ទិដ្ឋភាពទូទៅនៃការបើកបវេសនកាលឆ្នាំសិក្សា ២០២០-២០២១ ទូទាំងប្រទេស

ដោយ​៖​ម៉ា​ដេប៉ូ​
​រាជធានី​ភ្នំពេញ​៖ គ្រឹះស្ថានសិក្សា​សាធារណៈ ទូទាំងប្រទេស​នៅ​ថ្ងៃទី​១១ ខែ មករា ឆ្នាំ ២០២១​នេះ បានរៀបចំ​ពិធី​បើក​បវេសនកាល ឆ្នាំ​សិក្សា​ថ្មី ២០២០-២០២១ ដែលជា​ថ្ងៃ​នៃ​ការ​រៀបចំខ្លួន​អបអរសាទរ​ថ្ងៃ​ផ្ដើម​ជីវិត​សិក្សា​ដំបូង​របស់​កុមារ​តូចៗ ដែល​ទើប​គ្រប់​អាយុ​សិក្សា និង​ជា​ថ្ងៃ​ដែល​ប្អូនៗ​សិស្សានុសិស្ស និស្សិត​បន្ត​ចូលរៀន​នៅ​កម្រិត​ថ្នាក់ខ្ពស់​បន្តទៀត​នៅ​ទូទាំងប្រទេស​។​


ក្នុងថ្ងៃនេះ​ដែរ​មានការ​អញ្ជើញ ចូលរួម​ពី​សំណាក់​ថ្នាក់ដឹកនាំ​ក្រសួង​អប់រំ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និស្សិត សិស្ស នៅតាម​សាលា​រៀងៗ ខ្លួន​។
​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក របស់​ក្រសួង​អប់រំ​បាន​ឱ្យនៅ​ថ្ងៃទី​១១​ខែមករា​ឆ្នាំ​២០២១​នេះ​ដឹង ក្នុង​ថ្ងៃ​បើកប​វេស​កាល​ថ្មី​នេះដែរ​ថា​”​បរិបទ​ថ្មី ដើម្បី​ធានា​ដំណើរការ​គ្រឹះស្ថាន​ដោយមាន​ប្រសិទ្ធភាព និង​សុវត្ថិភាព​ក្នុង​បរិបទ​កូ​វីដ​-១៩ គ្រឹះស្ថានសិក្សា​ទាំងអស់​អនុវត្ត​គោលការណ៍​ប្រតិបត្តិ​ស្តង់ដា SOP ដែល​សំណុំ​នៃ​ការណែនាំ​ជា​ជំហានៗ ដើម្បី​ជួយ​ឲ្យ​គ្រឹះស្ថានសិក្សា​ធ្វើ​ប្រតិបត្តិ​ការសម្រេចបាន​នូវ​ប្រសិទ្ធភាព និង​គុណភាព​បង្កា​ការឆ្លង​កូ​វីដ​១៩”​។​
​ក្នុង​សារលិខិត​បើក​បវេសនកាល​ឆ្នាំ​សិក្សា ២០២០-២០២១​នា​ថ្ងៃ​នេះដែរ សម្តេច តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​មានប្រសាសន៍ថា វិស័យ​អប់រំ និង​សុខាភិបាល​ជា​អាទិភាព​ទី​១ ដោយ​ស្នើឱ្យ​ក្រសួង​អប់រំ យុវជន និង​កីឡា បុគ្គលិក​អប់រំ និង​សិស្សានុសិស្ស ត្រូវអនុវត្ត​វិធានការ​សុវត្ថិភាព​សុខភាព​អនាម័យ តាម​អភិក្រម ៣​ការពារ ៣​កុំ ក្នុង​បរិបទ​កូ​វិដ​-១៩ ត្រូវ​រៀបចំ និង​អនុវត្ត ទស្សនាទាន គន្លង​ជីវិត​ថ្មី​ក្នុង​វិស័យ​អប់រំ បន្ត​ជំរុញ​ការអប់រំ​ឌីជីថល និង​អនុវត្ត​វិធីសាស្ត្រ​ការអប់រំ​តាមបែប​ចម្រុះ​ចាំបាច់​ក្នុង​យុគសម័យ​ឌីជីថល និង​សេដ្ឋកិច្ច​ឌីជីថល ក្នុង​សតវត្ស​ទី​២១​។


