ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានអំពាវនាវដល់បងប្អូនដែលកំពុងតែប្រកបរបរសេវាកម្មដឹកជញ្ជូនភ្ញៀវទេសចរណ៍ តាមម៉ូតូកង់៣ និងផាស់អេប ឲ្យមានការប្រុងប្រយ័ត្ននិងទប់ស្កាត់ការឆ្លងនិងចម្លងពីជម្ងឺកូវីដ-19

អត្ថបទដោយ៖
Kien Sereyvuth

   ថ្លែងទៅកាន់បងប្អូនដែលជាអ្នកប្រកប នូវមុខរបរសេវាកម្មដឹកជញ្ជូនភ្ញៀវតាមម៉ូតូកង់៣ និងផាស់អេបក្នុងទីប្រជុំជនក្រុង-ខេត្តបាត៎ដំបងប្រមាណ១២០នាក់ នៅរសៀល ថ្ងៃទី៦ខែមករាឆ្នាំ២០២១ នេះ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានធ្វើលារអំពាវនាវដល់បងប្អូនបម្រើនូវសេវាកម្មដឹកជញ្ជូនភ្ញៀវទេសចរណ៍សូមឲ្យមានការរប្រុងប្រយ័ត្នឲ្យបានម៉ឺងម៉ាត់និងត្រូវចូលរួមក្នុងការទប់ស្កាត់នូវការឆ្លងនិងការចម្លង ពីកូវីដ-១៩ តាមរយៈការណែនាំរបស់ក្រសួងសុខាភិបាល និងពីប្រមុខ នៃរាជរដ្ឋាភិបាលកម្ពុជាកន្លងមក ដោយមិនត្រូវមើលស្រាលពីជម្ងឺឆ្លងដ៏កំណាចមួយនេះ ដែលកំពុងតែបន្តកើតមាននិងរាតត្បាតជាសកល នៅលើពិភពលោក និងមិនទាន់ផុតរលត់រលាយសាបសូន្យនៅឡើយនោះទេ?។

      ការថ្លែងបែបនេះ គឺធ្វើឡើងនៅក្នុងពិធីជួបសំណេះសំណាលនិងចែកស្បៀង ដល់បងប្អូនជាអ្នករត់ម៉ូតូកង់បីនិងផាស់អាប់នៅរសៀលថ្ងៃទី៦មករា នេះ។ ដោយឯកឧត្តមអភិបាលខេត្តបាត់ដំបង បានធ្វើការក្រើនរំលឹកថា៖ ក្នុងខណៈនេះ នៅប្រទេសថៃ កំពុងតែកើតមាននូវការឆ្លងរីករាលដាលតាមបណ្តាខេត្តជាច្រើននៅក្នុងសហគមន៍ របស់ប្រទេសមួយនេះ នូវជំងឺកូវីដ-១៩។ហើយពលករខ្មែរកំពុងតែធ្វើការនៅទីនោះក៏បាននាំគ្នាវិលត្រឡបមកកាន់ស្រុកកំណើតវិញ។ហើយអ្នកខ្លះក៏បានឆ្លងនូវកូវីដ-១៩ និងកំពុងតែសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ រួមទាំងពលករផ្សេងៗច្រើនទៀត ក៏ត្រូវបានធ្វើការឃាត់ខ្លួន ដើម្បីធ្វើចត្តាឡីស័កតាមវិធានសុខាភិបាល យ៉ាងម៉ត់ចត់ ត្រឹមត្រូវ តាមកាលវេលាកំណត់និងពិនិត្យយកវត្ថុសំណាកដើម្បីផ្ញើទៅវិទ្យាស្ថានប៉ាស្ទ័រភ្នំពេញ ដើម្បីរកលទ្ធផល ពីកូវីដ-19។ មុននិងឲ្យវិលត្រឡប់ទៅកាន់លំនៅដ្ឋានស្រុកកំណើតរបស់ខ្លួនវិញ។

