ឯកឧត្តម ប៉ោ ពុទ្ធារិទ្ធ នាំយកទេយ្យវត្ថុ និងបច្ច័យរបស់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាក្នុងវត្ដរាជបូព៌នៃសៀមរាប ដើម្បីទ្រទ្រង់ចង្ហាន់ ក្នុងអំឡុងពេលវិបត្តិកូវីដ.១៩

អត្ថបទដោយ៖
Kien Sereyvuth

សៀមរាប៖ នៅរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០នេះ ឯកឧត្តម ប៉ោ ពុទ្ធារិទ្ធ ទីប្រឹក្សាក្រសួងព័ត៌មាន និង ជានាយករងខុទ្ទកាល័យក្រសួងព័ត៌មាន និងលោកជំទាវ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ រួមជាមួយនឹងថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តសៀមរាប បាននាំយកទេយ្យវត្ថុជាគ្រឿង ឧបភោគបរិភោគ ជាអំណោយរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ប្រគេនដល់ព្រះសង្ឃគង់ក្នុងវត្តរាជបូព៌ ស្ថិតក្នុងសង្កាត់សាលាកំរើក ក្រុងសៀមរាប ដើម្បីសម្រួលដល់ការធ្វើចង្ហាន់ប្រចាំថ្ងៃ ខណៈវិបត្តិជំងឺកូវីដ,១៩ នៅតែបន្តគម្រាមកំហែងនៅក្នុងសកលលោក ក៏ដូចជានៅក្នុងប្រទេសកម្ពុជាផងដែរ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម លីវ សុខុន ទីប្រឹក្សាក្រសួងព័ត៌មាន និង ជាប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប បានមានប្រសាសន៍ថា៖ ទោះបីស្ថានភាពជំងឺកូវីដ១៩ នៅប្រទេសកម្ពុជា មានសភាពធូរស្រាលក៏ដោយ ក៏រាជរដ្ឋាភិបាលកម្ពុជា នៅតែចាត់ទុកការបង្ការទប់ស្កាត់ជំងឺកូវីដ១៩ នៅកម្ពុជាជាបញ្ហាអាទិភាព ក្នុងគោលបំណងចៀសវាងនូវរលកទី២ ដែលអាចកើតមានគ្រប់ពេលវេលា ប្រសិនបើប្រជាពលរដ្ឋយើងមានការធ្វេសប្រហែសក្នុងការការពារ ។

ឯកឧត្តម លីវ សុខុន មានប្រសាសន៍បន្ថែមថា ដោយសារបញ្ហាជំងឺកូវីដ១៩នេះ បានធ្វើឲ្យទីវត្តអារាមនានា មានសភាពស្ងប់ស្ងាត់ ដែលអាចបណ្ដាលឲ្យមានការខ្វះខាតចង្ហាន់របស់ព្រះសង្ឃ ដូច្នេះដើម្បីឆ្លើយតបក្នុងកាលៈទេសៈដ៏លំបាកនេះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ បានប្រគេននូវទេយ្យវត្ថុ ជាគ្រឿងឧបភោគបរិភោគ រួមមាន អង្ករ ១តោន , ទឹកបរិសុទ្ធ ១០ កេស , ទឹកសណ្តែក ១០កេស , ក្រូចពោធិ៍សាត់ ៥ផ្លូន , ត្រីខកំប៉ុង ១០០កំប៉ុង និងប្រគេន ព្រះគ្រូចៅអធិការវត្តនូវបច្ច័យចំនួន ៤០០ ដុល្លារ , ព្រះសង្ឃចំនួន ៤អង្គ ក្នុងមួយអង្គ បច្ច័យចំនួន១០ម៉ឺនរៀល , លោកតាអាចារ្យ គណៈកម្មការវត្ត តាជី និងយាយជី ចំនួន៣៨នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ២ម៉ឺនរៀល , ចុងភៅប្រចាំវត្ត និងកូនសិស្សលោក សរុបចំនួន២៨នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ១ម៉ឺនរៀល ។