​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក៏បាន​ថ្លែង​នូវ​អំណរគុណ​ចំពោះ​បងប្អូន​ជនរួមជាតិ បុគ្គលិក​អប់រំ លោកគ្រូ អ្នកគ្រូ​ទាំងអស់ ព្រមទាំង​ដៃគូ​អភិវឌ្ឍ វិស័យ​ឯកជន អង្គការ​មិនមែន​រដ្ឋាភិបាល​ជាតិ អន្តរជាតិ និង​សប្បុរសជន​នានា ដែល​តែងតែបាន​រួមចំណែក កសាង និង​អភិវឌ្ឍ​វិស័យ​អប់រំ​នៅ​កម្ពុជា​ឱ្យមាន​ដំណើរការ​រីកចម្រើន​គួរ​ជាទី​មោទនៈ​ក្នុង​រយៈកាល​កន្លងមក​នេះ និង​សូម​បន្ត​ជួយឧបត្ថម្ភ​គាំទ្រ និង​ផ្ដល់នូវ​កិច្ចសហការ​ល្អ​តទៅទៀត រីឯ​យុវជន យុវនារី និស្សិត សិស្សានុសិស្ស ទាំងអស់ សូម​បន្ត​ខិតខំ​រៀនសូត្រ ត្រូវ​នៅ​ឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន និង​ធ្វើការ​សិក្សា​ស្រាវជ្រាវ​ឱ្យបាន​ខ្ជាប់ខ្ជួន ដើម្បី​ការរីកចម្រើន​នៅក្នុង​គ្រួសារ ក្នុង​សង្គមជាតិ និង​ប្រទេសជាតិ​ទាំងមូល​។​
​នាឱកាស​នេះដែរ ឯកឧត្តម ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បានឱ្យដឹងថា ឆ្នាំ​សិក្សា​ថ្មី ឆ្នាំ​២០២០-២០២១​នេះ មាន​សិស្ស​សិក្សា​ជិត ៤​លាន​នាក់​។ ក្នុងនោះ​សិស្ស​ថ្នាក់​ម​ត្តេ​យ្យ និង​ចំណេះដឹង​ទូទៅ​ទាំង​រដ្ឋ និង​ឯកជន មាន​ប្រមាណ ៣​លាន ៥​សែន​នាក់ សិស្សស្រី​មាន​ប្រមាណ ៤៩​ភាគរយ​។ ដោយឡែក​ថ្នាក់​ឧ​ត្ត​ម​សិក្សា​ទាំង​រដ្ឋ និង​ឯកជន មាន​ប្រមាណ ២១​ម៉ឺន​នាក់ និស្សិត​ស្រី​ប្រមាណ ៤៦​ភាគរយ​។​
​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បន្ត​ឱ្យដឹងថា នាពេល​បច្ចុប្បន្ននេះ​កម្ពុជា មាន​គ្រឹះស្ថាន​ម​ត្តេ​យ្យ​សិក្សា និង​គ្រឹះស្ថានសិក្សា​ចំណេះ​ទូទៅ​ទាំង​សាធារណៈ និង​ឯកជន​មាន​ប្រមាណ ១៨,០០០​។ ក្នុងនោះ​ម​ត្តេ​យ្យ​សិក្សា​សហគមន៍ ៣​ពាន់​កន្លែង គ្រឹះស្ថានសិក្សា​ចំណេះ​ទូទៅ​សាធារណៈ ១៣,៥០០ និង​គ្រឹះស្ថានសិក្សា​ឯកជន ១,៥០០​។​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា​ទូទាំងប្រទេស​មាន​ចំនួន ១២៥ ក្នុងនោះ​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​សាធារណៈ ៤៨ និង​ឯកជន ៧៧​។ និស្សិត​កំពុង​សិក្សា​នៅ​ឧ​ត្ត​ម​សិក្សា​មាន​ប្រមាណ ២១​ម៉ឺន និស្សិត​ស្រី​ប្រមាណ ៤៦​ភាគរយ​៕

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner