ដំណក់ប្រេងដំបូង អាចនឹងធ្វើឱ្យតម្លៃប្រេងក្នុងទីផ្សារកម្ពុជាប្រែប្រួលឬទេ?

ភ្នំពេញ ៖ ចំពោះមុខដំណឹងល្អនៃការទទួលបានដំណក់ប្រេងនៅកម្ពុជា ប្រជាពលរដ្ឋមួយចំនួនហាក់កំពុងរង់ចាំមើលថា តើផលប្រយោជន៍សេដ្ឋកិច្ចដែលទទួលបានពីដំណក់ប្រេងលើកដំបូងរបស់កម្ពុជាមានលក្ខណៈបែបណា? តើតម្លៃប្រេងនៅលើទីផ្សារកម្ពុជាអាចនឹងចុះថោកដែរឬទេ?

ពាក់ព័ន្ធនឹងបញ្ហានេះ លោកបណ្ឌិត ហុង វណ្ណៈ ប្រធាននាយកដ្ឋានសេដ្ឋកិច្ចអន្តរជាតិនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា បានលើកឡើងថា តាមពិតទៅនៅដំណាក់កាលនេះកម្ពុជាមិនទាន់អាចមានលទ្ធភាពក្នុងការកែច្នៃប្រេងឆៅទៅជាផលិតផលសម្រេចសម្រាប់ប្រើប្រាស់បាននោះទេ តែទោះជាយ៉ាងនេះក្តីក៏រាជរដ្ឋាភិបាលនៅតែអាចទាញយកប្រយោជន៍ជាច្រើនពីប្រេងឆៅទៅជួយសេដ្ឋកិច្ចជាតិបានដែរ។ ចំណុចសំខាន់ដែលរដ្ឋអាចទាញយកប្រយោជន៍ក្នុងដំណាក់កាលនេះ គឺការលក់ប្រេងឆៅឱ្យទៅជាលុយ ហើយបង្វែរលុយនេះទៅចាក់ចូលក្នុងសេដ្ឋកិច្ចជាតិវិញ។

ពាក់ព័ន្ធនឹងតម្លៃប្រេងសាំងក្នុងស្រុកវិញ លោកបណ្ឌិតបានបញ្ជាក់ថា ៖ «បើទោះបីជាយើងមិនទាន់អាចកែច្នៃប្រេងឆៅឱ្យទៅជាប្រេងសាំងសម្រាប់ប្រើប្រាស់ក្នុងប្រទេសបានក៏ដោយ ក៏យើងទំនងជាមានវិធីជាច្រើនទៀតដើម្បីធ្វើឱ្យតម្លៃប្រេងធ្លាក់ចុះ»។

អ្នកជំនាញសេដ្ឋកិច្ចរូបនេះបានបញ្ជាក់ថា ៖ «ការកំណត់តម្លៃប្រេងបច្ចុប្បន្នគឺផ្អែកលើទីផ្សារអន្តរជាតិ បូកបន្ថែមជាមួយតម្លៃពន្ធដែលត្រូវបង់ចូលរដ្ឋ។ ហេតុនេះនៅពេលរដ្ឋទទួលបានចំណូលច្រើនពីប្រេងឆៅ នោះរដ្ឋអាចនឹងកាត់បន្ថយតម្លៃប្រេងតាមរយៈការយកតម្លៃសាច់ប្រាក់ពីការលក់ប្រេងឆៅបានមួយចំនួនមកជួយទប់តម្លៃពន្ធដែលអាចនឹងធ្វើឱ្យតម្លៃប្រេងធ្លាក់ចុះបានខ្លះ ហើយប្រសិនបើកម្រៃពីការលក់ប្រេងឆៅនេះមានចំនួនច្រើន នោះរដ្ឋនឹងអាចកាត់ពន្ធបានទាំងស្រុងដែលអាចធ្វើឱ្យពលរដ្ឋទទួលបានតម្លៃសមរម្យបំផុតទៅតាមទីផ្សារអន្តរជាតិ»។

លោកបណ្ឌិត ហុង វណ្ណៈ បាននិយាយាថា ៖ « ឧបមាថា ប្រេងសាំងបច្ចុប្បន្នមានតម្លៃ 3,000រៀល ក្នុងនោះគឺគិតរួចជាស្រេចនូវតម្លៃប្រេងពីទីផ្សារអន្តរជាតិ និងតម្លៃពន្ធអាករបន្ថែម (VAT) ហេតុនេះប្រសិនបើរដ្ឋយកថវិកាដែលបានពីចំណូលក្នុងវិស័យប្រេងមកជួយបន្ថយតម្លៃពន្ធអាករបន្ថែមនេះ តម្លៃប្រេងសាំងអាចនឹងធ្លាក់ចុះខ្លះ»។

ទោះជាយ៉ាងនេះក្តី បើតាមអ្នកជំនាញខាងលើបានបញ្ជាក់ថា ការទទួលបានប្រេងឆៅនៅពេលនេះ មិនអាចធ្វើឱ្យតម្លៃប្រេងឥន្ទនៈសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃនាពេលបច្ចុប្បន្នប្រែប្រួល ឬអាចទទួលបានផលប្រយោជន៍ចាក់ចូលក្នុងសេដ្ឋកិច្ចច្រើនភ្លាមៗនោះទេ ព្រោះកម្ពុជាទើបតែអាចទាញយកបានពីប្លុកមួយក្នុងចំណោមប្លុកប្រមាណ 5ទៀតនៅកម្ពុជា។ ហេតុនេះវាត្រូវការពេលវេលាដើម្បីធ្វើផែនការ និងការរៀបចំជាច្រើនទៀតដើម្បីធានាថាផលប្រយោជន៍អាចត្រូវបានប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពខ្ពស់សម្រាប់ប្រជាជន និងសេដ្ឋកិច្ចជាតិ។

គួរបញ្ជាក់ផងដែរថា តាមការប៉ាន់ស្មានសម្រាប់ការទាញយកប្រេងឆៅពីតំបន់អប្សរាលើកដំបូងស្ថិតនៅក្នុងប្លុកA របស់កម្ពុជាមួយនេះមានប្រមាណ 30លានបារ៉ែលនៅក្នុងដំណាក់កាលទី១ ដោយក្នុងមួយថ្ងៃអាចទាញបានប្រមាណ 7,500 បារ៉ែល៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner