អ្នកនាំពាក្យ៖ បុគ្គលដែលដកកាំភ្លើងគំរាមបាញ់ប្រជាពលរដ្ឋ នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មិនមានឈ្មោះនៅក្នុងក្របខ័ណ្ឌកងរាជអាវុធហត្ថទេ

ភ្នំពេញ៖ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បានបញ្ជាក់នៅល្ងាចថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ថា កងរាជអាវុធហត្ថ បានឃើញក្នុងបណ្ដាញព័ត៌មានសង្គមហ្វេសប៊ុក គណនីឈ្មោះ “ព័ត៌មានទាន់ហេតុការណ៍” បានសរសេរអត្ថបទមួយនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ ថា “គ្រាន់តែគ្រោះថ្នាក់ចរាចរណ៍សោះ លោកនាយករងមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជំរាយ ដកកាំភ្លើងគំរាមយុវជនម្នាក់”។

លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បញ្ជាក់ថា ក្រោយកើតហេតុ កងរាជអាវុធហត្ថ បានធ្វើការចុះត្រួតពិនិត្យ ស្រាវជ្រាវករណីរឿងហេតុខាងលើនេះ ដល់កន្លែងកើតហេតុតាមនីតិវិធី។ មន្ត្រីជំនាញកងរាជអាវុធហត្ថបានបញ្ជាក់ថា បុគ្គលដែលបង្កហេតុដកកាំភ្លើងនៅផ្តុំផ្សារថ្មី ស្ថិតនៅសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ វេលាប្រមាណម៉ោង៤ និង៣០នាទីទៀបភ្លឺថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ មានឈ្មោះ សុខ ណាម៉ាលីដូ ភេទប្រុស ថ្ងៃខែឆ្នាំកំណើត៖ ១៧-០៨-១៩៩៣ មានទីលំនៅផ្ទះលេខ១២អឺសូន្យ ផ្លូវលេខ៨៨ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បើតាមលោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បុគ្គលឈ្មោះ សុខ ណាម៉ាលីដូ មិនមានឈ្មោះនៅក្នុងក្របខ័ណ្ឌរបស់កងរាជអាវុធហត្ថ និងអាវុធខ្លីម៉ាក់កា៥៩ លេខ២៩៩៩ ក៏មិនមាននៅក្នុងបញ្ជីគ្រប់គ្រងរបស់កងរាជអាវុធហត្ថផងដែរ ហើយកម្លាំងមន្ត្រីយុត្តិធម៌ នៃកងរាជអាវុធហត្ថ កំពុងធ្វើការស្រាវជ្រាវរកបុគ្គលខាងលើនេះ ដើម្បីបញ្ជាក់ការពិត និងអនុវត្តតាមច្បាប់។

អ្នកនាំពាក្យកងរាជអាវុធហត្ថរូបនេះ បញ្ជាក់ថា ក្រោមការដឹកនាំរបស់នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាគោលជំហរ បុគ្គលិកនៃកងរាជអាវុធហត្ថរូបណា ដែលប្រព្រឹត្តនូវកំហុសឆ្គង ល្មើសវិន័យកងទ័ព ត្រូវតែអនុវត្តទណ្ឌកម្មវិន័យ ដូចមានចែងក្នុងបទប្បញ្ញត្តិនៃបទវិន័យទូទៅ និងលក្ខន្តិកៈទូទៅសម្រាប់យោធិននៃកងយោធពលខេមរភូមិន្ទ។ ក្នុងករណីបុគ្គលណាប្រព្រឹត្តល្មើសច្បាប់ ត្រូវតែបញ្ជូនបុគ្គលនោះទៅតុលាការផ្តន្ទាទោសតាមច្បាប់ ដូចទិសស្លោក ដែលបានដាក់ចេញនាពេលកន្លងទៅ “ចំពោះប្រទេសជាតិត្រូវតែការពារ ចំពោះប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្ក្រាប” ៕ដោយប៊ុនធី វាន់លុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner