សែលកាតរៀបចំយុទ្ធនាការផ្សព្វផ្សាយថ្មី “ប្រជាជាតិតែមួយ” ដើម្បីជំរុញទឹកចិត្តប្រជាជនខ្មែរ ក្នុងការស្វាគមន៍ឆ្នាំថ្មីដ៏មានសេរីសួស្តី ឆ្នាំ២០២១
ភ្នំពេញ ៖ ដោយការឈានចេញឆ្នាំចាស់ដ៏លំបាកផ្លាស់ចូលឆ្នាំថ្មី ក្រុមហ៊ុនសែលកាត បានប្រកាសឱ្យដឹងនូវការចាប់ផ្តើមយុទ្ធនាការថ្មី “ប្រជាជាតិតែមួយ” តាមរយៈគម្រោងផ្សព្វផ្សាយតាមទូរទស្សន៍ដ៏ធំបំផុតរបស់ខ្លួន ដើម្បីចូលរួមទទួលស្គាល់ ក៏ដូចជាស្ងើចសរសើរដល់ភាពរឹងមាំ អំណត់អត់ធ្មត់ និងសាមគ្គីភាពរបស់បងប្អូនពលរដ្ឋខ្មែរ ស្របពេលដែលប្រទេសកម្ពុជាទាំងមូល កំពុងទន្ទឹងរង់ចាំស្វាគមន៍ឆ្នាំថ្មីដ៏មានសេរីសួស្តី ២០២១ ខាងមុខនេះ។
ក្រុមហ៊ុនសែលកាត បានចូលរួមបង្កើតគោលគំនិតសម្រាប់យុទ្ធនាការនេះឡើង ជាមួយនឹង Hanuman Films ដែលជាផលិតកម្មខ្សែភាពយន្តឈានមុខគេនៅក្នុងប្រទេសកម្ពុជា រួមជាមួយនឹងការដឹកនាំថតសម្តែងដោយអ្នកស្រី សូថូ គូលីកា ដែលជាផលិតករដ៏ឆ្នើមមួយរូប ធ្លាប់ទទួលបាននូវពានរង្វាន់ជាច្រើននៅក្នុងវិស័យមួយនេះ។
លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានថ្លែងអបអរសាទរដល់ផលិតកម្ម Hanuman Films និងសហការីទាំងអស់ដែលបានចូលរួមជួយផលិតខ្សែវីដេអូនេះឡើង ដោយលោកបានថ្លែងថា នេះគឺជាមធ្យោបាយដ៏ល្អប្រសើរបំផុត ដើម្បីបង្ហាញឱ្យឃើញច្បាស់នូវការប្តេជ្ញាចិត្ត ក្តីស្រឡាញ់ដ៏ជ្រាលជ្រៅ និងការគាំទ្ររបស់ក្រុមហ៊ុនសែលកាត ចំពោះបងប្អូនពលរដ្ឋខ្មែរ ខណៈដែលឆ្នាំ ២០២០ បានឈានជិតមកដល់ទីបញ្ចប់។
លោក វ៉ាតសុន បានមានប្រសាសន៍បន្តថា៖ “យើងចង់ផលិតនូវស្នាដៃយ៉ាងពិសេសមួយសម្រាប់ឆ្នាំនេះ ដើម្បីជាការចងចាំនូវអ្វីគ្រប់យ៉ាងដែលយើងបានឆ្លងកាត់កន្លងមក។ នេះគឺជាវប្បធម៌នៃការបង្ហាញពីភាពមោទនរបស់សែលកាត ពោលយើងគឺជាក្រុមហ៊ុនដែលជាមោទនភាពរបស់ជាតិខ្មែរ និងជាប្រតិបត្តិករទូរស័ព្ទចល័តដែលមានវត្តមានយូរជាងគេបំផុតនៅក្នុងប្រទេសកម្ពុជា ដែលតែងតែខិតខំផ្តល់នូវសេវាបម្រើដ៏ល្អឥតខ្ចោះជូនដល់អតិថិជន ក៏ដូចជាការចូលរួមទទួលស្គាល់នូវការរួមចំណែករបស់ប្រជាជនកម្ពុជាផងដែរ”។
លោក វ៉ាតសុន បានមានប្រសាសន៍ថា៖ “ក្នុងរយៈពេលជាង ២០ ឆ្នាំកន្លងមកនេះ ក្រុមហ៊ុនសែលកាត តែងនៅចាំបម្រើបងប្អូនពលរដ្ឋខ្មែរជានិច្ច ពោលគឺក្រុមហ៊ុនបានរៀបចំដំឡើងសេវាគ្របដណ្តប់គ្រប់ច្រកល្ហកនៅក្នុងប្រទេសកម្ពុជា ដើម្បីអនុញ្ញាតឱ្យក្រុមគ្រួសារ មិត្តភក្តិ និងពលរដ្ឋនៅតាមសហគមន៍ អាចទំនាក់ទំនងគ្នា ក៏ដូចជារួបរួមសាមគ្គីគ្នាជាប្រជាជាតិតែមួយ។ គ្រប់សមាជិកទាំងអស់របស់ក្រុមសែលកាត តែងតែចូលរួមជួយគិតគូរដល់ប្រទេសជាតិ ប្រកបដោយភាពមោទន ក្តីសង្ឃឹម និងភាពក្លាហាន ស្របពេលដែលពួកយើងទាំងអស់ កំពុងត្រៀមខ្លួនទទួលស្វាគមន៍ឆ្នាំថ្មី ឆ្នាំ ២០២១៕ ដោយ / គ្រី សម្បត្តិ