ឆេះរោងចក្រផលិតប្រអប់ស្នោមួយកន្លែងនៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ ៖ មានអគ្គិភ័យមួយបានឆាបឆេះរោងចក្រផលិតប្រអប់ស្នោមួយកន្លែងយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យមកធ្វើអន្តរាគមន៍ភ្លាមៗ កាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ ស្ថិតនៅក្នុងភូមិព្រៃល្ង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បេីតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញមានផ្សែងខ្មៅហុយចេញពីក្នុងរោងចក្រ ផ្នែកខាងក្រោយ ហើយភ្លាមៗនោះស្រាប់តែមានអណ្ដាតភ្លើងឆេះខ្មួលខ្មាញ់ឡើងតែម្ដង។ ខណៈនោះប្រជាពលរដ្ឋបានរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានឱ្យទាក់ទងទៅការិយាល័យជំនាញចេញរថយន្តពន្លត់អគ្គិភ័យជួយធ្វើអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លាមៗ តែដោយសារតែរោងចក្រផលិតប្រអប់បាយធ្វើពីស្នោ មានការឆាបឆេះលឿនពេក គឺមិនងាយគ្រប់គ្រងបានឡើយ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម លោក ក៏បានបញ្ចេញរថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យជាង១០គ្រឿងចេញមកធ្វើអន្តរាគមន៍ ជួយបាញ់ទឹកពន្លត់ជៀសវាងឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋ ឬបង្កគ្រោះថ្នាក់ដល់មនុស្ស។

ក្រោយពីបាញ់ពន្លត់រលត់ជាស្ថាពរ នគរបាលជំនាញបានសន្និដ្ឋានជាជំហានដំបូងថា មូលហេតុកើតឡើងសង្ស័យមានការឆ្លងចរន្តអគ្គិសនី៕ដោយ៖ ជីម ភារ៉ា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner