អភិបាលខេត្តបាត់ដំបង ចុះពិនិត្យមើលស្ថានភាពពលករនៅតាមមណ្ឌលចត្តាឡីស័ក នៅក្នុងស្រុកសំពៅលូន ស្រុកភ្នំព្រឹក និងស្រុកកំរៀង

អត្ថបទដោយ៖
Kien Sereyvuth

     គិតត្រឹមថ្ងៃទី០៨ខែមករា ឆ្នាំ២០២១នេះ ខេត្តបាត់ដំបង ទទួលពលករដែលវិលត្រឡប់មកពីប្រទេសថៃ តាមបណ្តាច្រកនានា តាមព្រំដែនខ្មែរ-ថៃ ក្នុងភូមិសាស្ត្រ នៃ ស្រុកទាំង៣របស់ខេត្តបានធ្វើចត្តាឡីស័ក នៅតាមមណ្ឌលនានាក្នុងស្រុកសំពៅលូន ស្រុកភ្នំព្រឹនិងស្រុកកំរៀង មានពលករឆ្លងដែនពីថៃតាមច្រករបស់ខេត្តកើនជាង២ពាន់នាក់ហើយ ដោយគិតចាប់តាំងពីមានការផ្ទុះរីករាលដាលកូវីដ-19នៅក្នុងសហគមន៍របស់ខេត្តសាមុទសាខនកន្លងមក ហើយត្រូវបានអាជ្ញាធរមានសមត្ថកិច្ច និង មន្ត្រីសុខាភិបាល បានចុះប្រចាំការក្នុងការត្រួតពិនិត្យនូវសុខភាព និងដាក់ឲ្យធ្វើចត្តាឡីស័ក និងយកវត្ថុសំណាកពីបងប្អូនពលករទាំងនោះគ្រប់ៗគ្នា។

        ក្នុងរបាយការណ៍រដ្ឋបាលខេត្តបាត់ដំបង បានបង្ហាញថា គិតត្រឹមថ្ងៃ៧ ខែមករា ឆ្នាំ២០២១ ក្នុងចំណោមពលករទាំងជាង២ពាន់នាក់ ត្រូវបានមន្ត្រីសុខាភិបាល ចុះយកវត្ថុសំណាកដើម្បីធ្វើតេស្តរកមេរោគកូវីដ-19 បានចំនួនជាង ១.៨០០នាក់ ហើយក្នុងនោះ អ្នកបានបញ្ចប់ក្នុងការធ្វើចត្តាឡីស័កនិងអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ មានចំនួនសរុប ៣៣២នាក់ហើយ ខណៈពលករឆ្លងកូវីដ-19 នៅខេត្តបាត់ដំបង រកឃើញវិជ្ជមានចំនួន៨នាក់ និងកំពុងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យខេត្ត។ ដោយឡែក អ្នកបន្តឆ្លងដែនវិលត្រឡប់ពីថៃ តាមច្រកជាប់ខេត្តបាត់ដំបងនៅថ្ងៃទី៧ខែមករាមកនេះមានចំនួនសរុប ១៦៦នាក់ ។

      សូមបញ្ជាក់ផងដែរ ក្នុងការចុះពិនិត្យមើលពីស្ថានភាពពលករដែលបានវិលត្រឡប់ពីប្រទេសថៃនិងកំពុងតែដាក់ឲ្យធ្វើចត្តាឡីស័កនៅតាមមណ្ឌលនានាដែលកំណត់ដោយរដ្ឋបាលខេត្ត នៅតាមបណ្តាស្រុកជាប់ព្រំដែនទាំង៣ខាងលើ ក្មុងនោះឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងប្រតិភូអមដំណើរ ក៏បានចុះពិនិត្យមើលទីកន្លែងចុងភៅដាំស្លជូនបងប្អូនពលករដែលកំពុងសម្រាកនៅក្នុងមណ្ឌលធ្វើចត្តាឡីស័ក ។បើតាមការឲ្យដឹងពីចុងភៅនៅទីនោះ បានឲ្យដឹងថា៖បងប្អូននៅក្នុងមណ្ឌលចត្តាឡីស័កនេះ ទទួលបាននូវអាហារចំនួន៣ពេលក្នុង១ថ្ងៃហើយម្ហូបអាហារត្រូវបានផ្លាស់ប្តូរមយខម្ហូបរៀងរាល់ពេល។ ឯកឧត្តមអភិបាលខេត្តបានសំដែងនូវការចាប់អារម្មណ៍និងកោតសរសើរចំពោះអាជ្ញាធរស្រុកដែលបានយកចិត្តទុកថែទាំនិងផ្តល់អាហារជូនបងប្អូនពលករទាំងនោះ ដោយមិនឲ្យបងប្អូនមានការកង្វល់ពីរបបអាហារ និងការស្នាក់នៅពេលធ្វើចត្តាឡីស័ក។

