ស្វែងយល់ពីវិបត្តិសេដ្ឋកិច្ចពិភពលោក និងភាពប្រឈមក្នុងស្ថានភាពកូវីដ-19 កាលពីឆ្នាំ2020

ជំងឺរាតត្បាតកូវីដ-19 បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរទៅលើគ្រប់ទិដ្ឋភាពនៃជីវិតរស់នៅក្នុងឆ្នាំ2020 ហើយសេដ្ឋកិច្ចពិភពលោកក៏បានទទួលរងនូវផលប៉ះពាល់យ៉ាងខ្លាំងផងដែរ ដោយក្នុងនោះ បញ្ហាសំខាន់ៗចំនួន4 ត្រូវបានរដ្ឋាភិបាលនៃប្រទេសបង្ខំចិត្តអនុវត្ត និងទទួលរងនូវផលប៉ះពាល់ធ្ងន់ធ្ងរបំផុត។

1- ការបិទប្រទេស និងការបិទព្រំដែន ៖ ដើម្បីទប់ស្កាត់ការរីករាលដាល រដ្ឋាភិបាលនៃប្រទេសនីមួយៗបានបង្ខំចិត្តសម្រេចបិទព្រំដែន បិទប្រទេស ដែលបង្កឱ្យមានការជាប់គាំងនៅក្នុងវិស័យពាណិជ្ជកម្ម ធ្វើឱ្យមានការរំខានដល់សង្វាក់ផ្គត់ផ្គង់ និងធ្វើឱ្យមានរលកនៃការក្ស័យធនជំនួញនៅទូទាំងពិភពលោក ជាពិសេសនៅក្នុងវិស័យអាកាសចរណ៍ ទេសចរណ៍ និងផ្នែកលក់រាយ។ បន្ថែមពីនេះ បណ្តាប្រទេសនានាបានដាក់ចេញនូវកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ចដែលមានទឹកប្រាក់សរុបរាប់ពាន់លានដុល្លារអាមេរិក ក៏ដូចជាវិធានការរូបិយវត្ថុមិនធ្លាប់មាន និងប្រាក់កម្ចីបន្ទាន់ផងដែរ។ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករថា GDP សកលលោកនៅក្នុងឆ្នាំ2020 នឹងមានការធ្លាក់ចុះចំនួន 4.4% ។

2- វិបត្តិនៅក្នុងទីផ្សារការងារសកលលោក ៖ ទីផ្សារការងារសកលលោកបានរងនូវផលប៉ះពាល់យ៉ាងខ្លាំងពីជំងឺ
កូវីដ-19 ដែលបណ្តាលឱ្យបាត់បង់ការងារ ឬមានការកាត់បន្ថយប្រាក់ខែនៅជុំវិញពិភពលោក។ នៅក្នុងរបាយការណ៍ស្តីពី «ជំងឺកូវីដ-19 និងពិភពការងារ» របស់អង្គការពលកម្មអន្តរជាតិ (ILO) បានឱ្យដឹងថា ការងារជាង 81លាននៅអាស៊ី និងប៉ាស៊ីហ្វិក រួមនឹងការងារចំនួន30លានផ្សេងទៀតនៅអាមេរិកឡាទីនត្រូវបានបាត់បង់នៅក្នុងឆ្នាំ2020។ នៅក្នុងរយៈពេល3ត្រីមាសដំបូងនៃឆ្នាំ2020 ប្រាក់ចំណូលបានធ្លាក់ចុះ 10.7% ឬស្មើនឹង 3.5
ទ្រីលានដុល្លារអាមេរិកនៅលើមូលដ្ឋានសកលលោក។ វិបត្តិនៅក្នុងទីផ្សារការងារអាចមានផលវិបាករយៈពេលវែងក្នុងទម្រង់នៃភាពក្រីក្រ និងភាពមិនប្រាកដប្រជាផ្នែកសង្គមសេដ្ឋកិច្ច។

3- និន្នាការសកលលោកក្នុងការកាត់បន្ថយអត្រាការប្រាក់ឱ្យជិតដល់សូន្យ ៖ ក្នុងគោលបំណង់ជួយសេដ្ឋកិច្ចឱ្យយកឈ្នះនៅលើគ្រាលំបាកនៃជំងឺកូវីដ-19 ជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រ ធនាគារកណ្តាលនៅក្នុងប្រទេសដែមាន
សេដ្ឋកិច្ចល្អប្រមាណ 60%នៅទូទាំងពិភពលោក បានកាត់បន្ថយអត្រាការប្រាក់ឱ្យនៅតិចជាង 1% ។ នៅក្នុងខែ មីនាតែមួយ ធនាគារសហព័ន្ធអាមេរិកបានទម្លាក់អត្រាការប្រាក់ពីរដងដែលជាការអនុវត្តបន្ទាន់។
ធនាគារកណ្តាលអឺរ៉ុប ចិន ជប៉ុន អង់គ្លេស និងអូស្រ្តាលី ក៏បានកាត់បន្ថយអត្រាការប្រាក់ឱ្យនៅក្នុងកម្រិតទាបផងដែរ។

4- ការប្រែប្រួលទីផ្សារដែលមិនធ្លាប់មាន ៖ ទំនិញ និងទីផ្សារហិរញ្ញវត្ថុនៅជុំវិញពិភពលោកបានកត់ត្រាវគ្គជួញដូរជាប្រវត្តិសាស្រ្តក្នុងឆ្នាំ2020 បន្ទាប់ពីមានជំងឺកូវីដ-19 វិធានការរឹតត្បិត និងការខ្វែងគំនិតគ្នាទៅលើកញ្ចប់ថវិកាជំនួយសេដ្ឋកិច្ចរបស់ប្រទេសនានា ដែលបានរងនូវផលប៉ះពាល់យ៉ាងខ្លាំងដល់តម្រូវការ និងអារម្មណ៍របស់វិនិយោគិន។ តម្លៃមាសសកលលោកលើសពី2,000ដុល្លារអាមេរិកក្នុងមួយអោនជាលើកដំបូង ខណៈដែលប្រេងឆៅ WTI (West Texas Intermediate) ធ្លាក់ដល់កម្រិតទាបបំផុត គឺ 40ដុល្លារអាមេរិកក្នុងមួយបារ៉ែល។ នៅខែមីនា ទីផ្សារភាគហ៊ុនអាមេរិកជួបប្រទះនូវការធ្លាក់ចុះយ៉ាងខ្លាំងចាប់តាំងពីឆ្នាំ1987 មក។ អ្វីដែលគួរឱ្យកត់
សម្គាល់នោះ គឺការលោតឡើងខ្ពស់នៃតម្លៃការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្ត ជាពិសេសគឺម៉ាសបិទមុខ និងវ៉ាក់សាំង៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner