សេដ្ឋកិច្ចសិង្ហបុរីធ្លាក់ចុះមិនធ្លាប់មាន 5.8 ភាគរយក្នុងឆ្នាំ2020

បរទេស៖ យោងតាមការចេញផ្សាយរបស់កាសែត CNA នៅថ្ងៃអង្គារនេះបានឲ្យដឹងថា សេដ្ឋកិច្ចនៃប្រទេសសិង្ហបុរីត្រូវបានគេមើលឃើញថាមានការធ្លាក់ចុះដល់ទៅ 5.8 ភាគរយនៅក្នុងឆ្នាំ2020 ដែលជាតួលេខអាក្រក់បំផុតមិនធ្លាប់មាន។

តាមរយៈទិន្នន័យដែលត្រូវបានបង្ហាញជាផ្លូវការក៏បានបញ្ជាក់ដែរថា ការធ្លាក់ចុះនេះដោយសារបញ្ហាកូវីដ19 ជាកត្តាសំខាន់ដែលបានធ្វើឲ្យមានការប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ចរបស់ខ្លួនបែបនេះ ប៉ុន្តែការវិវត្តន៍ជាវិជ្ជមានត្រូវបានធ្វើឡើងបានបន្តិចវិញនៅក្នុងត្រីមាសទី 4 ឆ្នាំ2020 ពោល គឺនៅក្នុងពេលដែលការរឹតបន្តឹងនានាត្រូវបានលុបចោលទៅវិញ។

ប្រភពដដែលបានបញ្ជាក់ទៀតថា ការធ្លាក់ចុះលើកនេះគឺត្រូវបានគេដឹងថាជាតួលេខធ្លាក់ចុះលើកដំបូងចាប់តាំងតែពីឆ្នាំ2001 ហើយក៏ជាបញ្ហាសេដ្ឋកិច្ចដែលសិង្ហបុរីមិនដែលធ្លាប់ជួបឡើយតាំងតែពីការទទួលបានឯករាជ្យពេញលេញ។

ក្រៅតែពីវិស័យទេសចរណ៍ សិង្ហបុរីក៏ត្រូវបានទទួលរងផលប៉ះពាល់ទៅលើវិស័យផ្សេងទៀតផងដែរ ដូចជាវិស័យសាងសង់ និងអាកាសចរណ៍ដោយសារតែកូវីដ និងការបិទព្រំដែនរបស់ខ្លួន ហើយរដ្ឋាភិបាលបានធ្វើការព្យាករណ៍ដែរថា ចំនួនផលិតផលក្នុងស្រុកសរុប ឬ GDP ក៏នឹងធ្លាក់ចុះប្រមាណជា 6 ទៅ6.5 ភាគរយផងដែរសម្រាប់ឆ្នាំ2020។

គួរឲ្យដឹងដែរថា មកដល់ពេលនេះរដ្ឋាភិបាលបានចំណាយលុយប្រមាណជា 100 ពាន់លានដុល្លារមកហើយដើម្បីដោះស្រាយបញ្ហាកូវីដ ជាពិសេសដើម្បីជាជំនួយដល់ពលរដ្ឋ និងអាជីវកម្មតូចធំនៅក្នុងប្រទេស។ទោះជាយ៉ាងណា មានការរំពឹងទុកថាសេដ្ឋកិច្ចអាចនឹងមានកំណើនឡើងវិញសម្រាប់ឆ្នាំ2021នេះក្រោយស្ថានភាពនៃការរាតត្បាតត្រូវបានកាត់បន្ថយ៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner