អ្នកជំងឺកូវីដ-១៩ចុងក្រោយអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា បានជាសះស្បើយ
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសសួងសុខាភិបាលនៅថ្ងៃ១១មករាឆ្នាំ២០២១ បានឲ្យដឹងថា នៅថ្ងៃទី១០មករា កម្ពុជាមានអ្នកជំងឺកូវីដ-១៩ ចំនួន៣នាក់បានជាសះស្បើយ ក្នុងនោះមាន២នាក់ជាពលករមកពីប្រទេសថៃ និងស្ត្រីជនជាតិខ្មែរម្នាក់ អាយុ៥៦ឆ្នាំ មានអាសយដ្ឋាននៅបុរីប៉េងហួត ផ្លូវ៦០ម៉ែត្រ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាភរិយារបស់លោកអគ្គនាយកពន្ធនាគារ។ ស្ត្រីរួបនោះត្រូវក្រសួងសុខាភិបាលបានបញ្ជាក់ថា ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ ចំនួន២លើក។
មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅរសៀលថ្ងៃទី១១មករាឆ្នាំ២០២១នេះ បានប្រកាសថា អ្នកជំងឺ Covid-19 ម្នាក់ចុងក្រោយ ជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានជាសះស្បើយ ត្រូវបានអនុញ្ញាតអោយចេញពីមន្ទីរពេទ្យនៅព្រឹកមិញ។ ជាមួយគ្នានោះ ប្រធានមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត លោកសាស្រ្តាចា្យ ងី ម៉េង បានថ្លែងអំណរគុណ ចំពោះក្រុមគ្រូពេទ្យជួរមុខទាំងអស់ និងសហការីដែលខិតខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្ត ក្នុងការពិនិត្យ និងព្យាបាលអ្នកជំងឺ Covid-19 បានជាសះស្បើយ។
ជាមួយគ្នានោះ លោកបបានអំពាវនាវឲ្យប្រជាពលរដ្ឋបង្កើនការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ក្នុងការការពារបង្ការការឆ្លងជំងឺ Covid-19 នោះ។ កម្ពុជាគិតមកដល់ថ្ងៃទី១១មករាឆ្នាំ២០២១នេះ មានអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន ៣៩២នាក់ ក្នុងនោះបានជាសះស្បើយចំនួន៣៧៤នាក់ និងនៅសល់១៨នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕កឹម ទៀង