លោកស្រី ណាន់ស៊ី ផេឡូស៊ី បញ្ជាក់ថា សភានឹងរៀបចំដំណើរការនីតិវិធី ដើម្បីទម្លាក់លោក ដូណាល់ ត្រាំ ចេញពីតំណែងនៅមុនថ្ងៃទី២០ ខែមករាខាងមុខ
អាមេរិក៖ សភាអាមេរិកនឹងរៀបចំដំណើរការនីតិវិធី ដើម្បីទម្លាក់លោក ដូណាល់ ត្រាំ ចេញពីតំណែងប្រធានាធិបតីសហរដ្ឋអាមេរិក នេះបើតាមការអះអាងរបស់ប្រធានសភាតំណាងរាស្ត្រអាមេរិកលោកស្រី ណាន់ស៊ី ផេឡូស៊ី ចុះផ្សាយដោយ សារព័ត៌មាន AP នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ។
ស្របពេលជាមួយគ្នានេះដែរ លោកស្រី ណាន់ស៊ី ផេឡូស៊ី បានបញ្ជាក់ថា លោក ដូណាល់ ត្រាំ ជាការគំរាមកំហែងចំពោះលទ្ធិប្រជាធិបតេយ្យ ក្រោយផ្ទុះការប៉ះទង្គិចគ្នាដោយហិង្សានៅក្នុងវិមានសភាអាមេរិកកាលពីសប្តាហ៍មុន ដែលបណ្តាលអោយមនុស្សមួយចំនួនបាត់បង់ជីវិត និងរងរបួស ។
សូមជម្រាបថា សមាជិកសភារបស់គណបក្សប្រជាធិបតេយ្យត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមពិភាក្សាអំពីដំណើរការទម្លាក់លោកប្រធានាធិបតី ដូណាល់ ត្រាំ ពីអំណាចនៅថ្ងៃចន្ទ ឬយ៉ាងយូរថ្ងៃអង្គារសប្តាហ៍នេះហើយ (ម៉ោងក្នុងតំបន់) ៕