មន្រ្តីជាន់ខ្ពស់ WHO បញ្ជាក់ថា បណ្តាប្រទេសក្រីក្របំផុត នឹងទទួលបានវ៉ាក់សាំង Covid-19 នៅចន្លោះចុងខែមករា និងពាក់កណ្តាលខែកុម្ភៈឆ្នាំនេះ
ស្វីស៖ ប្រធានផ្នែកវ៉ាក់សាំងរបស់អង្គការសុខភាពពិភពលោក WHO លោកស្រី ខេត អូប្រាយអ៊ែន បញ្ជាក់ថា COVAX ដែលជាគម្រោងអន្តរជាតិស្តីពីការទិញ និងចែកចាយវ៉ាក់សាំង COVID-19 សម្រាប់ប្រទេសកំពុងអភិវឌ្ឍនោះ សម្រេចបានកិច្ចព្រមព្រៀងទិញវ៉ាក់សាំងចំនួន២ពាន់លានដូស ហើយដូសដំបូងក្នុងចំណោមនោះ នឹងចាប់ផ្តើមចែកចាយក្នុងរយៈពេលប៉ុន្មានសប្តាហ៍ទៀត នេះបើតាមសារព័ត៌មាន AFP នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ ។
ប្រធានផ្នែកវ៉ាក់សាំងរបស់ WHO រូបនេះបន្ថែមថា វ៉ាក់សាំង COVID-19 ដែលគម្រោង COVAX ទិញបាននោះ នឹងត្រូវចាប់ផ្តើមចែកចាយនៅចន្លោះចុងខែមករា និងពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០២១ខាងមុខនេះហើយ ។
លោកស្រី ខេត អូប្រាយអ៊ែន បានអះអាងទៀតថា សកម្មភាពនេះជាមធ្យោបាយដែលបណ្តាប្រទេសក្រីក្រនៅតំបន់អាហ្រ្វិក និងអាស៊ីខាងត្បូង ក៏ដូចជាប្រទេសដទៃទៀតនៅជុំវិញពិភពលោកដែលចូលរួមក្នុងគម្រោងនេះ ដែលមិនសូវមានលទ្ធភាព ដើម្បីទិញដោយខ្លួនឯងផ្ទាល់អាចទទួលបានវ៉ាក់សាំង COVID-19 ៕
![](https://asset.ams.com.kh/central/media/2021/01/b6c6996869804862b0825124f6e20b19-1024x576.jpeg)
![](https://asset.ams.com.kh/central/media/3000-1024x683.jpeg)