ប្រធានាធិបតីរុស្ស៊ីបញ្ជាអោយចាប់ផ្តើមចាក់វ៉ាក់សាំង Sputnik V ដើម្បីបង្ការវីរុស Covid-19 ក្នុងទ្រង់ទ្រាយធំជូនដល់ប្រជាជនទាំងអស់
រុស្ស៊ី៖ ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន បញ្ជាអោយរដ្ឋាភិបាលរបស់លោកចាប់ផ្តើមចាក់វ៉ាក់សាំង COVID-19 ទ្រង់ទ្រាយធំនៅសប្តាហ៍ក្រោយ ដោយចាក់ជូនប្រជាជនរុស្ស៊ីទាំងអស់ ចំពេលដែលពលរដ្ឋជាង១.៥លាននាក់បានចាក់វ៉ាក់សាំងរួចរាល់ហើយ នេះបើតាមសារព័ត៌មាន RT នៅយប់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ។
តាមរយៈកិច្ចប្រជុំអនឡាញជាមួយគណៈរដ្ឋមន្ត្រីរបស់ខ្លួន លោក ពូទីន បាននិយាយថា ខ្ញុំស្នើសុំអោយពួកអ្នកចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំង COVID-19 ជូនដល់ពលរដ្ឋទាំងមូលនៅសប្តាហ៍ក្រោយ ។
ស្របពេលជាមួយគ្នានេះដែរ ឧបនាយករដ្ឋមន្ត្រីរុស្ស៊ីលោក តាធៀណា ហ្គោលីកូវ៉ា បាននិយាយថា អាជ្ញាធរនឹងត្រៀមខ្លួន ដើម្បីពង្រីកកម្មវិធីចាក់វ៉ាក់សាំងបង្ការកូវីដ១៩ ដោយចាប់ផ្តើមនៅថ្ងៃចន្ទសប្តាហ៍ក្រោយនេះតែម្តង ៕