       បើតាមការគូសបញ្ជាក់ពី លោក យន់ ហន អភិបាលរងស្រុកសំពៅលូន បានឲ្យដឹងថា គិតត្រឹមថ្ងៃទី៨ ខែមករា ពលករកំពុងធ្វើចត្តាឡីស័កតាមមណ្ឌលនានា ៗនៅក្នុងស្រុករបស់ខ្លូនមានចំនួនជាង១០០នាក់។បងប្អូនទាំងនេះ ត្រូវបានយកចិត្តទុកដាក់ ក្នុងការត្រួតពិនិត្យសុខភាពជា

ប្រចាំ និងបានយកវត្ថុសំណាករកកូវីដ-19ពីមន្ត្រីសុខាភិបាល ដើម្បីការពារសុខភាពនិងសុវត្ថិភាព ពីការឆហកងនិងចម្លង។ក្នុងនោះរដ្ឋបាលស្រុកក៏បានផ្ដល់អាហារ៣ពេលដោយឥតគិតថ្លៃ។ហើយអាហារត្រូវបានចំអិនដោយផ្ទាល់នៅក្នុងមណ្ឌល និងចែកជូនពួកគេបានបរិភោគគ្រប់ៗគ្នា ។

      ក្នុងឱកាសចុះពិនិត្យពីស្ថានភាពពលករកំពុងធ្វើចត្តាឡីស័ក តាមស្រុកជាប់ព្រំដែន នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២១នេះ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានធ្វើការក្រើនរំលឹកនិងធ្វើការអំពាវនាវដល់ពលករទើបត្រឡប់មកពីប្រទេសថៃត្រូវតែចូលរួមតាមវិធានការទប់ស្កាត់ជំងឺកូវីដ19និងអនុវត្តតាមការណែនាំ របស់ មន្ត្រីសុខាភិបាល នៅតាមមណ្ឌលដែលធ្វើចត្តាឡីស័ក ឲ្យបានគ្រប់កាលកំណត់ចំនួន១៤ថ្ងៃ ដោយមិនត្រូវរត់គេចវេសពីការធ្វើចត្តាឡីស័ក ដែលអាចនាំឲ្យបង្កនូវហានិភ័យដល់ការឆ្លងនិងចម្លងចូលសហគមន៍នោះទេ។ ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំដាស់តឿនដល់កងកម្លាំងការពារព្រំដែនទាំងអស់ សូមឲ្យបន្តកិច្ចសហការគ្នា ក្នុងការពិនិត្យឲ្យបានម៉ត់ចត់ចំពោះបងប្អូនពលករឆ្លងដែនវិលត្រឡប់មកវិញទាណងនោះឲ្យបានជាក់លាក់ និងដាក់ឲ្យបងប្អូនពលករធ្វើចត្តាឡីស័ក ទៅតាមរយៈពេលកំណត់របស់ មន្ត្រីសុខាភិបាលប្រចាំការនៅតាមមណ្ឌលទាំងនោះ។

        ជាមួយគ្នានេះផងដែរ ឯកឧត្តមអភិបាលខេត្តបាត់ដំបង ក៏បានថ្លែងក្រើនរំលឹកនិងអំពាវនាវ ចំពោះបងប្អូនពលករកំពុងធ្វើការងារនៅប្រទេសថៃ បើពុំមានកិច្ចការចាំបាច់ សូមកុំទាន់វិលត្រឡប់មកកាន់ស្រុកកំណើតរបស់ខ្លួនធ្វើអី។គួរបន្តនៅធ្វើការកន្លែងណានៅទីនោះសិនទៅ។ហើយក៏ត្រូវអនុវត្តនិងស្ដាប់តាមការណែនាំរបស់អាជ្ញាធរថៃ ពាក់ព័ន្ធទៅនិងការទប់ស្កាត់ជំងឺកូវីដ-19 ហើយក៏មិនត្រូវជឿតាមការញុះញង់របស់ពួកមេខ្យល់ ក្នុងការបន្តនាំឆ្លងដែនខុសច្បាប់ និងធ្វើការគេចវេសពីការត្រួតពិនិត្យសុខភាព និងការធ្វើចត្តាឡីស័ក ដែលអាជ្ញាធរបានកំណត់នោះទេ ៕  ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner