងខេត្ត រ៉ាយ៉ង ។
ផ្អែកលើការគណនារបស់អាជ្ញាធរសុខាភិបាលថៃ បានឲ្យដឹងថា បើគ្មានវិធានការគ្រប់គ្រងទេនោះ ចំនួនករណីឆ្លងថ្មីៗប្រចាំថ្ងៃ អាចនឹងកើនឡើងដល់១ម៉ឺន៨ពាន់ករណីគិតត្រឹមថ្ងៃទី១៤ ខែមករា ឆ្នាំក្រោយនេះ ។ វិធានការគ្រប់គ្រងកម្រិតមធ្យមអាចបណ្តាលឲ្យមានករណីឆ្លងថ្មីៗប្រចាំថ្ងៃប្រមាណ៨ពាន់ករណី ហើយវិធានការគ្រប់គ្រងតឹងរ៉ឹងអាចកំណត់ករណីឆ្លងថ្មីៗប្រចាំថ្ងៃទាបជាង១ពាន់ករណី ៕