សហរដ្ឋអាមេរិកបើកការស៊ើបអង្កេត ជុំវិញអំពើភេរវកម្មក្នុងប្រទេសចំនួន២៥ករណី បន្ទាប់ពីផ្ទុះកុបកម្មនៅវិមានសភា
អាមេរិក៖ អំពើភេវរកម្មក្នុងប្រទេសយ៉ាងហោចណាស់២៥ករណីត្រូវបានបើកការស៊ើបអង្កេត បន្ទាប់ពីកើតមានការអុកឡុកនៅវិមានសភាអាមេរិក កាលពីសប្តាហ៍មុន ដោយក្រុមកុបករគាំទ្រលោក ដូណាល់ ត្រាំ នេះបើតាមលេខាធិការកងទ័ព អាមេរិកលោក Ryan McCarthy បានប្រាប់សមាជិកសភាបក្សប្រជាធិបតេយ្យ ចុះផ្សាយដោយសារព័ត៌មានរ៉យទ័រនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ។
លោក Jason Crow ដែលជាសមាជិកគណៈកម្មាធិការសេវាប្រដាប់អាវុធនៃសភាតំណាងរាស្ត្របាននិយាយថា លោក McCarthy បានប្រាប់គាត់ថា មន្ទីរបញ្ចកោណដឹងអំពីការគំរាមកំហែងដែលអាចកើតមានបន្ថែមទៀត ដែលបង្កឡើងដោយក្រុមភេរវករក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ និងនៅថ្ងៃនៃការស្បថចូលកាន់តំណែងជាផ្លូវការរបស់ប្រធានាធិបតីជាប់ឆ្នោតលោក ចូ បៃដិន នៅថ្ងៃទី២០ ខែមករាខាងមុខនេះ ។
លោក Crow បាននិយាយដោយសង្ខេបទៅកាន់លោក McCarthy ថា កាំភ្លើងវែង គ្រាប់បែក Molotov ឧបករណ៍ផ្ទុះ និង ខ្សែរឺតត្រូវបានរកឃើញ ដែលនេះបង្ហាញថា គ្រោះមហន្តរាយកាន់តែធំត្រូវបានជៀសផុត ។ លោក McCarthy បានធានាចំពោះគាត់ថា មន្ទីរបញ្ចកោណកំពុងធ្វើការជាមួយមន្ត្រីអនុវត្តច្បាប់ក្នុងតំបន់ និងសហព័ន្ធ ដើម្បីសម្របសម្រួលការត្រៀមលក្ខណៈផ្នែកសន្តិសុខ បន្ទាប់ពីអ្វីដែលគាត់បានពិពណ៌នាថា ជាការខ្វះចន្លោះផ្នែកសន្តិសុខ មុនកុបកម្មថ្ងៃ០៣ ខែមករាកន្លងទៅនេះ ៕