អគ្គនាយករងអន្តោប្រវេសន៍ អញ្ជើញចុះមកត្រួតពិនិត្យ និងពង្រឹងកងកម្លាំងនគរបាលអន្តោប្រវេសន៍ នៅព្រំប្រទល់កម្ពុជា ថៃ ខេត្តប៉ៃលិន

នៅព្រឹកថ្ងៃទី១៤មករាឆ្នាំ២០២១ នាយឧត្តមសេនីយ៍ ឃុន សំបូរ អគ្គនាយករងអន្តោប្រវេសន៍ បានអញ្ជើញចុះមកត្រួតពិនិត្យ និងពង្រឹងកងកម្លាំងនគរបាលអន្តោប្រវេសន៍ នៅប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន។ ក្នុងការចុះមកត្រួតពិនិត្យនោះ នាយឧត្តមសេនីយ៍ ឃុន សំបូរ បានណែនាំឲ្យកម្លាំងនគរបាលអន្តោប្រវេសន៍ ត្រូវពង្រឹងនូវកិច្ចការមួយចំនួនដូចជា ការងារជំនាញអន្តោប្រវេសន៍ ដោយច្រកទ្វារព្រំដែនអន្តរជាតិទាំងអស់ នៅក្នុងដំណាក់ការបិទព្រំដែន ប៉ុន្តែនៅមានការអនុវត្តការយោគយល់គ្នាទៅវិញទៅមក ពាក់ព័ន្ធការអនុញ្ញាតឲ្យទំនិញចេញ-ចូល ដោយមានអ្នកបើកបរពី ១ ទៅ ២នាក់, ការសម្របសម្រួលឲ្យពលករខ្មែរ ត្រឡប់ពីប្រទេសថៃចូលមកកម្ពុជាវិញ និងមានការសម្របសម្រួលគណៈប្រតិភូខ្លះ នៅពេលដែលមានការជូនដំណឹងឲ្យគ្នាទៅវិញទៅមក។

លោកបានណែនាំឲ្យមន្ត្រីនគរបាលអន្តោប្រវេសន៍ ត្រូវអនុវត្តកិច្ចការជំនាញអន្តោប្រវេសន៍ ឲ្យបានម៉ត់ចត់ក្នុងការបញ្ចូលទិន្នន័យទៅក្នុងប្រព័ន្ធ ហើយនិងការកសាងលិខិតបទដ្ឋានមួយចំនួន បម្រើឲ្យផ្លូវច្បាប់ រួមទាំងការពង្រឹងការពិនិត្យមុខសញ្ញាបញ្ជីខ្មៅ (Alert List) របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងការគ្រប់គ្រងពង្រឹងមន្ត្រីរបស់ខ្លួនឲ្យល្អប្រសើរ។ ចំពោះការងារការពារការរាតត្បាតជម្ងឺកូវីដ-១៩ នាយឧត្តមសេនីយ៍ បានណែនាំឲ្យមន្ត្រីនគរបាលអន្តោប្រវេសន៍ ត្រូវចូលរួមសហការឲ្យបានម៉ត់ចត់ ជាមួយក្រុមការងារចត្តាឡីស័ក នៅក្នុងការត្រួតពិនិត្យដែនសមត្ថកិច្ចស្លាបឆ្វេង-ស្ដាំរបស់ខ្លួន ដើម្បីកុំឲ្យមានការជ្រៀតចូលរបស់ពលករខ្មែរ ពីប្រទេសថៃចូលមកក្នុងប្រទេស លួចលាក់មិនបានចូលធ្វើចត្តាឡីស័ក នៅក្នុងមណ្ឌលសុវត្ថិភាព និងសហការជាមួយកងកម្លាំងផ្សេងៗ ដើម្បីទប់ស្កាត់ការលួចជ្រៀតចេញរបស់ពលករខ្មែរ ទៅក្នុងប្រទេសថៃវិញ។

ការងារអនុវត្តច្បាប់ពាក់ព័ន្ធមុខសញ្ញាដែលមានដីកាតុលាការ លោកបានណែនាំឲ្យមន្ត្រីនគរបាលអន្តោប្រវេសន៍ ត្រូវទទួលខុសត្រូវ អ្វីដែលជាភារកិច្ចរបស់ខ្លួន និងការសហការជាមួយកម្លាំងសមត្ថកិច្ច ដែលបានឈរជើងនៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិ, ការឃ្លាំមើលអ្នកដំណើរ ដែលជិះនៅលើរថយន្តដឹកទំនិញ, ការជ្រៀតចូលតាមព្រំដែន និងការសហការជាមួយភាគីថៃ ដើម្បីដោះដូរ និងផ្ដល់ព័ត៌មានឲ្យគ្នាទៅវិញទៅមក ឲ្យបានមុនការដោះស្រាយអនុវត្តដីកា។

ក្រៅពីនោះ នាយឧត្តមសេនីយ៍ ឃុន សំបូរ ក៏បានផ្ដាំផ្ញើឲ្យមន្ត្រីនគរបាលអន្តោប្រវេសន៍ ត្រូវចេះការពារជម្ងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានម៉ត់ចត់ ដូចជា ការពាក់ម៉ាស់, ពាក់របាំងមុខ, បាញ់អាល់កុលសម្អាតសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ, ពាក់ស្រោមដៃ, គិតពីគម្លាតសុវត្ថិភាព, លាងសម្អាតខ្លួនប្រាណដោយសាប៊ូញឹកញាប់ និងកាត់បន្ថយការដើរហើរ ពីតំបន់មួយទៅតំបន់មួយដែលពុំចាំបាច់៕កឹម ទៀង

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner