ថ្នាក់ដឹកនាំសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា ត្រួតពិនិត្យ និងពង្រឹងបទបញ្ជាការប្រកួត អោយស្របតាមស្តង់ដារអន្តរជាតិ ឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា

ឯកឧត្តម បណ្ឌិតសភាចារ្យ ច័ន្ទ សារុន ប្រធានសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា បានដឹកនាំអង្គប្រជុំត្រួតពិនិត្យ និងពង្រឹងបទបញ្ជាការប្រកួតកីឡាគុនល្បុក្កតោ អោយស្របតាមស្តង់ដារអន្តរជាតិ ឆ្ពោះទៅស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា ដែលបានធ្វើឡើង នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ។


កិច្ចប្រជុំខាងលើ ក៏មានវត្តមានឯកឧត្តម កែវ រ៉េមី ទីប្រឹក្សាជាន់ខ្ពស់, ឯកឧត្តម វ៉ាត់ ចំរើន អនុប្រធាន, ព្រឹទ្ធាចារ្យគុនល្បុក្កតោ និងគណៈកម្មាការបច្ចេកទេស របស់សហព័ន្ធដើម្បីកែសម្រួលនូវបទបញ្ជាការប្រកួត កីឡាប្រពៃណីជាតិខ្មែរ ក្បាច់គុនព្រឹលឹងជាតិខ្មែរមួយនេះ ក្នុងគោលបំណងដើម្បីឲ្យកាន់តែមានលក្ខណៈល្អប្រសើរ សម្រាប់ការប្រកួតនៅក្នុងកម្រិតថ្នាក់ជាតិរបស់ខ្លួន ក៏ដូចជាគោលដៅធ្វើឲ្យមានស្តង់ដារជារួមមួយលើឆាកអន្តរជាតិ ជាពិសេសគឺសម្រាប់ដំណើរឆ្ពោះទៅរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលជាប្រវត្តិសាស្ត្រជាលើកដំបូង នៅព្រះរាជាណាណាចក្រកម្ពុជា ។

បន្ទាប់ពីពិនិត្យ និងកែរសម្រួលបទបញ្ជាការប្រកួត ឯកឧត្តម ច័ន្ទ សារុន បាននាំយកអំណោយមួយចំនួនរបស់សប្បុរសជន ដែលជាផលិតករភាពយន្ត (Surviving Bokator) ជាថវិកា សម្រាប់ព្រឹទ្ធាចារ្យគុនល្បុក្កតោ ដែលបានចូលរួមក្នុង ភាពយន្តឯកសារ និងសម្ភារៈហ្វឹកហាត់មួយចំនួនទៀត សម្រាប់សាលាគុនល្បុក្កតោណា ដែលមានការខ្វះខាត ក្នុងនោះលោកគ្រូតាក្រមាមាស សាន គឹមស៊ាន ក៏ធ្លាប់ទទួលបានថវិកាឧបត្ថម្ភមួយចំនួន នៅក្នុងកំឡុងពេលដែលរងផលប៉ះពាល់ ក្នុងស្ថានភាពវិបត្តិជំងឺកូវីដ-១៩នេះផងដែរ ។


គួររំឭកថា ភាពយន្តឯកសារ « ការរស់ឡើងវិញ នៃក្បាច់គុនល្បុក្កតោ » (SURVIVING BOKATOR ) ដែលផលិតដោយជនជាតិកាណាដា លោក Mark Bochsler និងលោកស្រី Sandra Leuba ទទួលបានជ័យជម្នះ ក្នុងព្រឹត្តិការណ៍ដ៏ល្បីឈ្មោះលំដាប់ពិភពលោក World FICT Challenge ( World Championship of Cinema and Television in sports culture ) នៅក្នុងមហោស្រពភាពយន្ត មីឡាណូអន្តរជាតិ លើកទី៣៨ ដែលទទួលស្គាល់ជាផ្លូវការដោយគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) ដោយ Surviving Bokator ទទួលបានពាន HONOURARY MENTION ក្នុងវិស័យកីឡា និងសង្គម ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner