មន្រ្តីជាន់ខ្ពស់អង្គការ WHO ព្រមានថា វីរុស Covid-19 ឆ្នាំទី២ អាចនឹងធ្ងន់ធ្ងរជាងឆ្នាំទី១ទៅទៀត (Video)
ស្វីស៖ អង្គការសុខភាពពិភពលោក WHO នៅថ្ងៃពុធនេះនិយាយថា ជំងឺកូវីដ១៩ឆ្នាំទី២នេះ អាចនឹងមានសភាពធ្ងន់ធ្ងរជាងឆ្នាំដំបូងទៅទៀត ជាពិសេសនៅអឌ្ឍគោលខាងជើង ពីព្រោះវីរុសទម្រង់ថ្មីកំពុងឆ្លងរីករាលដាលយ៉ាងឆាប់រហ័ស នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ ។
មន្ត្រីផ្នែកសង្គ្រោះបន្ទាន់របស់អង្គការសុខភាពពិភពលោក WHO លោក ម៉ៃ រីយ៉ាន បញ្ជាក់ថា យើងនឹងឈានចូលដល់ឆ្នាំទី២នៃរោគរាតត្បាតនេះ ហើយវារឹតតែពិបាកថែមទៀត ដោយសារតែសក្ដានុពលនៃការចម្លង និង បញ្ហាមួយចំនួនដែលយើងកំពុងជួបប្រទះ ។ លោក រីយ៉ាន បន្ថែមទៀតថា ពិតណាស់ នៅអឌ្ឍគោលខាងជើង ជាពិសេសនៅអឺរ៉ុប និងអាមេរិកខាងជើង យើងបានឃើញថាមានពិធីបុណ្យានានា ភាពត្រជាក់ ប្រជាជនស្នាក់ខាងក្នុងផ្ទះ ការជួបជុំ និងការរួមបញ្ចូលកត្តាជាច្រើន ដែលជំរុញអោយមានការចម្លងកាន់តែខ្លាំងនៅក្នុងប្រទេសជាច្រើន ។
សូមជម្រាបថា ជំងឺ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៩២លាន៧៤ម៉ឺន៧ពាន់៩០៤ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន១លាន៩៨ម៉ឺន៥ពាន់៤០៥នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៦៦លាន២៧ម៉ឺន៦ពាន់៣៤៤នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ ៕

