តុលាការឃុំខ្លួនតៃកុងឡានដឹកជនដៃដល់បាញ់សម្លាប់នាយរងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល

ភ្នំពេញ ៖ សំណុំរឿងបាញ់សម្លាប់ លោកនាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ដោយផ្តើមចេញពីគ្រោះថ្នាក់ចរាចរណ៍នោះ គិតត្រឹមល្ងាចថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១នេះ តៃកុងរថយន្តដែលដឹកខ្មាន់កាំភ្លើង ត្រូវបានលោក លិ សុខា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ចេញដីការសម្រេចឃុំខ្លួនដាក់ពន្ធធនាគារព្រៃស បណ្តោះអាសន្នហើយ ។

ជនជាប់ចោទមានឈ្មោះ កែ ចាន់មាន មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅ ភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ រូបគេ ត្រូវបានលោកឆាយ ហុង ព្រះរាជអាជ្ញាររងអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ចំនួន២បទល្មើស គឺបទ « សមគំនិតក្នុងអំពើឃាតកម្ម » និងបទ « ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន » រួចបញ្ចូនសំណុំរឿងបន្តទៅកាន់ចៅក្រមស៊ើបសួរ ដើម្បីបន្តនីតិវិធីច្បាប់ ។

គួរបញ្ជាក់ថា ជនជាប់ចោទរូបនេះ ត្រូវបានកម្លាំងនគរបាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយនគរបាលខេត្តបាត់ដំបង ធ្វើការឃាត់ខ្លួនបានកាលពីវេលារសៀលថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១ នៅក្នុងខេត្តបាត់ដំបង ។ ការចាប់ខ្លួនជនសង្ស័យរូបនេះ ធ្វើឡើងក្រោយអំពើបាញ់សម្លាប់លោក រ៉េត ស៊ីណែត នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អស់រយៈពេល៥ថ្ងៃកន្លងទៅ ។

ចំពោះជនដៃដល់ជាខ្មាន់កាំភ្លើង កម្លាំងសមត្ថកិច្ចចម្រុះ បានកំពុងបន្តប្រតិបត្តិការសហការគ្នា ក្នុងការឈានទៅចាប់ខ្លួន ដែលសមត្ថកិច្ចកំណត់បានអត្តសញ្ញាណជនដៃដល់បានហើយ ហើយកំពុងឈានទៅចាប់ខ្លួនដល់ខេត្តចំនួន២ គឺខេត្តមណ្ឌលគីរី និងខេត្តរតនៈគីរី។

គួររំលឹកថា អំពើបាញ់សម្លាប់ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១២និង៤៩នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ លើមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងខណ្ឌពោធិ៍សែនជ័យ ដោយផ្តើមចេញពីគ្រោះថ្នាក់ចរាចរណ៍ ៕ បញ្ញា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner