យន្តហោះមួយគ្រឿងរបស់ឥណ្ឌូណេស៊ីបាត់ដំណឹងជាមួយនឹងមនុស្សសរុបជាង៥០នាក់
ឥណ្ឌូណេស៊ី៖ យន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុន ស្រ៊ីវីចាយ៉ា ប្រភេទ Boeing 737-500 មានជើងហោះហើរ SJY182 បានបាត់ដំណឹងជាមួយមនុស្សជិះនៅលើនោះសរុបជាង៥០នាក់ នេះបើតាមអាជ្ញាធរឥណ្ឌូណេសុី ចុះផ្សាយដោយសារព័ត៌មាន CNA នៅយប់ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១ ។
យន្តហោះ Boeing 737-500 ខាងលើនេះ មានអាយុកាលធ្វើប្រតិបត្តិការ២៧ឆ្នាំមកហើយ ហើយវាបានបាត់ដំណឹងកាលពីវេលាម៉ោង ៣៖៤០នាទី (ម៉ោងក្នុងតំបន់) ។ បើតាមក្រសួងដឹកជញ្ជូនឥណ្ឌូណេស៊ី យន្តហោះដឹកអ្នកដំណើរខាងលើនេះ បានចាកចេញពីអាកាសយានដ្ឋានទីក្រុងហ្សាការតា កាលពីវេលាម៉ោង ២៖៣៥នាទី (ម៉ោងក្នុងតំបន់) ហើយគ្រោងទៅចុះចតនៅអាកាសយានដ្ឋាន ផុនធាណាក់ ស្ថិតនៅក្នុងខេត្ត កាលីម៉ាន់តាន់ខាងលិច ។
រហូតមកទល់ពេលនេះ អាកាសចរណ៍ Sriwijaya Air មិនទាន់ចេញសេចក្តីថ្លែងការណ៍អ្វីទៀតឡើយ ដោយត្រូវរង់ចាំការបញ្ជាក់ ព័ត៌មានផ្លូវការបន្ថែមពីអាជ្ញាធរឥណ្ឌូណេស៊ី ដែលកំពុងតាមរកយន្តហោះនោះ ៕