លោក ដូណាល់ ត្រាំ ចុះហត្ថលេខាហាមឃាត់ App របស់ក្រុមហ៊ុនចិនចំនួន០៨ ដែលនេះនឹងបង្កភាពតានតឹងបន្ថែមទៀតជាមួយទីក្រុងប៉េកាំង មុនលោក ចូ បៃដិន ចូលកាន់តំណែងជាផ្លូវការក្នុងខែនេះ
អាមេរិក៖ ប្រធានាធិបតីអាមេរិកជិតផុតអាណត្តិលោក ដូណាល់ ត្រាំ ចុះហត្ថលេ ខាលើបទបញ្ជាថ្មីមួយទៀត ដោយហាមធ្វើប្រតិបត្តិការជាមួយក្រុមហ៊ុនចិនធំៗចំនួន០៨ ក្នុងនោះមាន Alipay របស់ក្រុមហ៊ុន Ant Group ផងដែរ នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ ។
ការសម្រេចចិត្តខាងលើនេះ ត្រូវបានគេមើលឃើញថា នឹងកាន់តែដុតបញ្ឆេះភាពតានតឹងបន្ថែមទៀតជាមួយប្រទេសចិន មុនពេលដែលប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក ចូ បៃដិន ឡើងកាន់តំណែងជាផ្លូវការក្នុងខែមករា ឆ្នាំ២០២១នេះ ។ លោក ត្រាំ បញ្ជាក់ថា App ទាំងនេះអាចបង្កជាហានិភ័យដល់សន្តិសុខជាតិ ជាពិសេសវាត្រូវបានគ្រប់គ្រង់ ឬកាន់កាប់ដោយរដ្ឋាភិបាលចិន ដូច្នេះអាមេរិកត្រូវតែមានវិធានការទប់ស្កាត់ ខណៈដែល App ទាំងនេះកំពុងតែពេញនិយមនៅក្នុងសហរដ្ឋអាមេរិក ។ បន្ថែមលើនេះ លោក ត្រាំ បានទុកពេល៤៥ថ្ងៃអោយក្រសួងពាណិជ្ជកម្មធ្វើការដកចេញ App ទាំងនេះចេញពីទឹកដីអាមេរិក ខណៈលោកនឹងត្រូវចាកចេញនៅថ្ងៃទី២០ ខែមករា ខាងមុខនេះ ។
សូមជម្រាបថា App របស់ក្រុមហ៊ុនចិន ដែលលោក ដូណាល់ ត្រាំ ធ្វើការហាមឃាត់នោះរួមមាន QQ, QQ Wallet , WeChat Pay, CamScanner, SHAREit, VMate , WPS Office និង Alipay របស់ក្រុមហ៊ុន Ant Group របស់លោក Jack Ma ផងដែរ ៕