សកលវិទ្យាល័យសុខាភិបាលមួយរបស់កូរ៉េផ្ដល់ម៉ាស១០ម៉ឺន និងសម្ភារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩មួយចំនួនដល់កម្ពុជា
សាកលវិទ្យាល័យសុខាភិបាលកូរ៉េ Soonchunhyang University Hospital នៅថ្ងៃ១១មករាឆ្នាំ២០២១ បានប្រគល់ជូនប្រជាជនកម្ពុជានូវម៉ាសការពារជំងឺប្រមាណ១០ម៉ឺនម៉ាសជាប្រភេទ KD94 និង KF-AD, ឧបករណ៍វាស់កំដៅចំនួន៤៨ គ្រឿង និងបន្ទះប្លាស្ទិកបិទការពារមេរោគ (Anti-Virus Film) ចំនួន 20 ប្រអប់ ក្នុងយុទ្ធនាការជួយទប់ស្កាត់ការឆ្លងជំងឺកូវីដ19 នៅប្រទេសកម្ពុជា។ ពិធីប្រគល់នោះធ្វើឡើងតាមរយៈស្ថានទូតកម្ពុជានៅកូរ៉េ។ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ លោក ឡុង ឌីម៉ង់ បានថ្លែងថា បរិក្ខារទាំងនោះ រាជរដ្ឋាភិបាល តាមរយៈក្រសួងសុខាភិបាល គ្រោងនឹងត្រូវយកទៅចែកជូនដល់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប, មន្ទីរពេទ្យកុមារជាតិនៅភ្នំពេញ, មន្ទីពេទ្យព្រះអង្គឌួង, មន្ទីរសុខាភិបាលខេត្តរតនគិរី និងមណ្ឌលគិរី ,ព្រមទាំងសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។
បន្ទាប់ពីបានចុះអនុស្សារណៈនៃកិច្ចសហប្រតិបត្តិការជាមួយស្ថានទូតកម្ពុជានៅសេអ៊ូល មន្ទីរពេទ្យសាកលវិទ្យាល័យ Soonchunhyang បានសហការយ៉ាងល្អប្រសើរជាមួយស្ថានទូតក្នុងការលើកកម្ពស់សុខមាលភាពរបស់ប្រជាជន ជាពិសេសបានផ្ដល់ការបញ្ចុះតម្លៃចំនួន ៣០% នៃថ្លៃព្យាបាលសរុបជូនប្រជាពលរដ្ឋខ្មែរនៅកូរ៉េទាំងអស់រួមទាំងអ្នកដែលមិនមានធានារ៉ាប់រងសុខភាពក៏ដោយ។
លោក ឡុង ឌីម៉ង់ បានថ្លែងអំណរគុណដល់ក្រុមបុគ្គលិកបំរើការនៅសាកលវិទ្យាល័យ ដែលទទួលបន្ទុកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លោក Leo Yonghyun ដែលបានដុតដៃដុតជើង សម្របសម្រួលអំណោយទាំនោះ ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំនៃសាមគ្គីភាព ក៏ដូចជាកិច្ចសហប្រតិបត្តិការល្អរវាងប្រជាជនយើងទាំងពីរក្នុងវិស័យសុខាភិបាល៕កឹម ទៀង