លោកជំទាវ បាន ស្រីមុំ ឣញ្ជើញចុះសំណេះសំណាលនិងសួរសុខទុក្ខ និងអំណោយមួយចំនួន ជូនដល់កងកម្លាំងការពារព្រំដែន
ប៉ៃលិន ៖ លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងឯកឧត្តម សៅ សារ៉ាត់ ឣ្នកតំណាងរាស្រ្តមណ្ឌលប៉ៃលិន កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ បានឣញ្ជើញចុះសំណេះសំណាលនិងសួរសុខទុក្ខ និងនាំយកម្ហូបអាហារជាសាច់ជ្រូក សាច់មាន់ ចង្ក្រានហ្គាស ម៉ាស់ និងអង្រឹងមុង ជូនដល់កងកម្លាំងការពារព្រំដែននៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដើម្បីជាការលើកទឹកចិត្ត និងផ្តល់ថាមពលដល់កម្លាំងកាយ ក្នុងការចូលរួមទប់ស្កាត់ការឆ្លងដែនខុសច្បាប់ បទល្មើសជួញដូរផ្សេងៗ ពិសេសត្រៀមទទួលពលករដែលចំណាកស្រុកចូលមកពីប្រទេសថៃតាមច្រករបៀងនានា ដើម្បីបញ្ជូនមកធ្វើចត្តាឡីស័ក ក្រោមការពិនិត្យនិងតាមដានសុខភាពដោយយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យជំនាញ ក្នុងការបង្ការនិងទប់ស្កាត់ការរីករាលដាលវីរុសកូវីដ១៩ចូលក្នុងសហគមន៍ ។ តមកលោកជំទាវ ក៏បានបន្តដំណើរមកសំណេះសំណាល និងពិនិត្យការយាមកាមរបស់កងកម្លាំង និងការបំពេញការងាររបស់ក្រុមគ្រូពេទ្យ នៅតាមមណ្ឌលចត្តាឡីស័កផងដែរ ។
ក្នុងឱកាសជួបសំណេះសំណាល លោកជំទាវអភិបាលខេត្ត បាននាំបណ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចអគ្គមហាសេនាបតី ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនកងកម្លាំងទាំងអស់ និងរួមគ្នាបំពេញតួនាទី ភារកិច្ចអោយបានល្អ មានសាមគ្គីភាព ឯកភាពផ្ទៃក្នុងអោយបានរឹងមាំ ដើម្បីរួមគ្នាទប់ស្កាត់កុំឱ្យវីរុសកូវីដ១៩ឆ្លងចូលសហគមន៍បាន ហើយក្នុងពេលបំពេញភារកិច្ចនេះ ត្រូវរក្សាអនាម័យ ពាក់ម៉ាស់ លាងដៃនឹងអាល់កុល ជែលអាល់កុលជាប្រចាំ និងមិនត្រូវទៅប៉ះពាល់ ឬប្រាស្រ័យទាក់ទងពលករ ដែលស្ថិតក្នុងការសង្ស័យមានផ្ទុកវីរុសកូវីដ១៩ នោះឡើយ ត្រូវរាយការណ៍ជាបន្ទាន់មក្រុមការងារ និងគ្រូពេទ្យជំនាញ ។ ដោយ / គ្រី សម្បត្តិ