ប្រជាជនអាចបង្កើតសេដ្ឋកិច្ចវិលជុំតាមរយៈបរិស្ថានធម្មជាតិ
កំពង់ស្ពឺ ៖ ក្នុងគោលបំណងពង្រឹងការគ្រប់គ្រង និងថែរក្សាបរិស្ថានធម្មជាតិតំបន់ភ្នំខ្នងផ្សារ សម្រាប់ជាប្រយោជន៍យូរអង្វែងរបស់សង្គមជាតិ ក្រសួងបរិស្ថាន បានហាមរាល់សកម្មភាពប្រើប្រាស់យានយន្តឡើងទៅតំបន់ភ្នំខ្នងផ្សារជាដាច់ខាត ហើយក្នុងករណីចាំបាច់ត្រូវមានការអនុញ្ញាតជាមុនពីសមត្ថកិច្ចក្រសួងបរិស្ថាន។
ក្រសួងបរិស្ថានបានដាក់ចេញនូវបំរាមហាមរាល់សកម្មភាពកាប់ដើមឈើសម្រាប់ធ្វើអុសធ្វើជំរំស្នាក់នៅ និងសម្រាប់គោលបំណងផ្សេងៗ រួមទាំងហាមដាច់ខាតរាល់សកម្មភាពចោលសំរាមនៅក្នុងតំបន់ទេសចរធម្មជាតិនេះផងដែរ។ ជាមួយនឹងវិធានការនេះក្រសួងក៏នឹងកំណត់ទីតាំងជាក់លាក់ណាមួយ ដែលអាចប្រើប្រាស់យានយន្ត ឬត្រូវប្រើប្រាស់ការដើរដោយថ្មើរជើង ដោយគ្រោងនឹងរៀបចំរចនាសម្ព័ន្ធឱ្យបានត្រឹមត្រូវ។ ដោយហេតុថាតំបន់នេះកំពុងក្លាយទៅជាប្រភពធនធានមហាសាលសម្រាប់បម្រើឱ្យវិស័យទេសចរណ៍ សេដ្ឋកិច្ច និងលើកស្ទួយជីវភាពប្រជាជនឱ្យល្អប្រសើរតាមរយៈផលប្រយោជន៍ជាច្រើន។

ពាក់ព័ន្ធនឹងតំបន់ទេសចរណ៍ភ្នំខ្នងផ្សារនេះ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានលើកឡើងនៅក្នុងកម្មវិធីជួបជុំអាហាសាមគ្គីរបស់ក្រុមហ៊ុនបណ្តាញព័ត៌មានអប្សរា (AMS) ថា «ចំពោះវិធានការនេះ យើងបានជម្រាបជូនមន្ត្រីឧទ្យានុរក្សរបស់យើង ដែលគាត់ការពារតំបន់ឧទ្យានជាតិជួរភ្នំក្រវាញកណ្តាលហ្នឹង ហើយសហគមន៍ និងអាជ្ញាធរ ដើម្បីឱ្យគាត់ចូលរួម។ ការចូលរួមការពារតែម្ខាងពីក្រសួងបរិស្ថាន គឺមិនជោគជ័យទាំងស្រុងទេ ព្រោះយើងមានគ្នាតិច តើត្រូវរង់ចាំឱ្យមានមនុស្សគ្រប់ទើបការពារព្រៃរបស់យើង យើងក៏មិនមានដែរថ្ងៃហ្នឹង»។
ឯកឧត្តម សាយ សំអាល់ បានបញ្ជាក់ថា៖ «ដូច្នេះ ប្រសិទ្ធភាពនៃការងារក៏មិនទទួលបានដែរ ព្រោះព្រៃធំមិនអាចទៅឈរយាមបានទេ ដូច្នេះសួរថាធ្វើម៉េច ឱ្យមានការចូលរួមរបស់ប្រជាពលរដ្ឋ ហើយធ្វើម៉េច ដើម្បីឱ្យប្រជាពលរដ្ឋកម្ពុជាគ្រប់រូបចេះស្រឡាញ់ជូន និងចូលរួមថែរក្សាព្រៃព្រឹក្សា តំបន់ទេសចរណ៍របស់យើង។ ខ្ញុំបានធ្វើរបៀបចៅចាក់ស្មុគ ដោយបានប្រើប្រាស់នូវបទចម្រៀងរបស់លោកតា ស៊ិន ស៊ីសាមុត ដែលគាត់តែងតែច្រៀងនូវចម្រៀង ដែលបង្កប់ន័យច្នៃប្រឌិតខ្ពស់ ទាន់សម័យ និងមិនចេះសាបសូន្យឱ្យកូនខ្មែរចេះស្រឡាញ់ ចេះស្គាល់ទឹកដីរបស់ខ្លួន ថ្វីត្បិតចម្រៀងគាត់មានន័យ បង្ហាញពីសេចក្តីស្រឡាញ់សម្រាប់មនុស្សពីរនាក់ក៏ដោយ តែគាត់ឆ្លៀតបរិយាយពីភូមិសាស្ត្រស្រុកខ្មែរ ដើម្បីឱ្យពលរដ្ឋស្រឡាញ់ទឹកដីកំណើត ស្គាល់ពីតំបន់ និងទឹកដីដ៏ល្អដែលមានគុណភាពល្អយើងគាត់បានប្រើប្រាស់នូវវិធីច្រៀងនៅបង្កប់ន័យបង្ហាញទីតាំងតំបន់នៃប្រទេសរបស់យើង»។
ឯកឧត្តម រដ្ឋមន្ត្រីក៏បានបញ្ជាក់ថា ៖ «ខ្ញុំក៏គិតថា មានវិធីមួយដាក់រូបថតហើយដាក់បទចម្រៀងគាត់ ដើម្បីឱ្យបានស្គាល់ ក្រោយពីដាក់រូបថត ហើយបង្ហាញពីជីវិតឧទ្យានុរក្សទៅរកត្រី អាំងត្រី តាមតំបន់ធម្មជាតិនោះ មានកន្លែងច្រើន សេដ្ឋកិច្ចមូលដ្ឋានហើយទេសចរណ៍ បានផ្សារភ្ជាប់ធម្មជាតិបរិស្ថានគឺបង្ហាញនូវការរីកចម្រើន ដូចជាអ្នកភូមិជាច្រើនគាត់ក៏ដូច្នេះដែរ បានកែប្រែទៅចិញ្ចឹមត្រី កង្កែប មាន់ និងបង្កងអូស្ត្រាលីជាដើម នេះជាសេដ្ឋកិច្ចវិលជុំចាប់ផ្តើម»។

«ដូច្នេះការប្រែក្លាយតំបន់ការពារធម្មជាតិដែលមានសក្តានុពលទេសចរណ៍ទៅជាតំបន់ទេសចរណ៍ធម្មជាតិ ដើម្បីបង្កើនសេដ្ឋកិច្ចសម្រាប់សហគមន៍មូលដ្ឋាន ចូលរួមអភិវឌ្ឍ និងធ្វើឱ្យមានកំណើនសេដ្ឋកិច្ចជាតិ ហើយចូលរួមពង្រឹងប្រសិទ្ធភាពអភិរក្សធនធានធម្មជាតិនិងជីវៈចម្រុះ។ ដូចជាតំបន់ទេសចរណ៍ភ្នំខ្នងផ្សារ បើយើងបើកឡាន យូរទៅវានឹងខ្ទេចផ្លូវ ដើម្បីសុវត្ថិភាពក្នុងភ្នំខ្នងផ្សារនេះត្រូវបានថែរក្សាជាតំបន់ទេសចរណ៍ធម្មជាតិនោះ យើងត្រូវតែចេះថែរក្សាវា យើងរៀបចំតំបន់នោះឱ្យមានចំណាត់ថ្នាក់ កន្លែងបោះតង់ កន្លែងចតឡាន បង្គន់អនាម័យ ដែលយើងត្រូវគិតគូរជាចាំបាច់ សម្រាប់តំបន់ទេសចរណ៍ធម្មជាតិថ្មីនេះ»។ យោងតាមប្រសាសន៍ឯកឧត្តមសាយ សំអាល់។

ឯកឧត្តមបានបញ្ជាក់ថែមទៀតថា៖ «ទាំងនេះ ក៏ដើម្បីសុវត្ថិភាព ដើម្បីជាកន្លែងកំសាន្តសប្បាយ យើងឃើញថា មានអ្នកទេសចរចាប់ផ្ដើមទៅកំសាន្ត ហើយយើងក៏ចង់ឱ្យទេសចរណ៍ទៅឱ្យបានច្រើនហើយពលរដ្ឋគាត់ ក៏បានប្ដូរពីរបរកាប់ឈើ ធ្វើស្រែ ដុតធ្យូង មកជាការលីសាក់កាដូ ជញ្ជូនឥវ៉ាន់ រៀបម្ហូប ចងតង់ ដែលអ្នកទេសចរម្នាក់ចាំបាច់ត្រូវការចំណាយក្នុងពេលទៅកម្សាន្តប្រមាណ 50 ដុល្លារក្នុងម្នាក់។ នេះគឺជាការបង្វែរលុយពីអ្នកមានជីវភាពធូរធារ ទៅអ្នកដែលមានជីវភាពទាបជាង ហើយក៏ជាសញ្ញានៃការប្រើប្រាស់ក្នុងប្រទេសកម្ពុជាដែលមានសុខសន្តិភាព ដែល 22 ឆ្នាំកន្លងមកនេះ ធ្វើឱ្យសេដ្ឋកិច្ចកម្ពុជារីកចម្រើន តែបើប្រៀបទៅសហរដ្ឋអាមេរិក ឬប្រទេសមួយចំនួនមិនដូចទេ ព្រោះប្រទេសយើងធ្លាប់មានសង្រ្គាម។
ឯកឧត្តមបានបញ្ជាក់ដែរថា ៖ «ទាំងប្រជាពលរដ្ឋគាត់បានផ្សាភា្ជប់ទៅនឹងធម្មជាតិ និងកសិកម្មដែរ យើងកាលពីមុន 4-5 មុន យើងត្រូវការម្ហូបលឿនថ្មីៗ ប៊ឺហ្គឺរ ជាដើម ប៉ុន្តែ ឥឡូវយើងត្រូវការបន្លែស្រស់ ឬមាន់ចិញ្ចឹមជាដើម ដែលបញ្ជាក់ពីការផ្លាស់ប្ដូរទៅរកអ្វីដែលថ្មី ភាពនិយមដោយផ្សាភ្ជាប់ទៅនឹងសកម្មភាពថ្មីៗដែរ។ ក្មេងៗយុវជន គាត់ឡើងខ្នងភ្នំផ្សារ ដោយប្រណាំងគ្នាឡើងភ្នំ ចង់ដឹងថាសមត្ថភាពគាត់ប៉ុនណា យើងក៏ចង់បានដូច្នេះ គឺការសាកឡើងភ្នំ តែមិនសាកគ្រឿងញៀន»៕


