លោក ដូណាល់ ត្រាំ ក្លាយជាប្រធានាធិបតីដំបូងបង្អស់ក្នុងប្រវត្តិសាស្រ្តអាមេរិក ដែលត្រូវសភាតំណាងរាស្ត្របោះឆ្នោតដកតំណែងជាលើកទី២ (Video)
អាមេរិក៖ លោក ដូណាល់ ត្រាំ ក្លាយជាប្រធានាធិបតីសហរដ្ឋអាមេរិកដំបូងគេបង្អស់ក្នុងប្រវត្តិសាស្រ្តអាមេរិក ដែលត្រូវបានសមាជិកសភាតំណាងរាស្រ្តគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យ បោះឆ្នោតទម្លាក់ពីតំណែងជាលើកទី២ នៅថ្ងៃពុធនេះ ពីបទញុះញង់ឱ្យក្រុមអ្នកគាំទ្ររបស់លោក សម្រុកចូលអុកឡុងវិមានសភាកាលពីសប្ដាហ៍មុន នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ ។
ការចាប់ផ្ដើមនីវិតិធីដកតំណែងលោក ត្រាំ ដោយសភាតំណាងរាស្ត្រខាងលើនេះ ធ្វើឡើងជាការឆ្លើយតបទៅនឹងភាពចលាចល និង អំពើហិង្សានៅវិមានសភា កាលពីថ្ងៃទី០៦ ខែមករា ដើម្បីរារាំងការទទួលស្គាល់លោក ចូ បៃដិន ជាប្រធានា ធិបតីថ្មីរបស់សហរដ្ឋអាមេរិក ។
សភាតំណាងរាស្ត្រគ្រប់គ្រងដោយបក្សប្រជាធិបតេយ្យ បានបោះឆ្នោតគាំទ្រលើនីតិវិធីដកតំណែងលោក ដូណាល់ ត្រាំ ក្នុងសំឡេងគាំទ្រ២៣២ ទល់នឹង១៩៧សំឡេង ។ នៅក្នុងការបោះឆ្នោតនេះដែរ ក៏មានសមាជិកសភាតំណាងរាស្ត្រមកពីគណបក្សសាធារណរដ្ឋយ៉ាងហោច១០រូប បានបោះឆ្នោតគាំទ្រនីតិវិធីដកតំណែងលោក ត្រាំផងដែរ ៕


