ឧត្តមសេនីយ៍ឯក ឌៀងសារុន៖ កងទ័ពត្រូវមានឆន្ទៈយ៉ាងម៉ឹងម៉ាត់ក្នុងការការពារ និងប្ដេជ្ញាកម្ទេចចោលរាល់ការប៉ុងប៉ងផ្ដួលរលំរាជរដ្ឋាភិបាលស្របច្បាប់
ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌៀងសារុន នាយរងសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការរងប្រចាំការ បញ្ជាការដ្ឋានអង្គរក្ស បានលើកឡើងថា កងទ័ពត្រូវមានឆន្ទៈយ៉ាងម៉ឹងម៉ាត់ក្នុងការការពារ និងប្ដេជ្ញាកម្ទេចចោលរាល់ការប៉ុងប៉ងផ្ដួលរលំរាជរដ្ឋាភិបាលកម្ពុជាស្រប ច្បាប់ ជាពិសេសត្រូវរួមគ្នាការពារសន្តិភាពដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលកំពុងតែធ្វើឲ្យកម្ពុជាមានការរីកចម្រើនអភិវឌ្ឍន៍ទៅមុខជាលំដាប់
ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌៀង សារុន បានថ្លែងយ៉ាងដូច្នេះ នៅគ្រាដែលឯកឧត្តមតំណាង ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស អញ្ជើញចុះមកត្រួត ពិនិត្យការប្រលងបញ្ចប់វគ្គ ជំនាញកាំជ្រួចការពារអាកាស រយៈកម្ពស់ទាប និងសំណេះសំណាលសាកសួរសុខទុក្ខ នាយទាហាន នាយទាហានរង ពលទាហាន និងសិក្ខាកាម នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនក្រាំងចេក ថ្ងៃទ១១ ខែមករា ឆ្នាំ២០២១នេះ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ក៏បានណែនាំផ្តល់បទពិសោធន៍ល្អៗ ដល់នាយ-ពលទាហាន និងសិក្ខាកាមជំនាញកាំជ្រួចការពារអាកាសរយៈកម្ពស់ទាបឲ្យបានកាន់តែមានប្រសិទ្ធភាព ក្នុងការបម្រើការងារជូនអង្គភាព ក៏ដូចជាបម្រើជូនដល់ប្រជាពលរដ្ឋឲ្យអស់ពីសមត្ថភាពឈរលើឆន្ទៈការពារជាតិ ការពារប្រជាជនឲ្យបានជាដាច់ខាត៕
ដោយ-រ៉ាវុធ