កងទ័ព១ម៉ឺន៥ពាន់នាក់ត្រូវបានដាក់ពង្រាយក្នុងរដ្ឋធានីវ៉ាស៊ីនតោន ដើម្បីធានាសន្តិសុខនៅថ្ងៃលោក ចូ បៃដិន ស្បថចូលកាន់តំណែង (Video)
អាមេរិក៖ កងទ័ពឆ្មាំការពារជាតិអាមេរិក១ម៉ឺន៥ពាន់នាក់ ត្រូវបានដាក់ពង្រាយទៅកាន់រដ្ឋធានីវ៉ាស៊ីនតោន ដើម្បីធានាសុវត្ថិភាព និងសន្តិសុខ ទុកជាមុន និងកំឡុងពិធីស្បថចូលកាន់តំណែងជាប្រធានាធិបតីទី៤៦ របស់លោក ចូ បៃដិន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ ។
កាលពីថ្ងៃទី០៦ ខែមករាកន្លងទៅ ក្រុមអ្នកគាំទ្រប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានសម្រុកចូលអុកឡុកវិមានសភា ដើម្បីរារាំងការទទួលស្គាល់លោក ចូ បៃដិន ជាប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិក ។
នៅក្នុងភាពចលាចលដ៏ហិង្សានោះ បណ្តាលអោយមនុស្ស០៥នាក់បាត់បង់ជីវិត ក្នុងនោះមានមន្ត្រីប៉ូលិសម្នាក់ ហើយបន្ទាប់ពីភាពចលាចលនេះដែរ ទីភ្នាក់ងារ FBI បានព្រមានថា បាតុកម្មប្រដាប់ដោយអាវុធ និងអំពើហិង្សា អាចនឹងផ្ទុះឡើងនៅថ្ងៃលោក បៃដិន ស្បថឡើងកាន់តំណែងជាប្រធានាធិបតី ៕

