ជាងជួសជុលម៉ាស៊ីនម្នាក់ នៅក្រុមហ៊ុន សម្បត្តិមានហេង បានស្លាប់ក្នុងការដ្ឋាន ក្រោយផ្ទុះម៉ាស៊ីនទឹករថយន្តក្រឡុកស៊ីម៉ង់
អត្ថបទដោយ៖
Kien Sereyvuth
ភ្នំពេញ ៖ បុរសម្នាក់ជាជាងជួសជុលរថយន្ត ខណៈកំពុងជួសជុលរថយន្តក្រឡុកស៊ីម៉ង់ក៏ស្រាប់តែម៉ាស៊ីនប៊ូមទឹកផ្ទុះឡេីងបណ្តាលឲ្យខ្ទាតត្រូវជនរងគ្រោះស្លាប់ភ្លាមៗយ៉ាងអាណោចអាធម៌ ។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ១៥ និង៣០នាទីរសៀលថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១ នៅក្នុងបរិវេណក្រុមហ៊ុនចាក់ប៉េតុង និងក្រឡុកស៊ីម៉ង « សម្បត្តិមានហេង » ស្ថិតតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
សពជនរងគ្រោះមានឈ្មោះមាន រី ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរជាងជួសជុលម៉ាស៊ីន ស្នាក់នៅកន្លែងកើតហេតុខាងលើ មានស្រុកកំណើត នៅខេត្តកំពង់ធំ ។
យោងតាមប្រភព័ត៌មានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះ និងកូនជាងម្នាក់ទៀត កំពុងជួសជុលម៉ាស៊ីនបូមទឹកនៅកន្លែងរោងជាងឡាន ដោយជនរងគ្រោះ ជាអ្នកឈរជួយទប់ម៉ាស៊ីន ដែលលើកភ្ជួរជាមួយរេវ័រទ័រ ដោយច្រវ៉ាក់កៅឡាក់ បន្ទាប់មកកូនជាងម្នាក់ទៀត ក៏បញ្ឆេះម៉ាស៊ីនសាកមើល ។
ក្រោយពេលបញ្ឆេះម៉ាស៊ីនឆេះ បានប្រហែល១០វិនាទី ម៉ាស៊ីនបូមទឹកនោះ ក៏រេទៅប៉ះនឹងដែកទម្ររបស់រេវ័រទ័រដែលភ្ជួរម៉ាស៊ីននោះ ក៏ផ្ទុះម៉ាស៊ីនទៅចំជនរងគ្រោះ បណ្តាលឲ្យជនរងគ្រោះ ខ្ទាតប្រហែល១០ម៉ែត្រ ស្លាប់ភ្លាមៗនៅហ្នឹងកន្លែង បង្កឲ្យមានការភ្ញាក់ផ្អើលឡើងតែម្តងទៅ ។
បន្ទាប់កើតហេតុ ខាងក្រុមហ៊ុនបេតុង សម្បត្តិមានហេង ក៏រាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន ដើម្បីចុះមកពិនិត្យតែម្តង ។ ក្រោយទទួលព័ត៌មាន កម្លាំងសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន បានចុះដល់ទីតាំងខាងលើ ។ ក្រោយការពិនិត្យយ៉ាងល្អន់ល្អិតមក ឃើញថា សពជនរងគ្រោះស្លាប់ដោយសារ ត្រូវអំបែងកង់យោង ម៉ាស៊ីនបូមទឹកផ្ទុះ ។
បច្ចុប្បន្ននេះ សពជនរងគ្រោះត្រូវបានប្រគល់ទៅឲ្យឈ្មោះ ឡូញ សម្ផស្ស ( ជាប្រពន្ធ ) ដើម្បីដឹកយកទៅធ្វើបុណ្យ តាមប្រពៃណី នៅស្រុកកំណើត ៕ ដោយ៖ ភារ៉ា និងប៊ុនធី