ក្រុមក្រសួងការពារជាតិដណ្តើមបានជើងឯកវិញ្ញាសា ៣ទល់៣ ខណៈក្រុមក្រសួងមហាផ្ទៃ ជើងឯកវិញ្ញាសា២ទល់២ ពីការប្រកួតថ្នាក់ជាតិកីឡាសីដក់
ក្រុមក្រសួងការពារជាតិ ដណ្តើមបានជើងឯកលើវិញ្ញាសាបុរស ៣នាក់ទល់៣នាក់ ខណៈក្រុមក្រសួងមហាផ្ទៃ ជើងឯកលើវិញ្ញាសា ២ទល់២ ពីការប្រកួតកីឡាសីដក់ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២០ កាលពីល្ងាចថ្ងៃទី៩ ខែមករា ឆ្នាំ២០២១ នៅវិមានពហុកីឡដ្ឋាន ជាតិអូឡាំពិក ។
ឯ ឧ បណ្ឌិត មាស សារិន ប្រធានសហព័ន្ធកីឡាសីដក់ និងឈិនឡូនកម្ពុជា បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហការ រៀបចំព្រឹត្តិការណ៍ប្រកួតកីឡាសីដក់ជ្រើសរើសជើងឯកថ្នាក់ជាតិ នាឆ្នាំ២០២០ បានផ្តល់ឱកាសឲ្យកីឡាករ កីឡាការិនីបញ្ចេញនូវទេពកោសល្យ ក៏ដូចជាវាស់ស្ទង់សមត្ថភាពបច្ចេកទេស ដែលបានហ្វឹកហាត់កន្លងមក ។ សមិទ្ធផលនាពេលនេះ ពិតជាបានមកពីការខិតខំហ្វឹកហាត់ជាប្រចាំ ការគោរពវិន័យបានល្អ យកចិត្តទុកដាក់ និងគោរពតាមបទបញ្ជាបច្ចេកទេស នៅក្នុងការប្រកួត ។
ឯ ឧ ប្រធាន បានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចទទួលធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំប្រកួតកីឡាអាស៊ីអាគ្នេយ៍ នៅឆ្នាំ២០២៣ខាងមុខនេះ ហើយដើម្បីឲ្យកីឡាសីដក់នៅកម្ពុជា កាន់តែមានការរីកចម្រើនទាំងបរិមាណ និងគុណភាពមន្រ្តីសហព័ន្ធ ក៏គ្រូបង្វឹក និងគ្រប់ភាគីពាក់ព័ន្ធ ទី១-ត្រូវខិតខំបណ្តុះបណ្តាលកីឡាករ កីឡាការិនីវ័យក្មេងនៅតាមក្លឹប-សមាគម កីឡាសីដក់ ឱ្យបានទូលំទូលាយ ទី២-ត្រូវពង្រឹងសមត្ថភាពអាជ្ញាកណ្តាល ចៅក្រមឲ្យកាន់តែល្អប្រសើរទាំងបរិមាណ និងគុណភាព ទី៣-ត្រូវជំរុញឱ្យមានការរៀបចំការប្រកួតឱ្យបានច្រើន តាមបណ្តាក្លឹប-សមាគម ទី៤-ត្រូវពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រង ផ្ទៃក្នុងសហព័ន្ធ ក្លឹប-សមាគម ទូទាំងប្រទេស ។ ទី៥-ត្រូវប្រឹងប្រែងស្វែងរកដៃគូអភិវឌ្ឍ បន្ថែមទៀត ដើម្បីបង្កើនព្រឹត្តិការណ៍ ប្រកួត ឲ្យបានច្រើន ក្នុងមួយឆ្នាំតាមដែលអាចធ្វើបាន ។
ជាមួយគ្នានោះ ឯ ឧ បណ្ឌិត មាស សារិន បានកោតសរសើរចំពោះប្រតិភូដឹកនាំ ក្លឹប-សមាគម កីឡាសីដក់ នៃក្រសួង-ស្ថាប័ន អង្គការ រាជធានីទាំងអស់ ដែលបានបញ្ជូនប្រតិភូកីឡា ចូលរួមប្រកួត ប្រកបដោយស្មារតីមិត្តភាព សាមគ្គីភាព ការយោគយល់គ្នា ហើយគោរពបានតាមបទបញ្ជាបច្ចេកទេស ឈរលើស្មារតីទទួលខុសត្រូវខ្ពស់ ដោយមិនគិតតែពីការយកឈ្នះចាញ់ ពោលគឺឈរលើស្មារតី កីឡា ដើម្បីសុខភាព សន្តិភាព មិត្តភាព សាមគ្គីភាព បង្កើនគុណផលបច្ចេកទេស ។
ចំពោះលទ្ធផលប្រកួតវិញ វិញ្ញាសាបុរស ៣នាក់ទល់៣នាក់ ក្រុមក្រសួងការពារជាតិ ដណ្តើមបានជើងឯក ខណៈក្រុមមជ្ឈមណ្ឌល ខ.ភ.ម បានត្រឹមរងជើងឯក រីឯចំណាត់ថ្នាក់លេខ៣ បានទៅលើក្រុមដេអិន ។ ចំពោះវិញ្ញាសា ផ្នែកក្រុមនារី ២នាក់ទល់២នាក់ ចំណាត់ថ្នាក់លេខ១ ក្រុម មជ្ឈមណ្ឌល ខ.ភ.ម, លេខ២ ក្រុមក្រសួងការពារជាតិ២ និងលេខ៣ ក្រុមក្រសួងការពារជាតិ១ ។ ផ្នែកបុរស ២នាក់ទល់២នាក់ ចំណាត់ថ្នាក់លេខ១ ក្រុមក្រសួងមហាផ្ទៃ, លេខ២ ក្រុមក្រសួងការពារជាតិ និងលេខ៣ ក្រុមមជ្ឈមណ្ឌល ខ.ភ.ម ៕