ព្រះតេជគុណ ព្រះមហា វិមលធម្ម ពិន សែម សិរីសុវណ្ណោ ព្រះរាជាគណៈថ្នាក់ទោ គណៈមហានិកាយ ជាឧត្តមទីប្រឹក្សាគណៈសង្ឃនាយក និងជាសមាជិកថេរៈសភានៃព្រះពុទ្ធសាសនានៃព្រះរាជាណាចក្រកម្ពុជា បានមានសង្ឃដីកាសម្ដែងនូវសេចក្ដីរីករាយក្រៃលែង ចំពោះឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវ ដែលបានឧបត្ថម្ភនូវទេយ្យវត្ថុទាំងអស់នេះ ដែលទាំងអស់នោះសរបញ្ជាក់ឲ្យឃើញកាន់តែច្បាស់បន្ថែមទៀត ចំពោះទឹកចិត្តជ្រះថ្លារបស់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ដែលបានចូលរួមដោយចិត្តជ្រះថ្លា ក្នុងការលើកកម្ពស់វិស័យពុទ្ធសាសនានៅគ្រប់កាលៈទេសៈ ជាពិសេសក្នុងអំឡុងពេលវិបត្តិ នៃជំងឺកូវីដ.១៩នេះ ដែលទីអារាមនានាក្នុងខេត្តសៀមរាប ពុំមានប្រារព្ធពិធីសាសនា លក្ខណៈទ្រង់ទ្រាយធំណាមួយឡើយ ដែលជាការចូលរួមគោរពតាមសេចក្ដីណែនាំ របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងសុខាភិបាល ដើម្បីបង្ការទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺកូវីដ.១៩ ។

ក្នុងឱកាសនោះដែរ ព្រះតេជគុណ ព្រះមហាវិមលធម្ម ពិន សែម បានថ្លែងអំណរគុណចំពោះឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលនារយៈពេលកន្លងមក តែងតែបានជួយសម្របសម្រួលបច្ចេកទេសដល់ការផ្សាយ នៃវិទ្យុសំឡេងព្រះពុទ្ធសាសនាក្នុងខេត្តសៀមរាប ក៏ដូចជាវិទ្យុផ្សព្វផ្សាយព្រះធម៌ព្រះពុទ្ធសាសនានៅទូទាំងប្រទេស ដើម្បីជួយអប់រំសីលធម៌ ផ្លូវចិត្តជាដើម ដល់ប្រជាពុទ្ធបរិស័ទខ្មែរទាំងអស់ ។

ព្រះតេជគុណ ព្រះមហាវិមលធម្ម ពិន សែម មានសង្ឃដីកាបន្ថែមថា នាបច្ចុប្បន្នេះ ស្ថានភាពជំងឺកូវីដ.១៩ បាននឹងកំពុងបន្តឆ្លងរាលដាលដល់មនុស្សយើងនៅទូទាំងពិភពលោករាប់លាននាក់ ព្រមទាំងបណ្ដាលឲ្យមានមនុស្សស្លាប់រាប់សិបម៉ឺននាក់ទៀតផង ដោយឡែកសម្រាប់ប្រទេសកម្ពុជាយើង ថ្វីត្បិតតែមានមនុស្សចំនួន១២៥នាក់ បានឆ្លងជំងីកូវីដ.១៩ ជាករណីនាំចូល ប៉ុន្តែគ្មានអ្នកស្លាប់ ហើយបានព្យាបាលជាសះស្បើយរហូតដល់ទៅ១២៣នាក់ និង អ្នកជំងឺចំនួន២នាក់ទៀតកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ហើយអាចនឹងឈានទៅរកជាសះស្បើយក្នុងពេលឆាប់ៗខាងមុខនេះ ជាពិសេសជាភ័ព្វសំណាងរបស់កម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់ និងមានប្រសិទ្ធភាពក្នុងការបង្ការ ការការពារ និងការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ បានទាន់ពេលវេលា ៕ធ.ដ

ដោយ ស៊ាន សុផាត

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner