អភិបាលក្រុងហុងកុងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន ដើម្បីពិភាក្សាស្តីពីច្បាប់សន្តិសុខជាតិថ្មីសម្រាប់ទីក្រុងហុងកុង

ចិន៖ អភិបាលក្រុងហុងកុងលោកស្រី ខារី ឡាំ បានរៀបចំកាលវិភាគធ្វើដំណើរទស្សនកិច្ចទៅកាន់រដ្ឋធានីប៉េកាំង ប្រទេសចិន នៅក្នុងថ្ងៃពុធនេះ (ម៉ោងក្នុងតំបន់) ស្ថិតក្នុងគោលបំណងធ្វើការពិភាក្សាស្តីពីច្បាប់សន្តិសុខថ្មីសម្រាប់ទីក្រុងហុងកុង នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០។

លោកស្រី ឡាំ នឹងចែករំលែកទស្សនៈរបស់លោកស្រី ពាក់ព័ន្ធនឹងច្បាប់សន្តិសុខជាតិថ្មីនេះ ជាមួយមន្រ្តីរដ្ឋាភិបាលកណ្តាលចិន ហើយនឹងវិលត្រឡប់ទៅកាន់ទីក្រុងហុងកុងវិញនៅព្រឹកថ្ងៃព្រហស្បត្តិ៍ស្អែកនេះ (ម៉ោងក្នុងតំបន់) នេះបើតាមសេចក្តីថ្លែងការណ៍ចេញផ្សាយដោយរដ្ឋាភិបាលក្រុងស្វយ័តមួយនេះ នៅថ្ងៃអង្គារ៍ម្សិលមិញ ។

ពាក់ព័ន្ធនឹងច្បាប់សន្តិសុខជាតិនេះដែរ រដ្ឋាភិបាលអាម៉េរិករបស់លោក ដូណាល់ ត្រាំ បានសម្រេចដកហូតឋានៈពិសេសរបស់ក្រុងហុងកុង ចេញពីបញ្ជីក្រោមច្បាប់របស់ខ្លួន ។ ការសម្រេចនេះមានន័យថា ហុងកុងលែងបន្តទទួលបានប្រព្រឹត្តកម្មពិសេស ក្រោមច្បាប់សហរដ្ឋអាម៉េរិកតទៀតហើយ ដោយទីក្រុងមួយនេះអាចនឹងបាត់បង់សិទ្ធិពិសេស ក្នុងការធ្វើពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិក។

ការដកហូតឋានៈខាងលើ ធ្វើឡើងក្រោយសហរដ្ឋអាម៉េរិកបានចោទចិនថា បានជាន់ឈ្លីស្វយ័តភាពរបស់ទីក្រុងមជ្ឈមណ្ឌលហិរញ្ញវត្ថុពិភពលោកមួយនេះ បន្ទាប់ទីក្រុងប៉េកាំងបោះជំហានទៅរកការអនុម័តច្បាប់សន្តិសុខជាតិថ្មី ដើម្បីអនុវត្តន៍លើ ក្រុងហុងកុង ដែលត្រូវបានលោក ត្រាំ មើលឃើញថា ជាការសម្លាប់សិទ្ធិសេរីភាពរបស់ហុងកុង ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner