ទីក្រុងគ្មានផ្សែងកាបូនមួយទៀតត្រៀមបង្ហាញវត្តមាននៅក្នុងប្រទេសនាំចេញប្រេងដ៏ធំបំផុតលើសាកលលោក
បរទេស ៖ ព្រះអង្គម្ចាស់ Mohammed bin Salman របស់អារ៉ាប៊ីសាអូឌីតកាលពីថ្ងៃអាទិត្យម្សិលមិញនេះបានបង្ហាញព្រះវត្តមានយ៉ាងកម្រនៅក្នុងកញ្ចក់ទូរទស្សន៍ដើម្បីប្រកាសបើកការដ្ឋាននៃគម្រោងសាងសង់ទីក្រុងគ្មានផ្សែងកាបូនដ៏អស្ចារ្យមួយដែលមានទីតាំងស្ថិតនៅក្នុងទីក្រុងដ៏ធំនៃតំបន់សេដ្ឋកិច្ចពិសេស NEOM។
គម្រោងសាងសង់ទីក្រុងគ្មានផ្សែងកាបូន ឬ zero-carbon city បានក្លាយទៅជាការដ្ឋានដំបូងគេបង្អស់នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសដែលមានតម្លៃរហូតទៅដល់500 ពាន់លានដុល្លារ ហើយក៏ត្រូវបានគេមើលឃើញថាគឺជាផែនការដ៏មានមហិច្ឆិតារបស់អារ៉ាប៊ីសាអូឌីតក្នុងការធ្វើឲ្យខ្លួនក្លាយទៅជាប្រទេសសេដ្ឋកិច្ចចម្រុះទោះបីជាមានឈ្មោះជាប្រទេសដែលនាំប្រេងឆៅធំបំផុតលើសកលលោករួចទៅហើយក្តី។
ព្រះអង្គម្ចាស់ជារាជទាយាទអង្គនេះបានបញ្ជាក់ថា ទីក្រុងគ្មានផ្សែងកាបូននេះមានឈ្មោះថា The Line នឹងលាតសន្ធឹងនៅលើផ្ទៃដីដែលមានប្រវែងរហូតទៅដល់ 170គីឡូម៉ែត្រ និងមានសមត្ថភាពក្នុងការផ្តល់ជម្រកដល់ពលរដ្ឋរហូតទៅដល់ 1 លាននាក់ និងផ្គត់ផ្គង់ទៅដោយថាមពលស្អាត Clean Energy 100 ភាគរយ ស្ថិតនៅក្នុងទីតាំងនៃសមុទ្រក្រហម ដែលគ្រោងនឹងបញ្ចប់ការសាងសង់នៅត្រឹមឆ្នាំ2025។
គួរឱ្យដឹងថែរដា សម្រាប់តែគម្រោងនៃការកសាងតំបន់សេដ្ឋកិច្ចពិសេសដែលពោរពេញទៅដោយបច្ចេកវិទ្យាទំនើបបំផុត NEOM ស្ថិតនៅលើផ្ទៃដីទំហំប្រមាណ 26,500 គីឡូម៉ែត្រការ៉េ។ តំបន់សេដ្ឋកិច្ចពិសេសមួយនេះ មានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់រដ្ឋាភិបាលនៃប្រទេសអារ៉ាប៊ីសាអូឌីត៕