ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ អញ្ជើញចូលរួមជួបសំណេះសំណាល សាកសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋ ក្នុងខេត្ត

អត្ថបទដោយ៖
ធី ដា

ពោធិ៍សាត់៖ ឯកឧត្តម ឧកញ៉ា បណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស ជាសមាជិកឧត្តមក្រុមប្រឹក្សាអង្គការសម្ព័ន្ធពិភពឥស្លាម RABITA និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា និងដោយបានការអញ្ជើញចូលរួមពី ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១នេះ បានអញ្ជើញជួបសំណេះសំណាល សាកសួរសុខទុក្ខ និងនាំយកកញ្ចប់អំណោយ ចែកជូនដល់ប្រជាពលរដ្ឋ ចំនួន១,៣១៩គ្រួសារ ក្នុងស្រុកកណ្តៀង និងក្រុងពោធិ៍សាត់។

ពិធីនេះប្រារព្ធធ្វើនៅ ២ទីតាំងផ្សេងគ្នា គឺបរិវេណដីវាល ទល់មុខសាលាស្រុកកណ្តៀង ស្ថិតក្នុងភូមិស្ថានីយ៍ ឃុំកណ្តៀង ស្រុកកណ្តៀង ចំនួន៨០០គ្រួសារ និងនៅក្នុងបរិវេណពហុកីឡដ្ឋានខេត្ត ស្ថិតក្នុងភូមិពាលញែក២ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ចំនួន៥១៩គ្រួសារ។

ឯកឧត្តម ឧកញ៉ា បណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រី បានថ្លែងថា ទោះបីជាទឹកជំនន់បានឆ្លងផុតទៅហើយក៏ពិតមែន ក៏ប៉ុន្តែតម្រូវការ និងភាពចាំបាច់របស់ប្រជាពលរដ្ឋ ក៏នៅតែត្រូវបានការយកចិត្តទុកដាក់ ពីសំណាក់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ដោយផ្តល់ជាទូទៅ មិនប្រកាន់ពូជសាសន៍ ព័ណ៌សម្បុរ ឬសាសនាណាមួយឡើយ។ ឯកឧត្តមបានបន្ថែមថា កញ្ចប់អំណោយទាំងអស់នេះ គឺជាការឧបត្ថម្ភ របស់អង្គការសម្ព័ន្ធពិភពឥស្លាម RABITA សហការជាមួយអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា។

ឯកឧត្តមបានបន្តថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាបិតាស្ថាបនិក អគ្គមគ្គទេស៍ និងជាប្រតិបត្តិករនយោបាយ ឈ្នះ-ឈ្នះ ដែលបានតស៊ូរំដោះប្រទេសជាតិឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ និងបានខិតខំពុះពារកសាងសន្តិភាព ខឿនសេដ្ឋកិច្ច លទ្ធិប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គមដ៏គាប់ប្រសើរ។ ឯកឧត្តមបានបញ្ជាក់ថា៖ «សន្តិភាព» របស់សម្តេចតេជោនាយករដ្ឋមន្ត្រី គឺជាកត្តាសារវន្តមិនអាចខ្វះបាន សម្រាប់ការសម្រេចជោគជ័យ លើសមិទ្ធផលជាតិជាបន្តបន្ទាប់ និងការអភិវឌ្ឍលើគ្រប់វិស័យ។

ឯកឧត្តមក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ត្រូវគោរព និងអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវគោលការណ៍ រក្សាគម្លាតសង្គម និងវិធានការនានា តាមការកំណត់របស់ក្រសួងសុខាភិបាល និង ត្រូវបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ ក្នុងការបង្ការ និងការពារនូវការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ នៃការផ្ទុះសារជាថ្មី នៃជំងឺកូវីដទំរង់ថ្មី ខណៈពេលដែលពិភពលោក កំពុងប្រឈមមុខនឹងការរាត្បាតយ៉ាងខ្លាំង ដោយសារជំងឺនេះ។

កញ្ចប់អំណោយដែលត្រូវ ចែកជូនប្រជាពលរដ្ឋទាំង២ទីតាំងផ្សេងគ្នា ចំនួន១,៣១៩គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ២០គីឡូក្រាម និងឃីត១កញ្ចប់ រួមមាន(មី, ប្រេងឆា, ស្ករស, អំបិល, ត្រីខ, សាប៊ូដុំ, និងសាប៊ូលាងចាន)៕ដោយ-រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner