ការប្រកួតកីឡាអុកចត្រង្គ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២០ មានកីឡាករចំនួន៦៤នាក់ មកពីរាជធានីខេត្តនានា ចំនួន១៧ក្លិប ចូលរួម

អត្ថបទដោយ៖
សារ៉ាន ទីងី

កីឡាករចំនួន៦៤នាក់មកពី១៧ក្លិបមកពីរាជធានីខេត្តនានា បានចូលរួមប្រកួតប្រជែងជើងឯក នៅក្នុងការប្រកួតកីឡាអុកចត្រង្គ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២០ ដោយបើកការប្រកួតនៅព្រឹកថ្ងៃទី៥ រហូតដល់ថ្ងៃទី៧ ខែមករា ឆ្នាំ២០២១ នៅក្លិបសេះខៀវ រាជធានីភ្នំពេញ។

យោងតាមរបាយការណ៍សហព័ន្ធកីឡាអុកចត្រង្គកម្ពុជាបានឲ្យដឹងថា កីឡាករដែលចូលរួមចំនួន៦៤នាក់នេះ មកពីក្លិប១៧ ដោយ៧ក្លិបមកពីខេត្តចំនួន៧ និង១០ក្លិបទៀតនៅរាជធានីភ្នំពេញ ក្រោមការរៀបចំដោយសហព័ន្ធកីឡាអុកចត្រង្គកម្ពុជា និងទទួលបានថវិកាគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡានៃគម្រោងថវិកា៣មុខសញ្ញា គឺរដ្ឋបាល២០% ការបណ្តុះបណ្តាល ៣៥% និងការប្រកួត៤៥%។ សហព័ន្ធបានចាត់ទុកថា ការប្រកួតនេះពិតជាមានសារៈសំខាន់ណាស់ ក្នុងការពង្រឹង និងលើកស្ទួយវិស័យកីឡាអុកចត្រង្គ ដែលជាកេរ្តិ៍មរតកដូនតាខ្មែរ ដើម្បីបន្តការអរិរក្ស និងអភិវឌ្ឍប្រភេទកីឡាប្រពីណីវប្បធម៌ជាតិមួយនេះទាំងថ្នាក់ជាតិ ក៏ដូចជាអន្តរជាតិ ជាពិសេសគឺសម្រួចគោលដៅ ឆ្ពោះទៅទទួលធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាម២០២៣ នៅកម្ពុជាផងដែរ។

លោក ឃាង ពីវ អនុប្រធានសព័ន្ធកីឡាអុកចត្រង្គកម្ពុជាលើកឡើងថា នេះជាលើកទី៣ ដែលសហព័ន្ធបានរៀបចំការប្រកួតជើងឯកថ្នាក់ជាតិនេះឡើង នៅក្នុងគោលបំណងបណ្តុះបណ្តាលធនធានកីឡាករ នៅតាមក្លិបទាំង១៨ ដែលជាសមាជិកពេញសិទ្ធិរបស់សហព័ន្ធ ដើម្បីបង្កើនសមត្ថភាពដល់កីឡាករ កីឡាការិនីឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។ ជាមួយគ្នានេះ លោកអនុប្រធានរូបនេះបានលើកឡើងនូវវឌ្ឍនភាពការងារ ដែលសម្រេចបានជាផ្លែផ្កា ជាបន្តបន្ទាប់ចាប់តាំងពីសហព័ន្ធត្រូវបានបង្កើតឡើងជាផ្លូវាការ ចាប់តាំពីឆ្នាំ២០១៧មករហូតដល់បច្ចុប្បន្ន។ ក្រោមការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងដោយមានការគំាទ្រពីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ប្រភេទកីឡាអុកចត្រង្គត្រូវបានជ្រើសរើសបញ្ជូលជាវិញ្ញាសាប្រកួត នៅក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលព្រះរាជាណាចក្រកម្ពុជាទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះជាប្រវត្តិសាស្ត្រជាលើកដំបូង ក្នុងឋានៈជាស្ថាបិកនៃតំបន់មួយនេះ។ ដូច្នេះហើយ ដើម្បីដើរស្របតាមផែនការយុទ្ធសាស្ត្រ សហព័ន្ធកំពុងតែខិតខំផ្សព្វផ្សាយ និងពង្រឹងសមត្ថភាពកីឡាករ កីឡាការិនី ដើម្បីប្រជែងមេដាយមាសជូនជាតិ ក៏ដូចជាបង្ហាញជូនដល់ពិភពលោកផងដែរ។

លោកអនុប្រធានបន្ថែមថា ដើម្បីឲ្យទទួលបានជ័យជម្នះ សហព័ន្ធកំពុងខិតខំផលិតធនធានកីឡាករ កីឡាការិនីតាមរយៈការប្រកួតជើងឯកថ្នាក់ជាតិរៀងរាល់ឆ្នាំ និងមានការចូលរួមយ៉ាងសំខាន់ពីកីឡាករខ្លាំងៗ មានការប្រយុទ្ធ លើក្តាអុកជាក់ស្តែង ទេពកោសល្យ វិធីសាស្ត្រលេងអុកចត្រង្គ រួមទាំងក្បួនយុទ្ធសាស្ត្រដទៃទៀតផងដែរ៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner