ទំនិញមានផ្ទុកសារធាតុគីមីហាមឃាត់បូរ៉ាក់សរុបជាង១៤គីឡូក្រាម ត្រូវបានមន្ត្រីសាខាកាំកុងត្រូលខេត្តឧត្តរមានជ័យ រកឃើញ និងដកហូតយកទៅកំទិចចោល

មន្ត្រីសាខាកាំកុងត្រូលខេត្តឧត្តរមានជ័យ នៅថ្ងៃ១៤មករាឆ្នាំ២០២១ ដោយមានការសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត អាជ្ញាធរដែនដី និងគណៈកម្មការផ្សារ បានបន្តការងារចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ និងធ្វើការត្រួតពិនិត្យទំនិញដែលជាគ្រឿងឧបភោគ នៅផ្សាថ្មីអន្លង់វែង ស្ថិតក្នុងភូមិអូរចិញ្ជៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

ក្នុងសកម្មភាពនោះ មន្ត្រីជំនាញបានធ្វើវិភាគបឋមទៅលើគំរូម្ហូបអាហារចំនួន១៤គំរូដូចជា ពពុះសណ្ដែក នំបញ្ចុក បាញ់កញ់ មីសួរ សរសៃលត ណែមសាច់ត្រី និងណែមត្រចៀកជ្រូក ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញទំនិញផ្ទុកសារធាតុគីមីហាមឃាត់បូរ៉ាក់រួមមាន ពុះសណ្ដែកចំនួន១២គីឡូក្រាម, បាញ់កាញ់ចំនួន២គីឡូក្រាមកន្លះ។

បន្ទាប់មកមន្រ្តីជំនាញបានធ្វើកំណត់ហេតុដកហូតផលិតផលទាំងនោះ មករក្សាទុកដើម្បីដុតកម្ទេចចោលនាពេលក្រោយតាមនីតិវិធី។ ទន្ទឹមនឹងនោះមន្ត្រីជំនាញក៏បានធ្វើការណែនាំដល់អាជីវករផ្សេងទៀត ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ព្រមទាំងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕កឹម ទៀង

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner