អង្គការជីវិតសត្វស្លាប(BirdLife)អន្តរជាតិ ប្រចាំនៅស្រុកសៀមប៉ាង បង្កើនការផ្តល់ ចំណី បន្ថែមដល់សត្វត្មាត
សត្វត្មាតប្រមាណជិត១០០ក្បាល រស់នៅក្នុងតំបន់ព្រៃអភិរក្សសៀមប៉ាង ក្នុងឃុំព្រែកមាស និងឃុំថ្មកែវ កំពុងត្រូវបានអង្គការជីវិតសត្វស្លាបអន្តរជាតិប្រចាំនៅស្រុកសៀមប៉ាង បង្កើនការដាក់ចំណីឲ្យស៊ី ក្នុងមួយខែ៤លើក ក្នុងបំណងអភិរ័ក្សបន្តទៀត ដើម្បីឲ្យពួកវាបានរស់នៅក្នុងតំបន់នេះបានបន្តពូជយូរអង្វែង ។
ក្នុងសកម្មភាពផ្តល់ចំណីសត្វត្មាតនៅថ្ងៃទី២៩ធ្នូ ឆ្នំា២០២០នេះ ក៏មានការអញ្ជើញចូលរួមទស្សនា ពីសំណាក់ឯកឧត្តម សូខន រិទ្ធិគុន រដ្ឋលេខាធិការក្រសួងបរិស្ថាន អមដំណើរដោយលោក អេង ភិរុង ប្រធានមន្ទីរបរិស្ថានខេត្ត រួមនិងលោកចន ណាថាន់ ម្ចាស់ជំនួយនិងជានាយកគ្រប់ គ្រងអង្គការ ជីវិតសត្វស្លាប(BirdLife) និងលោក សំ ប៊ុនធិន អភិបាលរងស្រុកសៀមប៉ាងផងដែរ ។
បើតាមការឲ្យដឹងពីមន្រ្តីអភិរ័ក្សសត្វស្លាបប្រចាំនៅអង្គការ(BirdLife)បានឲ្យដឹងថា៖ ការការដាក់ចំណីឲ្យសត្វត្មាតស៊ីបែបនេះ គឺដើម្បីថែទាំ និងអភិរក្សសត្វត្មាតឲ្យនៅគង់វង្ស ក្នុងព្រៃអភិរក្ស និងដើម្បីកុំឲ្យវា បម្លាស់ទីទៅរស់នៅក្នុងតំបន់ផ្សេង ម៉្យាងខ្លាចត្រូវគេសម្លាប់វាផុតពូជ ព្រោះយើងខំធ្វើការអភិរក្សយូរមក ហើយ ។
សូមបញ្ជាក់ថា៖ សត្វត្មាតបច្ចុប្បន្ននេះ ពេលដាក់ចំណីឲ្យស៊ីម្តងៗ គេសង្កេតឃើញមានចំនួនចាប់ ពី៨០ទៅ៩០ក្បាលតែប៉ុណ្ណោះ ។ ហើយខណៈដែលពពួកសត្វត្មាត កំពុងស៊ីចំណីនោះ គេក៍សង្កេតឃើញមានក្រុមសត្វត្មាតភ្លើង និងត្រយ៉ងយក្ស-មួយចំនួនផងដែរ ដែលមានរស់នៅក្នុងតំបន់ព្រៃអភិរក្ស នៃស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ៕ដោយ៖ ដេង ម៉ាវិន




