ប៉ាគីស្ថាននឹងសង់បំពង់បង្ហូរហ្គាសប្រវែងជាង 1 ពាន់គីឡូម៉ែត្រភ្ជាប់ទៅដល់រុស្សី

បរទេស៖ យោងតាមការចេញផ្សាយរបស់កាសែត the Bloomberg នៅថ្ងៃចន្ទនេះបានឲ្យដឹងថា ប្រទេសប៉ាគីស្ថាននឹងចាប់ផ្តើមសាងសង់បំពង់បង្ហូរហ្គាសមួយនៅក្នុងខែកក្កដា ឆ្នាំ2021ខាងមុខនេះ ដែលមានប្រវែងដល់
ទៅ 1,100 គីឡូម៉ែត្រតភ្ជាប់ទៅដល់ប្រទេសរុស្សី។

ថ្លែងនៅក្នុងបទសម្ភាសន៍មួយកាលពីខែធ្នូកន្លងទៅ លោក Nadeem Babar ដែលជាប្រឹក្សាផ្ទាល់របស់នាយករដ្ឋមន្ត្រីប៉ាគីស្ថានទទួលបន្ទុកកិច្ចការងារថាមពលឥន្ធនៈបានបញ្ជាក់ថា ប្រទេសអាស៊ីខាងត្បូងមួយនេះនឹងអាទទួល
បានផលចំណែកចន្លោះពី 51 ទៅដល់ទៅ 74 ភាគរយខណៈដែលរុស្សីនឹងទទួលបានចំណែកដែលនៅសេសសល់។

ប្រភពដដែលបានសរសេរទៀតថា ក្រុមហ៊ុនចែកចាយហ្គាសរបស់ប៉ាគីស្ថាន Sui Southern Gas Co. និង Sui Northern Gas Pipelines Ltd.,ដែលបានចាប់ផ្តើមដើរទិញដីសម្រាប់គម្រោងនេះក៏នឹងក្លាយទៅជាផ្នែកមួយនៃគម្រោងយក្សនេះដែរ ហើយក្នុងនោះក្រុមហ៊ុនសម្ព័ន្ធរបស់រុស្សីនឹងក្លាយទៅជាអ្នកដឹកនាំការដ្ឋានសាងសង់។

គួរឲ្យដឹងដែរថា ប្រទេសប៉ាគីស្ថាននៅប៉ុន្មានឆ្នាំចុងក្រោយនេះត្រូវបានគេមើលឃើញថាបានក្លាយទៅជាទីផ្សារដ៏ធំសម្រាប់ធនធាននេះដោយសារតែតម្រូវការក្នុងស្រុកដ៏ច្រើនលើសលប់ ហើយថែមទាំងបានបង្ខំឲ្យរដ្ឋាភិបាលប៉ាគីស្ថានសម្រេចចិត្តទិញជាច្រើនរួចមកហើយ។ ប៉ាគីស្ថានក៏បានអនុញ្ញាតឲ្យមានការដេញថ្លៃទៅលើប្លុករុករកប្រេង
និងហ្គាសចំនួន20 កន្លែងផងដែរដោយសង្ឃឹមថាអាចបង្កើនចំនួននៃការផ្គត់ផ្គង់បន្ថែមទៀតបានពេញលេញ៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner