ឆ្នាំ២០២១នេះ ធនាគារជាតិនៃកម្ពុជាបានជាប់ជាធនាគារកណ្តាលប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក

អត្ថបទដោយ៖
ធី ដា

ធនាគារជាតិនៃកម្ពុជាបានជាប់ជាធនាគារកណ្តាលឆ្នាំ២០២១ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក លើការគ្រប់គ្រងប្រព័ន្ធធនាគារបានល្អប្រសើរ ដែលបានរួមចំណែកជំរុញកំណើន និងរក្សាស្ថិរភាពសេដ្ឋកិច្ច ក្នុងស្ថានភាពដែលកម្ពុជាទទួលរងផលប៉ះពាល់ពីឥទ្ធិពលនៃការរីករាលដាលនៃជំងឺកូវីដ-១៩។

ការផ្តល់ចំណាត់ថ្នាក់នោះ ត្រូវបានធ្វើឡើងដោយ The Banker ដែលជាភ្នាក់ងារប្រមូលផ្តុំទិន្នន័យនិងផ្សព្វផ្សាយព័ត៌មានផ្នែកសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសកលលោក ក្រោយពីបានវាយតម្លៃលើសមិទ្ធផលដែលធនាគារជាតិនៃកម្ពុជាទទួលបាននារយៈពេលកន្លងមក។ The Banker បានវាយតម្លៃខ្ពស់ថា ក្រោមការដឹកនាំរបស់លោកជា ចាន់តូ ធនាគារជាតិនៃកម្ពុជាទទួលបានលជោគជ័យក្នុងការគ្រប់គ្រងប្រព័ន្ធធនាគារបានល្អប្រសើរ ក្នុងដំណាក់កាលដែលកម្ពុជា ក៏ដូចជាពិភពលោកកំពុងជួបនឹងវិបត្តិនៅឆ្នាំ២០២០ កន្លងទៅ។

The Banker បានកត់សម្គាល់ថា កម្ពុជាបានគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព។ ទោះយ៉ាងណា កម្ពុជាក៏បានរងផលប៉ះពាល់ដោយសារការធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរនៃចំណូលវិស័យទេសចរណ៍ និងបានទទួលរងគ្រោះទឹកជំនន់រយៈពេលខ្លី។ កំណើនសេដ្ឋកិច្ចត្រូវបានរំពឹងថានឹងអាចធ្លាក់ចុះដល់-១,៩% នៅឆ្នាំ២០២០។ ដើម្បីចូលរួមកាត់បន្ថយផលប៉ះពាល់នៃការធ្លាក់ចុះនិងបញ្ហាប្រឈមទាំងនោះ ធនាគារជាតិនៃកម្ពុជាបានដាក់ចេញនូវវិធានការគាំទ្រមួយចំនួនដល់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ក្នុងនោះរួមមាន ការរៀបចំឥណទានឡើងវិញដែលបានដាក់ឱ្យអនុវត្តកាលពីខែមីនា ឆ្នាំ២០២០កន្លងមក និងបន្តអនុវត្តដល់ដំណាច់ខែមិថុនា ឆ្នាំ២០២១នេះ។

ការរៀបចំឥណទានឡើងវិញត្រូវបានអនុញ្ញាតរហូតដល់ទៅ៣ដង ដោយមិនមានប៉ះពាល់ដល់ចំណាត់ថ្នាក់ឥណទាននោះទេ។ បទប្បញ្ញត្តិបន្ថែមរួមមាន ការកាត់បន្ថយអត្រាការប្រាក់ និងការលើកលែងថ្លៃសេវា ជាដើម ។ ការដាក់ចេញនោះ បានធ្វើឱ្យឥណទានមិនដំណើរការស្ថិតក្នុងកម្រិតទាប២,៥%។ កម្ពុជាក៏បានជំរុញការប្រើប្រាស់ប្រព័ន្ធធនាគារឌីជីថល។ ធនាគារជាតិនៃកម្ពុជា បានដាក់ឱ្យដំណើរការជាផ្លូវការនូវប្រព័ន្ធបាគង កាលពីខែតុលា ឆ្នាំ២០២០ ដែលបានរួមចំណែកលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា ដោយសារមានក្រុមហ៊ុនឯកជនជាច្រើនបើកប្រាក់បៀវត្សរ៍ជូនបុគ្គលិករបស់ខ្លួនជាសាច់ប្រាក់នៅឡើយ។

ប្រព័ន្ធបាគងត្រូវបានបង្កើតឡើងដោយប្រើប្រាស់បច្ចេកវិទ្យាប្លុកឆេន និងអាចធ្វើប្រតិបត្តិការទូទាត់បានទាំងជាប្រាក់រៀលនិងប្រាក់ដុល្លារអាមេរិក តាមរយៈទូរស័ព្ទដៃ ដោយអ្នកប្រើប្រាស់អាចស្កេនលេខកូដ ឬវាយបញ្ចូលលេខទូរស័ព្ទរបស់អ្នកទទួលប្រាក់។

ប្រព័ន្ធបាគងមានសមាជិកប្រមាណ ២០ធនាគារ។ ម៉្យាងទៀត រូបិយវត្ថុជាតិក៏ត្រូវបានជំរុញឱ្យប្រើប្រាស់យ៉ាងខ្លាំងក្លាផងដែរ សំដៅជំរុញកំណើនប្រកបដោយចីរភាព និងអភិវឌ្ឍប្រព័ន្ធធនាគារប្រកបដោយប្រសិទ្ធភាព និងជាពិសេសកាត់បន្ថយការពឹងផ្អែកលើប្រាក់ដុល្លារអាមេរិក។ បច្ចុប្បន្ន ការទូទាត់ដែលមានទឹកប្រាក់តិចជាង១០០ដុល្លារអាមេរិកត្រូវបានធ្វើឡើងជាប្រាក់រៀល ខណៈដែលការប្រើប្រាស់ក្រដាស់ប្រាក់ដុល្លារអាមេរិកដែលមានទំហំទឹកប្រាក់តូចបានថយចុះជាបណ្តើរៗ៕កឹម ទៀង

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner