បញ្ហាអាមេរិក-ចិនកំពុងធ្វើឲ្យកិច្ចព្រមព្រៀងអចលនទ្រព្យមួយនៅក្រុងហុងកុងជាប់គាំង

បរទេស ៖ យោងតាមការចេញផ្សាយរបស់គេហទំព័រ CNA នៅថ្ងៃពុធនេះបានសរសេរថា ដោយសារតែបញ្ហាទំនាក់ទំនងរវាងមហាយក្សចិន និងអាមេរិកក្នុងពេលបច្ចុប្បន្ននេះវាបានបង្កឲ្យទៅជាមានការជាប់គាំងមួយទៅលើកិច្ចព្រមព្រៀងទិញលក់អចលនទ្រព្យរបស់ក្រុមហ៊ុនអភិវឌ្ឍអចលទ្រព្យដែលមានឈ្មោះថា Hang Lung នៃទីក្រុងហុងកុង។

ក្រុមហ៊ុនអចលនទ្រព្យនេះបាននិយាយថា មកដល់ថ្ងៃកំណត់ 30 ធ្នូនេះទៅហើយ ប៉ុន្តែកិច្ចព្រមព្រៀងមួយរបស់ខ្លួនក្នុងការទិញយកអគារដែលជាកម្មសិទ្ធិរបស់កុងស៊ុលអាមេរិកគឺមិនអាចធ្វើបានទៅរួចនៅឡើយដោយសារតែបញ្ហានយោបាយរបស់ប្រទេសអាមេរិក និងចិន។

កិច្ចព្រមព្រៀងទិញលក់ដែលមានតម្លៃប្រមាណជា 331.5 លានដុល្លារដែល Hang Lung បានសន្យាថានឹងទិញយកអគារមួយកន្លែងដែលជាកម្មសិទ្ធិរបស់កុងស៊ុលអាមេរិកនោះត្រូវបានជាប់គាំងតាំងតែពីសប្តាហ៍មុននៅពេលដែលរដ្ឋបាលទទួលបន្ទកកិច្ចការងារចុះឈ្មោះដីធ្លីរបស់ក្រុងហុងកុងបានផ្ញើលិខិតមួយដោយបញ្ជាក់ថា
អចលនទ្រព្យនេះជាប្រភេទអគារដែលត្រូវការទិញលក់ក្នុងលក្ខខណ្ឌខុសពីដំណើរការធម្មតា។

នៅក្នុងលិខិតបានបញ្ជាក់ថា រដ្ឋាភិបាលចិនបានណែនាំដល់រដ្ឋាភិបាលក្រុងហុងកុងថារាល់អចលនទ្រព្យណាដែលត្រូវលក់ដោយកុងស៊ុលអាមេរិក ឬមានបំណងចង់ជួល និងទិញដោយកុងស៊ុលអាមេរិកដាច់ខាតចាំបាច់ឲ្យរដ្ឋាភិបាលអាមេរិកសរសេរជាលិខិតស្នើសុំមួយទៅកាន់រដ្ឋាភិបាលចិនឲ្យបាន 60ថ្ងៃមុនកិច្ចព្រមព្រៀងត្រូវបានធ្វើឡើង។

បញ្ហាបែបនេះបានកំពុងធ្វើឲ្យក្រុមអ្នកប្រឹក្សាអចលនទ្រព្យ និងភ្នាក់ងារលក់អចលទ្រព្យទាំងចិនដីគោក និងក្រុងហុងកុងមានការខ្លាចរអារគ្រប់គ្នាក្នុងការធ្វើការងារជូញដូរអចលនទ្រព្យរបស់ខ្លួនដែលបច្ចុប្បន្នកំពុងមានភាពរសើបយ៉ាងខ្លាំងដោយសារនយោបាយចិន និងអាមេរិក៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner