លោក ចូ បៃដិន បញ្ជាក់ថា សហរដ្ឋអាមេរិកត្រូវការជាចាំបាចនូវកម្លាំងចម្រុះដ៏ខ្លាំងក្លាមួយ ដើម្បីប្រឈមមុខជាមួយចិន
អាមេរិក៖ នៅក្រោយកិច្ចប្រជុំជាមួយក្រុមមន្ត្រីគោលនយោបាយការបរទេសរបស់ខ្លួន នៅថ្ងៃចន្ទនេះ ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ចូ បៃដិន បញ្ជាក់ថា ប្រទេសរបស់លោកត្រូវការកម្លាំងចម្រុះដ៏ខ្លាំងក្លាមួយជាចាំបាច់ ដើម្បីទប់ទល់នឹងចិន ក្នុងវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច នេះបើតាមសារព័ត៌មានរុស្ស៊ី ស្ព្រូតនីគ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ។
ប្រធានាធិបតីជាប់ឆ្នោតអាមេរិករូបនេះ បានសង្កត់ធ្ងន់ថា ខណៈយើងកំពុងប្រកួតប្រជែងជាមួយចិន និង អោយចិនទទួលខុសត្រូវចំពោះការរំលោភបំពានលើការធ្វើពាណិជ្ជកម្ម បច្ចេកវិទ្យា សិទ្ធិមនុស្ស និងបញ្ហាដទៃជាច្រើនទៀតនោះ សហរដ្ឋអាមេរិកត្រូវការជាចាំបាច់នូវកម្លាំងចម្រុះដ៏ខ្លាំងក្លាមួយ ពីសំណាក់ប្រទេសជាដៃគូ និងសម្ព័ន្ធមិត្ត ដើម្បីទប់ទល់ជាមួយចិន ក្នុងបុព្វហេតុការពារផលប្រយោជន៍រួម និង តម្លៃរួមរបស់យើង ។
ការកត់សម្គាល់បែបនេះរបស់លោក ចូ បៃដិន បានកើតមានឡើងក្រោយក្រុមអ្នកជំនាញផ្នែកសេដ្ឋកិច្ចមានមូលដ្ឋាននៅអង់គ្លេសបានព្យាករណ៍ថា ចិននឹងវ៉ាដាច់សហរដ្ឋអាមេរិកក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតរបស់ពិភពលោក នៅត្រឹមឆ្នាំ២០២៨ ៕