     ឯកឧត្តម ងួន រតនៈ បានបន្តថា៖ បញ្ហានេះវាក៏បានធ្វើឲ្យមានការព្រួយបារម្ភ ដូច្នេះសូមបងប្អូនជាដែលជាអ្នកប្រកបនូវមុខរបរក្នុងការបម្រើសេវាកម្មដឹកជញ្ជូនភ្ញៀវទេសចរណ៍ទាំងអស់ត្រូវមានការប្រុងប្រយ័ត្នឲ្យជាប៉ជាប្រចាំ និងត្រូវតែអនុវត្តនូវវិធានការក្នុងការធ្វើអនាម័យតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ដោយត្រូវពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ លាងដៃនឹងទឹកស្អាតជាមួយសាប៊ូ ឬជែល ឬ អាល់កុល ហើយក៏ត្រូវចេះរស់នៅតាមរបៀបថ្មី និងរបត់ថ្មី ដោយត្រូវរក្សានូវគម្លាតសង្គម ជាដើម ។

       ឯកឧត្តមអភិបាលខេត្ត ក៏បានក្រើនរំលឹក និងធ្វើការណែនាំដោយអំពាវនាវដល់អ្នករត់ម៉ូតូកង់បី និងផាស់អាប់ ត្រូវចូលរួមក្នុងការថែរក្សានូវសណ្ដាប់ធ្នាប់ក្នុងក្រុង តាមរយៈការបើកបរដោយត្រូវគោរពច្បាប់ចរាចរណ៍ផ្លូវគោក និងការចតក៏ត្រូវរក្សានូវរបៀបរៀបរយ ចៀសវាងនូវការបង្ក ការរំខាន ដល់ភ្ញៀវទេសចរណ៍ ឬ អ្នករួមដំណើរលើផ្លូវតែមួយ។

     ឯកឧត្តម អភិបាលខេត្តបាត់ដំបង ក៏បានផ្តោតនូវការរំពឹងទុកដោយរំលឹកទៅកាន់បងប្អូនដែលជាអ្នកបម្រើនូវសេវាកម្មសណ្ឋាគារ ទាំងអាហារដ្ឋានទាំងសេវាកម្មនានាដែលទាក់ទិន និងវិស័យទេសចរណ៍ទាំងអស់ ក៏ត្រូវត្រៀមជានិច្ច នូវ ការទទួលភ្ញៀវទេសចរណ៍ដែលមកលេងកម្សាន្តនៅក្នុងខេត្តដើម្បីស្ដារជីវភាពឡើងវិញ នៅពេលដែលជំងឺកូវីដ-១៩ វាបានផុតរលត់និងធូរស្បើយនៅទូទាំងពិភពលោក។ ខណៈដែលបញ្ហាជំងឺដ៏កាច់សាហាវមួយនេះ វាបានបង្កផលប៉ះពាល់ដល់មុខរបរអ្នកបម្រើសេវាកម្មខាងលើ ទាំងអស់នេះ ។

   តំណាងអ្នកពលរដ្ឋ ទទួលបានអំណោយ បានថ្លែងអំណរគុណដល់អាជ្ញាធរខេត្ត ដែលបានយកចិត្តទុកដាក់ពីសុខទុក្ខរបស់ពួកគាត់ ហើយពួកគាត់សន្យា នឹងអនុវត្តទៅតាមការណែនាំរបស់អាជ្ញាធរខេត្ត និងខិតខំថែរក្សានូវសុខសន្តិភាពឲ្យបានគង់វង់ និងបានសម្តែងនូវការដឹងគុណនិងអរគុណសន្តិភាព។

      សូមបញ្ជាក់ថា៖ អំណោយផ្ដល់ជូនអ្នករត់កង់បី និងរត់ផាស់អាប់ចំនួន១២០នាក់នេះ រួមមាន៖អង្ករ ២០ គក្រ. ត្រីខ១យួរ សាប៊ូលាងដី ទឹកសុទ្ធ ១កេសធំ និងថវិកាចំនួន ៤ម៉ឺនរៀលផងដែរ ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner